ស្ថានភាព​នយោបាយ​តានតឹង​នឹង​ធ្វើ​អោយ​តម្លៃ​ដី និង​ផ្ទះ​ធ្លាក់​ចុះ

បើសិនជា​ស្ថានភាព​នយោបាយ​ប្រទេស​កម្ពុជា​នឹង​បន្ត​តានតឹង​ខ្លាំង​ឡើង​ៗ​រហូត​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​២០១៨ វា​នឹង​ជះ​ឥ​ទ្ធិ​ពល​អាក្រក់​ដល់​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ វិស័យ​អចលន​ទ្រព្យ ពិសេស​សំណង់ ​និង​ផ្ទះ​សម្បែង​។

នៅ​ពេល​ដែល​ស្ថានភាព​នយោបាយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដប្រជា វិនិយោគិន​នឹង​ញញើត​នៅ​ក្នុង​ការ​សម្រេចចិត្ត​មក​បណ្តាក់ទុន​។ គម្រោង​វិនិយោគ​ធំ​ៗ​នឹង​គាំង​ទ្រឹង​។ ការ​ប៉ះពាល់​នឹង​ឃើញច្បាស់​ជាងគេ​ទៅ​លើ​វិស័យ​សំណង់​ដែល​កំពុង​តែ​រីក​ព្រោងព្រាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ការ​ប៉ះពាល់​បាន​កើត​មាន​ជា​បណ្តើរ​ៗ​ហើយ នៅ​ពេល​ដែ​សំណង់ផ្ទះ​ល្វែង ​និង​ខន់​ដូ​ជា​ច្រើន​ពិបាក​នឹង​ស្វែងរក​អ្នកទិញ​។ ដីធ្លី​វិញ​ ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ ពិបាក​លក់​ចេញ​ហើយ​តម្លៃ​ក៏​គាំង​ទ្រឹង​ដែរ។

វិស័យ​សំណង់ ​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​មួយ​ដែល​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ដូច្នេះ​ការ​ធ្លាក់​ចុះ​វិស័យ​សំណង់​នឹង​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​។

ដំណើរ​អវិជ្ជមាន​បែប​នេះ​នឹង​រឹ​ងតែ​ធ្ងន់ធ្ងរ បើសិនជា​ស្ថានភាព​នយោបាយ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ​ដោយ​គ្មាន​ដំណោះស្រាយ​ពិតប្រាកដ ​ដើម្បី​ធានា​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ដូច្នេះ​វា​ចាំបាច់​ណាស់​ដែល​អ្នកនយោបាយ​កម្ពុជា ​នាំ​គ្នា​បន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ​ ដើម្បី​ធ្វើ​អោយ​វិនិយោគិន​មិន​មានការ​ភ័យ​ខ្លាច​នៅ​ក្នុង​ការ​បណ្តាក់ទុន​នៅ​កម្ពុជា​។ កាលបើ​គ្មាន​ការ​វិនិយោគ​គម្រោង​ថ្មី​ៗ​ ហើយ​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់​ជាប់​គាំង​នោះ ដំណើរការ​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​នឹង​យឺត​ជាង​មុន​ដោយ​ធ្វើ​អោយ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​។

ចំណែក​ចំណូល​របស់​ប្រជាជន​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ផង​ដែរ កាលបើ​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​មិន​មាន​ភាព​រស់​រវើក​។

ដើម្បី​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​ភាព​រស់​រវើក​របស់​វា អ្នកនយោបាយ​មិន​ត្រូវ​ឈ្លោះ​គ្នា​យ៉ាង​ក្ឌុង​ក្ឌាំង​គួរ​អោយ​ភ័យ​ខ្លាច​នោះ​ឡើយ​។ គេ​ត្រូវ​តែ​ផ្តល់​រូបភាព​កម្ពុជា​ដ៏​ស្ថិរភាព​ និង​សន្តិភាព​មួយ​សម្រាប់​អ្នក​វិនិយោគ​៕