Samsung ផ្គត់ផ្គង់​បន្ទះ Super AMOLED ដល់ Apple ពង្រីក​ចំណូល មិន​ខ្លាច​ការ​ប្រជែង

Samsung បាន​សហការ​ផ្គត់ផ្គង់​បន្ទះ Super AMOLED ដល់ Apple ដើម្បី​ពង្រីក​ចំណូល​របស់​ខ្លួន ដោយ​មិន​ខ្លាច​រអា​ចំពោះ​ការ​ប្រកួតប្រជែង​ទៅ​ថ្ងៃ​ក្រោយ។

 

Samsung ផ្គត់ផ្គង់​បន្ទះ Super AMOLED ដល់ Apple ពង្រីក​ចំណូល មិន​ខ្លាច​ការ​ប្រជែង

 

ចំពោះ​ការ​សម្រេច​ផ្គត់ផ្គង់​បន្ទះ​អេក្រង់ Super AMOLED សម្រាប់ iPhone ជំនាន់​ក្រោយ​ លោក សុខ ឡេង ប្រធាន​​ផ្នែក​ទំនាក់ទំនង​​របស់​ក្រុមហ៊ុន Samsung ប្រចាំ​ប្រទេស​កម្ពុជា អះអាង​ថា ក្រុមហ៊ុន​គិត​ផល​ប្រយោជន៍​ជា​ធំ ទោះ​បី Apple ជា​គូប្រជែង​ទីផ្សារ​ស្មាតហ្វូន​របស់​ខ្លួន​ក្តី។

 

លោក​ថា ទោះ iPhone ស៊េរី​ក្រោយ​បំពាក់​កញ្ចក់ Super AMOLED ដូច​ត្រកូល Galaxy S ពិត​មែន ក៏ Samsung នឹង​នៅ​តែ​អាច​គ្រប់គ្រង​ទីផ្សារ​បាន​ល្អ ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​ទំនើប​បំពាក់​លើ​ត្រកូល Galaxy ទាំង​នោះ។ ផ្ទុយ​ទៅ​វិញ​​ការ​ផ្គត់ផ្គង់​ Super AMOLED នឹង​ធ្វើ​ឲ្យ​ចំណូល​របស់​ក្រុមហ៊ុន​រឹតតែ​ធំធាត់។  Samsung ​នឹង​មិន​បន្ធូរ​ដៃ​ចំពោះ​គូប្រជែង​ឡើយ។

 

Super AMOLED ជា​ប្រភេទ​អេក្រង់​អាច​បង្ហាញ​រូបភាព​បាន​ភ្លឺ​ច្បាស់​និង​ម៉ត់​ជាង​អេក្រង់​ប្រភេទ LCD ​បំពាក់​លើ​ត្រកូល iPhone។

 

Samsung បាន​វិនិយោគ​ទឹកប្រាក់​ចន្លោះ​ប្រមាណ​ពី​ ​៦,៦៤ពាន់​លាន​ដុល្លារ ​ដល់​ ​៧,៤៧​ពាន់​លាន​ដុល្លារ ល្មម​អាច​ផលិត Super AMOLED ចំនួន ១០០លាន​បន្ទះ​សម្រាប់ iPhone អេក្រង់ ៥,៥អ៊ីញ នា​ឆ្នាំ ២០១៧៕

 

អត្ថបទ៖ ប៉ែត ផាន់និត