អាមេរិក​ដក​បម្រាម​លក់​អាវុធ​ភ្លាម វៀតណាម​គ្រោង​បញ្ជា​ទិញ​យន្តហោះ​ជាង​៦​គ្រឿង​

វៀតណាម និងកូរ៉េខាងត្បូងត្រូវបានគេមើលឃើញថា កំពុងតែសម្លឹងរកទិញយន្តហោះឈ្លបការណ៍ចាស់ៗរបស់អាមេរិកជាច្រើនគ្រឿង ដើម្បីទប់ទល់នឹងការពង្រឹងសមត្ថភាពយោធារបស់ចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង និងការសាកល្បងមីស៊ីលដ៏ញឹកញាប់របស់កូរ៉េខាងជើង ។
នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ វៀតណាមនឹងធ្វើការស្នើសុំទិញយន្តហោះឈ្លបការណ៍ចាស់ៗ P-3 Orion របស់កងទ័ពជើងទឹកអាមេរិក ប្រមាណជា៤ទៅ៦គ្រឿងក្នុងតម្លៃធម្មតា នេះបើយោងតាមការឲ្យដឹងរបស់លោក Clay Fearnow មន្ត្រីប្រតិបត្តិការជាន់ខ្ពស់ របស់ក្រុមហ៊ុនផ្នែកអាកាសចរណ៍ Lockheed កាលពីសប្ដាហ៍មុន នៅក្នុងទីក្រុង Berlin ។
រដ្ឋបាលរបស់លោក Obama បានសម្រេចយ៉ាងពេញលេញ ក្នុងការដកចេញនូវបម្រាមលក់អាវុធដល់វៀតណាម ដែលជាសត្រូវចាស់នោះ គឺជាការបើកផ្លូវមួយដ៏ល្អមួយសម្រាប់វៀតណាម ក្នុងការបំពាក់អាវុធយោធា ឲ្យបានកាន់តែខ្លាំងជាងមុន តែទោះជាយ៉ាងនេះក្ដី រាល់កិច្ចព្រមព្រៀងគ្នាណាមួយ ក្នុងការជួញដូរអាវុធទាំងនោះ នឹងត្រូវស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ ពីសំណាក់រដ្ឋាភិបាលអាមេរិក ។
វៀតណាមជាប្រទេសមួយ ដែលជាប់នឹងព្រំដែនប្រទេសចិន ហើយវាក៏ជាប្រយោជន៍យុទ្ធសាស្ត្រសម្រាប់អាមេរិក ក្នុងគោលនយោបាយសំដៅមកកាន់តំបន់អាស៊ីដែរ ព្រោះប្រទេសទាំង២នេះ សុទ្ធតែសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបំពាក់អាវុធរបស់កងទ័ពចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយទីក្រុងប៉េកាំងបានអះអាងថា ដែនដី៨០%នៃតំបន់នោះ គឺជារបស់ខ្លួន ។
បើការចរចានេះប្រព្រឹត្តទៅបានសម្រេច យន្តហោះ P-3 អាមេរិកដែលចូលនិវត្តន៍ជាច្រើនគ្រឿង ហើយត្រូវគេចតចោលនៅកណ្ដាលវាលខ្សាច់ នឹងត្រូវយកមកជួសជុលឡើងវិញ ដោយបំពាក់ស្លាបថ្មី ប្រព័ន្ធដំណើរការថ្មី រួមទាំងសម្ភារៈប្រឆាំងនាវាមុជទឹកទៀតផង សម្រាប់លក់ដល់វៀតណាម ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន តៃវ៉ាន់បានទិញយន្តហោះឈ្លបការណ៍សម្រាប់កងទ័ពជើងទឹក P-3 នេះ១២គ្រឿង ដោយក្នុងមួយគ្រឿងមានតម្លៃពី៨០ទៅ៩០លានដុល្លារអាមេរិក រួមបញ្ចូលទាំងការបន្ថែមឧបករណ៍បន្ថែមជាច្រើនទៀត ៕

អាមេរិក​ដក​បម្រាម​លក់​អាវុធ​ភ្លាម វៀតណាម​គ្រោង​បញ្ជា​ទិញ​យន្តហោះ​ជាង​៦​គ្រឿង​

ប្រភព៖ kqube

  • អាមេរិក​ដក​បម្រាម​លក់​អាវុធ​ភ្លាម វៀតណាម​គ្រោង​បញ្ជា​ទិញ​យន្តហោះ​ជាង​៦​គ្រឿង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ជីវិតនិងសង្គម
Tags: