នារី​ម្នាក់ ​ត្រូវ​ចោរឆក់​កាបូប​ ពេល​កំពុង​ដើរ​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់ឯង​

នារី​ម្នាក់ ​ត្រូវ​ចោរឆក់​កាបូប​ ពេល​កំពុង​ដើរ​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់ឯង​



ភ្នំពេញ ​៖​ ជន​សង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​​ប៉េអឹម​ខណ្ឌ​ចំការមន​ ចាប់​ឃាត់ខ្លួន​​ បន្ទាប់ពី​យុវជន​រូប​នេះ ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ធំ ទៅ​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ ខណៈ​កំពុង​ដើរ​តាម​ផ្លូវ ប៉ុន្តែ​មិនបាន​សម្រេច។ អំពើ​ឆក់​នេះ​ បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១​៦ នៅ​ចំណុច​មុខក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ផ្លូវ​ព្រះ​មុន្នីវង្ស សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ ដែល​ឃាត់ខ្លួន ឈ្មោះ ទេព ឧ​ត្ត​ម​បណ្ឌិត អាយុ​២៤​ឆ្នាំ ជា​ និស្សិត​ឆ្នាំ​ទី​២​ទៀត​នោះ បាន​ជិះ​ម៉ូតូ​ធំ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1BP-0960 ។ ចំណែក​នារី​រងគ្រោះ ឈ្មោះ អ៊ឹម ស្រីមុំ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មន្ត្រីរាជការ រង​របួស​ដៃ ​និង​ជើង តែ​មិន​មាន​បាត់បង់​អ្វី​ទេ។

សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​ជនរងគ្រោះ​បាន​ដើរ​ចេញពី​ផ្សារ​បឹងត្របែក​ម្នាក់ឯង​ក្នុង​បំណង​ត្រឡប់​ទៅផ្ទះ​វិញ តែ​ពេល​មក​ដល់​ចំណុច​ផ្លូវ​៤៣៦ ​កែង​៩៥ ក៏​មាន​ជនសង្ស័យ​ជិះ​​​ម៉ូតូ​ធំ ពណ៌​ខៀវ ស្លាក​លេខ ភ្នំពេញ 1BP-0960​មួយ​គ្រឿង​ មក​អែប​ក្បែរ រួច​ធ្វើ​សកម្មភាព ឆក់​កាបូប​របស់​ជនរងគ្រោះ ដែល​កំពុង​ដើរ​តាមផ្លូវ ហើយ​ជិះ​គេចខ្លួន​មកដល់​ចំណុច​មុខក្រសួង​ដែនដី ​និង​សំណង់ ក៏​វាក់អើ​នឹង​រថយន្ត​ បណ្ដាលឲ្យ​ដួល​ម៉ូតូ។ បន្ទាប់មក​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ស្រែក​ថា ​ចោរៗ ទើប​កម្លាំង​ជំនាញ​ស៊ីវិល ប៉េអឹម ខណ្ឌ​ចំការមន នៅ​ក្បែរ​នោះ​ ចេញ​មក​អន្តរាគមន៍​ឃាត់ខ្លួន​ជនល្មើស និង​ដក​ហូត​កាបូប​របស់​ជនរងគ្រោះ​ ដែល​វា​បោះចោល​នៅ​ក្បែរ​នោះ​ត្រឡប់មកវិញ។​

បច្ចុប្បន្ន​ ជនសង្ស័យ និង​វត្ថុ​តាង​ រក្សា​ទុក​​នៅ​អាវុធហត្ថ​ខណ្ឌ ចំណែក​កាបូប​ប្រគល់​ឲ្យ​​ជនរងគ្រោះ​វិញ៕

នារី​ម្នាក់ ​ត្រូវ​ចោរឆក់​កាបូប​ ពេល​កំពុង​ដើរ​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់ឯង​