ឈើប្រណិត​មួយរថយន្ត​យី​ឌុប ​ត្រូវ​ជាប់​គាំង​ក្បែរ​​ព្រំដែន​ ដោយសារ​ថៃ​បិទ​ច្រក​

ឈើប្រណិត​មួយរថយន្ត​យី​ឌុប ​ត្រូវ​ជាប់​គាំង​ក្បែរ​​ព្រំដែន​ ដោយសារ​ថៃ​បិទ​ច្រក​



បាត់ដំបង​ ៖​ មួយ​រយៈ​នេះ គ្រប់​បណ្ដា​ច្រករបៀង ដែល​ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​បាន​ភាគី​ថៃ​បិទ​ជា​បណ្ដោះអាសន្ន​ នូវ​ការ​នាំ​ទំនិញ​ធំៗ​ឆ្លងដែន​ចេញពី​កម្ពុជា​ ដែល​ជា​ហេតុ​ធ្វើឲ្យ​ទំនិញ​មួយចំនួន​ត្រូវ​ជាប់​គាំង និង​ត្រូវ​ដេក​រង់ចាំ​តាម​ខ្សែបន្ទាត់​ព្រំដែន​ជា​បណ្ដោះអាសន្ន ទម្រាំ​ដល់​ពេ​ល​វេលា​ដែល​អំណោយផល។

ជាក់ស្តែង​រហូត​មក​ទល់​នឹង​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ គឺ​មាន​ឈើប្រណិត​មួយ​គំនរ ដែល​ស្មើនឹង​ទំហំ​មួយ​រថយន្ត​យី​ឌុប ត្រូវ​បាន​មេ​ឈ្មួញ​ដ៏​ធំ​ប្រចាំ​តំបន់​នេះ ទម្លាក់​ស្តុក​ទុកជា​បណ្ដោះអាសន្ន​ ដោយ​បាន​គ្រប​តង់​យ៉ាង​ស្អាត​នៅ​ក្បែរ​ច្រករបៀង​គីឡូ​៩ ស្ថិត​ក្នុង​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយសារតែ​ច្រក​នេះ​មិនទាន់​អាច​ដឹក​ឆ្លងកាត់​បាន។​

តាម​សម្ដី​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ខាង​លើ​នេះ​បាន​និយាយ​ថា ឈើ​ទាំងនេះ​ភាគ​ច្រើន​ ជា​របស់​មេ​ឈ្មួញ​ ឈ្មោះ ម៉ែ កញ្ញា ដែល​ស្ត្រី​រូប​នេះ​មានការ​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​នឹង​ជំនាញ​គ្រប់​ជាន់ថ្នាក់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការងារ​រក​ស៊ី​របស់​គេ​មាន​ភាព​រលូន​ គ្មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ឡើ​យ។

ប្រភព​ដដែល​បាន​បន្ត​ថា ឈើ​ទាំង​នេះ​គឺ​មិន​មែន​ជា​ប្រភេទ​ឈើ​ក្រហម​ឡើយ តែ​វា​គឺជា​ប្រភេទ​ឈើ​ប្រណិត​ ដែល​មាន​មុខកាត់​ធំៗ​ថែម​ទៀត​ផង ដែល​កន្លងមក​គឺ​គេ​ឧស្សាហ៍​ឃើញ​ហោះហើរ​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន តាម​ច្រក​គីឡូ​៩ នេះ​ជា​ញឹកញាប់ ដោយ​គ្មាន​អ្វី​មក​រារាំង​កិច្ច​ដំណើរការ​នេះ​ឡើយ ដូច្នេះ​គឺ​មានន័យថា ទាំង​កម្លាំង​សឹក​រង​ស្រុក ដែល​ឈរជើង​នៅត្រង់​ច្រក​នេះ ក៏ដូចជា​អង្គភាព​ជំនា​ញ​ដែរ សុទ្ធតែ​ត្រូវ​ដង​ត្រូវ​ផ្លែ​ទាំងអស់​ បានជា​ការ​រក​ស៊ី​ដឹក​ឈើ​ប្រណិត​ពី​កម្ពុជា ទៅ​ថៃ ប្រកបដោយ​ភាព​សុខសាន្ត​យ៉ាងនេះ។

ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន គឺ​ លោក វណ្ណា ដែល​ជា​មេព្រៃ​ប្រចាំ​តំបន់​ស្រុក​សំពៅ​លូន​បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ទេ​ថា មានការ​ស្តុក​ឈើ​ទុក​នៅ​ក្បែរ​ច្រក​គីឡូ​៩​បែបនេះ​នោះ​ទេ ដោយ​សារ​តែ​លោក​រវល់​ចុះ​បេសកកម្ម​ទៅ​ខេត្ត​រតនគីរី បើ​ដូច្នេះ​មែន​ តើ​តួនាទី​របស់​លោក​មេព្រៃ​ម្នាក់​កាន់​ប៉ុន្មាន​ខេត្ត ? បើ​តំបន់​ខ្លួនឯង​ឈរជើង​មិន​ទាំង​ដឹង​​​​​ផង?

ដោយឡែក​ លោក លី ជូ​បៀ​ង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បដិសេធ​ថា វា​គ្មាន​ឈើ​នៅ​ត្រង់​ចំណុច​ខាងលើ​ឡើយ តែបើ​មាន​ក៏​ជា​ប្រភេទ​ឈើ​គេ​ទិញ​យក​ទៅ​ធ្វើ​ផ្ទះ​តែប៉ុណ្ណោះ​ សម្ដី​នេះ​ហើយ​ដែល​មជ្ឈដ្ឋាន​ជាច្រើន​បាន​រិះគន់​ថា ពិតជា​ធ្វើ​ការ​មិន​បើកភ្នែក​មែន ប្រហែល​ជា​ចេះតែ​ស្តាប់​តាម​ការ​និយាយ​បំភ្លៃ​របស់​កូនចៅ​ ដែល​ឈរជើង​ប្រចាំ​តំបន់​ហើយ ព្រោះ​បើ​​ឲ្យ​​កូនចៅ​និយាយ ឬ​រាយការណ៍​ប្រាប់​អស់​អាចម៍ អស់​នោម តើ​បាន​អ្វី​ច្រក​ឆ្នាំង​?៕

ឈើប្រណិត​មួយរថយន្ត​យី​ឌុប ​ត្រូវ​ជាប់​គាំង​ក្បែរ​​ព្រំដែន​ ដោយសារ​ថៃ​បិទ​ច្រក​

ឈើប្រណិត​មួយរថយន្ត​យី​ឌុប ​ត្រូវ​ជាប់​គាំង​ក្បែរ​​ព្រំដែន​ ដោយសារ​ថៃ​បិទ​ច្រក​