នគរបាល​សណ្ដាប់ធ្នាប់​ ចុះ​ល្បាត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ កំពុង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​

នគរបាល​សណ្ដាប់ធ្នាប់​ ចុះ​ល្បាត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ កំពុង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​



បន្ទាយមានជ័យ ​៖​ នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៤​ ខែ​មិថុនា ​ឆ្នាំ​២០១៦​ កម្លាំង​នគរបាល​សណ្ដាប់ធ្នាប់​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​អំបិល ​​​ចុះ​ល្បាត​ដល់​ចំណុច​ផ្លូវ​ក្រោយ​សណ្ឋាគារ​រុងរឿង ស្ថិត​ក្នុង​ភូមិ គោរដ្ឋាន ​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ​ហើយ​ក៏​បាន​ប្រទះ​ឃើញ​មុខសញ្ញា​សង្ស័យ​ម្នាក់ ​កំពុង​លក់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ក្រោយ​សណ្ឋាគារ​រុងរឿង។

នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន ​និង​ធ្វើការ​ត្រួតពិនិត្យ​នៅ​ក្នុង​ខ្លួន​ជនសង្ស័យ ​បាន​រក​ឃើញ​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ក្រាម​ចំនួន​២​ថង់​តូច​ស្មើ​នឹង​ទម្ងន់​០.៦​ក្រាម ទែ​រ​ម៉ូ​ម៉ែត្រ​ចំនួន​១​ ទូរស័ព្ទ​១​គ្រឿង។ ជនសង្ស័យ​ ត្រូវ​បាន​បញ្ជូន​មក​ស្នងការ​ ដើម្បី​សាកសួរ​បន្ត​។

លោក​វរសេនីយ៍ឯក​ ចាប​ សុ​ផា​រិ​ទ្ធ​ ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​គ្រឿងញៀន​ និងអនីតិជន​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ ​ស៊ុន​ សុខ​ហេង ប្រុស​អាយុ​២០​ឆ្នាំ​ មុខរបរ​អ្នក​រត់​តា​ក់ស៊ី រស់នៅភូមិ គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

លោក​ ចាប សុ​ផា​រិ​ទ្ធ បាន​បញ្ជាក់​ទៀត​ថា​ យោង​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​យក​ថ្នាំញៀន​យក​ទៅ​លក់​ចែកចាយ​ឲ្យ​បក្ខពួក​ក្នុង​ភូមិ​ក្រោយ​សណ្ឋាគារ​រុងរឿង ​សម្រាប់​យក​ទៅ​ជក់​បន្ត​ពិត​ប្រាកដ​មែន។ ក្រោយពី​បាន​ចម្លើយ​សារភាព​ ហើយ​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់៕