ក្រុង​ហុងកុង​ព្យាយាម​រក្សា​ការ​ចងចាំ​ការ​សម្លាប់​រង្គាល​នៅ​ Tiananmen នៅ​ឆ្នាំ​១៩៨៩

រយៈពេល២៧ឆ្នាំជាពេលវេលាយូរមួយដើម្បីរក្សាឱ្យមានការប្រារព្ធពីធីរំឭកវិញ្ញាណក្ខន្ធមួយ ជាពិសេសសម្រាប់ការសម្លាប់រង្គាលមួយដែលបានកើតមានឡើងនៅចម្ងាយ២ពាន់គ.ម.ពីកន្លែងប្រារព្ធពិធីនេះ។

ក្រុង​ហុងកុង​ព្យាយាម​រក្សា​ការ​ចងចាំ​ការ​សម្លាប់​រង្គាល​នៅ​ Tiananmen នៅ​ឆ្នាំ​១៩៨៩

ពិធីអុជភ្លើងទៀននៅឧទ្យាន Victoria ក្នុងក្រុងហុងកុង ដើម្បីប្រារពខួបទី២៧នៃការសម្លាប់រង្គាលនៅទីលាន Tiananmen ក្នុងក្រុងប៉េកាំង។

នេះជាស្ថានភាពដែលពិធីអុជទៀនប្រចាំឆ្នាំនៅក្នុងក្រុងហុងកុងប្រឈមមុខដើម្បីរំឭកដល់ការបង្ក្រាបនៅខាងក្នុងនិងនៅជុំវិញទីលាន Tiananmen ក្នុងក្រុងប៉េកាំងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ នៅពេលដែលក្រុមបាតុករជានិស្សិតគ្មានអាវុធរាប់រយនាក់បានត្រូវសម្លាប់។

ជារៀងរាល់ថ្ងៃទី៤ខែមិថុនា ក្រុមអ្នកកាន់មរណទុក្ខរាប់ម៉ឺននាក់ បានប្រែក្លាយឧទ្យាន Victoria នៃក្រុងហុងកុងឱ្យទៅជាសមុទ្រមួយនៃភ្លើងទៀន។ ពិធីដង្ហែរសពជានិមិត្តរូបមួយបានប្រព្រឹត្តទៅកាត់ហ្វូងមនុស្ស វីដេអូនៃការបង្ក្រាបប្រកបដោយការបង្ហូរឈាមនេះបានត្រូវបញ្ចាំងនៅលើអេក្រង់ធំៗនៅក្រៅអាគារ ហើយពួកមេដឹកនាំនយោបាយបានស្រែកបន្ទរពាក្យស្លោកតាមប្រដាប់បំពងសំឡេង។

គឺមានតែនៅក្នុងក្រុងនេះមួយទេដែលជាអតីតដែនដីអាណានិគមអង់គ្លេសមានស្វ័យភាពច្រើន ដែលអាចមានការប្រមូលផ្តុំមហាជនបែបនេះបាននៅខាងក្នុងប្រទេសចិន។ នៅក្នុងប្រទេសចិនដីគោកវិញ រដ្ឋាភិបាលក្រុងប៉េកាំងបានហាមប្រាមមិនឱ្យមានការរំឭកទាំងអស់ ហើយបានត្រួតពិនិត្យបណ្តាញផ្សាយព័ត៌មាននិងបណ្តាញ Internet មិនឱ្យនិយាយអំពីព្រឹត្រិការណ៍នេះទេ។

មនុស្សរាប់ម៉ឺននាក់បានមកកាន់កន្លែងប្រារព្ធពិធីនេះកាលពីល្ងាចថ្ងៃសៅរ៍។ នៅកន្លែងចូលមួយទៅក្នុងឧទ្យាន Victoria ដែលនៅទល់មុខនឹងតំបន់ពាណិជ្ជកម្មមានមនុស្សកុះករដែលជាកន្លែងមានប្រជាប្រិយភាពជាមួយពួកទេសចរណ៍ចិន ពួកសកម្មជនបានកាន់បដានិងប្រដាប់បំពងសំឡេងតម្រង់ទៅរកពួកអ្នកដើរជិតទីនោះ។

ប្រជារាស្ត្រក្រុងហុងកុង ដែលខ្លះមានកូនតូចៗដាក់នៅលើស្មា បានឈប់ដើម្បីចុះហត្ថលេខាលើញ្ញត្តិ ផ្តល់ប្រាក់អំណោយឬទិញអាវយឺត មានបោះពុម្ពលេខ ៦៤៨៩ នៅលើនោះ។

នៅពេលមានការវាយស្គរជាសញ្ញា ហ្វូងមនុស្សបានឱនក្បាលបន្ទាបយ៉ាងខ្លាំងតាមប្រពៃណីចិនចំនួនបីដងដើម្បីជូនកិត្តិយសដល់ក្រុមជនដែលបានបាត់បង់ជីវីតក្នុងការបង្ក្រាបនោះ។ ពួកគេបានច្រៀងចម្រៀងរំឭកព្រឹត្តិការណ៍នេះហើយពួកអ្នកចូលរួមទាំងអស់បានលើកភ្លើងទៀនទៅលើ៕

ប្រភពៈ VOA