កូរ៉េខាងជើង៖​ទណ្ឌកម្មថ្មី​របស់​អាមេរិក​បង្ហាញ​ពី​បរាជ័យ​នៃ​វិធានការ​ដែល​មានស្រាប់

“ទណ្ឌកម្មថ្មីៗដែលអាមេរិកប្រឆាំង នឹងកូរ៉េខាងជើង កាលពីថ្ងៃពុធ បង្ហាញពីភាពបរាជ័យនៃវិធានការដែលមានរួចមកហើយ។” នេះជាឃ្លាប្រយោគរបស់កូរ៉េខាងជើង នៅថ្ងៃអាទិត្យ៥មិថុនានេះ ដើម្បីចំអកតបទៅអាមេរិក ដែលព្យាយាមចង់ដាក់នាមកូរ៉េខាងជើង ថាជាកន្លែងលាងលុយកខ្វក់។ កាលពីថ្ងៃពុធ អាមេរិកបានប្រកាសទណ្ឌកម្មថ្មីៗ សំដៅរឹតបន្តឹងបន្ថែមនូវទំនាក់ទំនងរវាងប្រព័ន្ធហិរញ្ញវត្ថុក្រុងព្យុងយ៉ាង និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

កូរ៉េខាងជើង៖​ទណ្ឌកម្មថ្មី​របស់​អាមេរិក​បង្ហាញ​ពី​បរាជ័យ​នៃ​វិធានការ​ដែល​មានស្រាប់

ប្រមុខដឹកនាំកូរ៉េខាងជើង Kim Jong-un

កាលពីថ្ងៃពុធ ក្រសួងសេដ្ឋកិច្ចអាមេរិកបានប្រកាសទណ្ឌកម្មសំដៅរឹតបន្តឹងដំណើរការ ស្ថាប័នហិរញ្ញវត្ថុកូរ៉េខាងជើងជាមួយប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដែលត្រូវឆ្លងកាត់ទឹកដីអាមេរិក។ តាមរយៈទណ្ឌកម្មថ្មីៗទាំងនេះ អាមេរិកចង់ដាក់នាមកូរ៉េខាងជើង ថាជាទីកន្លែងលាងលុយកខ្វក់។

នៅថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍តបទៅវិញថា អាមេរិកស្រែកក្តុងក្តាំងអំពាវនាវអោយប្រទេសជិតខាងដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង ប៉ុន្តែកូរ៉េខាងជើងមើលឃើញថា ការស្រែកប្រកាសនេះ គ្មានន័យទាល់តែសោះ។ កូរ៉េខាងជើង បន្ថែមថា ខ្លួនមានប្រព័ន្ធត្រឹមត្រូវច្បាស់លាស់ ដើម្បីប្រយុទ្ធប្រឆាំង ការលាង លុយកខ្វក់ ដូច្នេះ កូរ៉េខាងជើងមិនខ្លាចការចោទប្រកាន់របស់អាមេរិកបន្តិចសោះឡើយ។ យោងតាមក្រុងព្យុងយ៉ាង ការប្រឹងអោយកូរ៉េខាងជើងជាប់ឈ្មោះ ជាកន្លែងលាងលុយកខ្វក់ បង្ហាញច្បាស់ពីចំណុចខ្សោយនៃទណ្ឌកម្មអាមេរិក។

គួររំលឹកថា ទណ្ឌកម្មដែលអាមេរិក ប្រកាសប្រឆាំងកូរ៉េខាងជើង កាលពីថ្ងៃពុធ មាន គោលដៅ២៖ ទី១ គឺបិទខ្ទប់ស្ថាប័នហិរញ្ញវត្ថុបរទេសដែលកូរ៉េខាងជើងប្រើដើម្បី យកលុយទៅអភិវឌ្ឍន៍អាវុធប្រល័យលោកនិងគ្រាប់មីស៊ីលអន្តរទ្វីប។ ទី២ ទប់ស្កាត់សកម្មភាពហិរញ្ញវត្ថុបរទេសនិងក្រុងព្យុងយ៉ាង ដែលត្រូវឆ្លងកាត់បណ្តាញហិរញ្ញវត្ថុអាមេរិក។

ទណ្ឌកម្មថ្មីៗរបស់អាមេរិកនេះ ប្រកាសឡើង ២ខែ ក្រោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ចំពោះក្រុងព្យុងយ៉ាងដែលមិនព្រមបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ។ អង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើក្រុងព្យុងយ៉ាងបែបនេះឡើង ក៏ដោយសារតែរងសម្ពាធអាមេរិកផងដែរ។ សម្រាប់កូរ៉េខាងជើង នេះសបង្ហាញច្បាស់ពីការលំបាករបស់អាមេរិកក្នុងការសម្រេចទិសដៅនយោបាយ ប្រឆាំងក្រុងព្យុងយ៉ាង៕

ប្រភពៈ RFI