សមុទ្រចិនខាងត្បូង៖​អាមេរិក និង​ចិន​កំពុង​ដំឡើង​សរសៃ ក ដាក់​គ្នា​ជា​ថ្មី

សង្រ្គាមពាក្យសម្តីបាន និងកំពុងបន្តកើតមានយ៉ាងផុសផុលជាថ្មីរវាងចិន និងអាមេរិកទាក់ទងនឹងសមុទ្រចិនខាងត្បូង។ នៅក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលីថ្ងៃអាទិត្យ ទី៥ មិថុនានេះ លោកប្រមុខការទូតអាមេរិកចន ឃ៊ែរបានឆ្លៀតបរិហារលើការពង្រីកឥទ្ធិពលយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងព្រមានចិនប្រឆាំងនឹងការញុះញង់។ ការព្រមានចិនពីអាមេរិកក៏មានពីសំណាក់រដ្ឋមន្រ្តីការពារជាតិអាស្តុន កាទ័រនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ីប៉ាស៊ីហ្វិករៀបចំក្នុងប្រទេសសិង្ហបុរី។ ចិនបានឆ្លើយបកវិញដោយអំពាវនាវកុំឲ្យអ្នកផ្សេងលូកដៃ និងថា ចិនមិនខ្លាចប្រឈមមុខនឹងបញ្ហាទេ។

សមុទ្រចិនខាងត្បូង៖​អាមេរិក និង​ចិន​កំពុង​ដំឡើង​សរសៃ ក ដាក់​គ្នា​ជា​ថ្មី

លោកប្រមុខការទូតអាមេរិកចន ឃ៊ែរី និងសមភាគីម៉ុងហ្គោលីលោក Lundeg Purevsuren

គោលដៅនៃទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិកចន ឃែរីនៅក្នុងប្រទេសម៉ុងហ្គោលីថ្ងៃនេះ បានបង្កប់ដោយអត្ថន័យនយោបាយជាងអត្ថន័យសេដ្ឋកិច្ច។ ការហ៊ាននិយាយយ៉ាងដូចនេះដោយគេសំអាងលើទីតាំងភូមិសាស្រ្តរបស់ប្រទេសម៉ុងហ្គោលីដែលស្ថិតចន្លោះរវាងប្រទេសមហាយ័ក្សកម្មុយនិស្តពីរ គឺចិន និងរស្ស៊ី។ គួរជម្រាបជូនថា ម៉ុងហ្គោលីជាអតីតរដ្ឋសហភាពសូវៀត និងដែលទើបទទួលបានឯករាជ្យនៅក្រោយការរលំរលាយសហភាពសូវៀតក្នុងឆ្នាំ ១៩៩១។ តែក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ ម៉ុងហ្គោលីបានធ្វើដំណើរនៅលើគន្លងផ្លូវប្រជាធិបតេយ្យដោយបានប្រែក្លាយពីនយោបាយសេដ្ឋកិច្ចតាមបែបសង្គមនិយមទៅជានយោបាយសេដ្ឋកិច្ចតាមបែបមូលធននិយមយ៉ាងឆាប់រហ័ស។

នៅក្នុងន័យនេះ លោកប្រមុខការទូតអាមេរិកចន ឃែរីបានថ្លែងសរសើរម៉ុងហ្គោលីពេញមាត់ថា ជាប្រទេសប្រជាធិបតេយ្យក្មេងខ្ចីមែន តែបានបោះជំហានទៅមុខយ៉ាងលឿនគួរឲ្យកត់សម្គាល់។ ទន្ទឹមគ្នានេះ លោកចន ឃែរីក៏បានលើកឡើងពីម៉ុងហ្គោលីដែលជាប្រទេសកំពុងបន្តស្ថិតក្នុងសម្ពាធរវាងចិន និងរុស្ស៊ីក្បែរខាង។ វត្តមានរបស់លោកចន ឃែរក្នុងទឹកដីម៉ុងហ្គោលីបានបង្កប់ដោយអត្ថន័យចំនួនពីរ ទី១ អាមេរិកចង់លើកទឹកចិត្ត គាំទ្រប្រទេសប្រជាធិបតេយ្យក្មេងខ្ចី និងទី២ អាមេរិកចង់ព្រមានប្រាប់ចិន រួមទាំងរុស្ស៊ីកុំឲ្យដាក់សម្ពាធនយោបាយលើប្រទេសតូចក្បែរខាងរបស់ខ្លួន។

សូមជម្រាបជូនថាសព្វថ្ងៃ តម្រូវការប្រេងឥន្ធនៈជាង ៣ភាគ៤ របស់ម៉ុងហ្គោលីបាននាំចូលពីប្រទេសរុស្ស៊ី ហើយការដោះដូរពាណិជ្ជកម្មប្រមាណជា ៩០% ត្រូវបានម៉ុងហ្គោលីធ្វើជាមួយចិន។ ម៉ុងហ្គោលីមានប្រជាជនរស់នៅប្រមាណជា ៣លាននាក់ តែជាទឹកដីសម្បូរដោយធនធានធម្មជាតិ ពិសេសធនធានរ៉ែមាស ទង់ដែង និងអ៊ុយរ៉ាញ៉ូម។ ចំណូលបានមកពីការធ្វើអាជីវកម្មលើធនធានធម្មជាតិទាំងនេះបានធ្វើឲ្យម៉ុងហ្គោលីទទួលបានកំណើនសេដ្ឋកិច្ចរហូតដល់ទៅ ១៧% ក្នុងឆ្នាំ ២០១១ តែបានធ្លាក់ចុះយ៉ាងគំហុកដល់៣% ក្នុងឆ្នាំ ២០១៥ ដោយសារតម្លៃលោហធាតុក្នុងទីផ្សារអន្តរជាតិធ្លាក់ថ្លៃខ្លាំងពេក។

អាមេរិក និងចិនបន្តគ្នាក្នុងបញ្ហាសមុទ្រចិនខាងត្បូង

គឺនាឱកាសដំណើរទស្សនកិច្ចក្នុងប្រទេសម៉ុងហ្គោលីថ្ងៃនេះដែលលោកប្រមុខការទូតអាមេរិកចន ឃែរីឆ្លៀតវាយប្រហារចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ លោកចន ឃែរីបានចាត់ទុកការបង្កើតតំបន់ការពារផ្លូវអាកាសរបស់ចិននៅពីលើសមុទ្រចិនខាងត្បូងក្នុងឆ្នាំ ២០១៣ ថា ជាទង្វើបង្ករឿង និងជាទង្វើបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់។ ប្រមុខការទូតអាមេរិកបានទទូចជាថ្មីឲ្យចិនបញ្ឈប់រាល់វិធានការទាំងឡាយដែលមានលក្ខណៈឯកតោភាគី និងញុះញង់ ហើយធានាជាថ្មីថា អាមេរិកមិនមានចំណែកនៅក្នុងជម្លោះទាមទារទឹកដីនៅក្នុងសមុទ្រចិនខាងត្បូងទេ។

ប្រតិកម្មព្រមានរបស់អាមេរិកចំពោះចិនក៏មានពីកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តីការពារជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលរៀបចំក្នុងប្រទេសសិង្ហបុរីដែរ។ លោករដ្ឋមន្រ្តីការពារជាតិអាមេរិកអាស្តុន កាទ័របានព្រមានត្រង់ៗថា នយោបាយរបស់ចិនទាក់ទងនឹងសមុទ្រចិនខាងត្បូងអាចនឹងទទួលប្រតិកម្មពីអាមេរិក និងពីប្រទេសមួយចំនួនក្នុងតំបន់។ តែឧត្តមសេនីយចិនស៊ុន ជាំងហ្គួដែលបានដឹកនាំគណៈប្រតិភូយោធាចិនទៅចូលរួមក្នុងកិច្ចប្រជុំនៅសិង្ហបុរីបានឆ្លើយបកវិញថ្ងៃនេះថា ក្រុមប្រទេសដែលមិនពាក់ព័ន្ធផ្ទាល់នឹងជម្លោះគួរតែដើរតួនាទីក្នុងន័យស្ថាបនា ពោលមិនមែនក្នុងន័យញុះញង់ទេ។

ឧត្តមសេនីយចិនរូបនេះដដែលបានចង្អុលចំមុខអាមេរិកថា ជាអ្នកបង្ក និងជាអ្នកចិញ្ចឹមភាពតានតឹងក្នុងសំណុំរឿងសមុទ្រចិនខាងត្បូងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ថ្លែងក្នុងន័យព្រមាន លោកឧត្តមសេនីយចិនស៊ុន ជាំងហ្គួបានបញ្ជាក់ថា ចិនមិនញញើត និងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមទប់នឹងគ្រប់បញ្ហាដែលកើតមានឡើងទាក់ទងនឹងជម្លោះនៅសមុទ្រចិនខាងត្បូង។ ទន្ទឹមគ្នានេះ លោកស៊ុន ជាំងហ្គួក៏ឆ្លៀតអំពាវនាវឲ្យក្រុមប្រទេសពាក់ព័ន្ធផ្ទាល់នឹងជម្លោះចូលរួមដោះស្រាយបញ្ហាផ្ទាល់ជាមួយចិនតាមផ្លូវសន្តិវិធីដែរ។

សូមជម្រាបជូនថា សង្រ្គាមពាក្យសម្តីរវាងអាមេរិក និងចិនពេលនេះបានកើតមានឡើង មួយថ្ងៃមុនអាមេរិក និងចិនបើកជំនួបកិច្ចសន្ទនាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចប្រចាំឆ្នាំនៅថ្ងៃចន្ទ និងថ្ងៃអង្គារ ទី៧ មិថុនាក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ ជំនួបដែលគេមើលឃើញថា នឹងគ្របដណ្តប់ដោយបញ្ហានៅសមុទ្រចិនខាងត្បូង។

អាមេរិកមិនចង់ទុកចិនឲ្យសោយរាជ្យម្នាក់ឯងនៅអាស៊ី
អាមេរិកមិនមានជាប់ពាក់ព័ន្ធផ្ទាល់នឹងជម្លោះទឹកដីនៅក្នុងសមុទ្រចិនខាងត្បូងមែន តែអាមេរិកក្នុងនាមជាមហាអំណាចម្នាក់ និងតែងតាំងខ្លួនជាបិតាប្រជាធិបតេយ្យក្នុងលោកក៏មិនចង់ឃើញចិនក្រសោបយកតំបន់អាស៊ីតែម្នាក់ឯងទេ។ តំបន់អាស៊ីដែលរដ្ឋបាលអាមេរិករបស់លោកអូបាម៉ាក៏បានចាត់ទុកជាតំបន់អាទិភាពនៅក្នុងនយោបាយការបរទេសរបស់ខ្លួនដែរ។ ក្តីបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនមានពីរទាក់ទងនឹងជម្លោះនៅសមុទ្រចិនខាងត្បូងដែលចិន និងបណ្តាប្រទេសអាស៊ានមួយចំនួនកំពុងបន្តប្រឈមមុខដាក់គ្នា ទី១ មកអាមេរិកមិនចង់ទុកបណ្តោយឲ្យចិនបន្តពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងយោធាតែម្នាក់ឯងនៅក្នុងតំបន់ និងទី២ មកពីអាមេរិកខ្លាចចិនចូលកាន់កាប់ផ្តាច់មុខលើតំបន់ក្នុងសមុទ្រចិនដែលជាតំបន់យុទ្ធសាស្រ្តនៃពាណិជ្ជកម្មផ្លូវសមុទ្រអន្តរជាតិ។

កន្លងមក និងដើម្បីបង្ហាញសាច់ដុំដាក់ចិន អាមេរិកបានបញ្ជូននាវាចម្បាំង និងយន្តហោះទៅក្នុងតំបន់ដើម្បីបញ្ជាក់ពីវត្តមានរបស់ខ្លួនលើផ្ទៃទឹកសមុទ្រ និងដែនអាកាសអន្តរជាតិដែលជាកម្មសិទ្ធិរួមទាំងអស់គ្នា។ ទន្ទឹមគ្នានេះ ទង្វើរបស់អាមេរិកក៏ដើម្បីបង្ហាញពីការគាំទ្រចំពោះប្រទេសមានជម្លោះជាមួយចិន ដូចយ៉ាងវៀតណាម ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីនដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនដែរ។ ដូច្នេះឃើញថា សង្រ្គាមពាក្យសម្តីរវាងអាមេរិក និងចិនហាក់ដូចជាកំពុងឡើងតានតឹងគ្មានថ្ងៃបញ្ចប់ និងដែលគ្មាននរណាម្នាក់ហ៊ានប្រមើលមើលថា តើវានឹងត្រូវបញ្ចប់តាមមធ្យាបាយអ្វីទេ ព្រោះមកទល់ពេលនេះ គឺមានតែការចោទដាក់គ្នាទៅវិញ ទៅមក៕

ប្រភពៈ RFI