ខណៈ​នេះ កម្មករ​ជាង​១០០០​នាក់​នៅ​រោងចក្រ ក្លូ​ប៊​ល ហា​បារ៉ែល កំពុង​ហែ​ក្បួន​កូដកម្ម

រាជធានី​ភ្នំពេញ ៖ កម្មករ​ជាង​១០០០​នាក់​ក្នុង​ចំណោម​ជាង​២០០០​នាក់​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ ក្លូ​ប៊​ល ហា​បារ៉ែល លីមីត​ធី​ត ស្ថិត​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កាំ​បូល ខណ្ឌ​ពោធិ​សែន​ជ័យ បាន​នាំ​គ្នា​ហែ​ក្បួន​កូដកម្ម​ឆ្ពោះទៅ​កាន់​រោងចក្រ GIT ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដោះស្រាយ​ប្រាក់​អតីតភាព​ការងារ​និង​ប្រាក់​បំណាច់​ផ្សេង​ៗ បន្ទាប់​ពី​រោងចក្រ​បិទ​ប្រកាស​ឈប់​ដំណើរការ​កាលពី​ថ្ងៃ​ទី​៣១ ឧសភា​២០១៦ (​បិទ​រោងចក្រ​) ។

សេចក្តីរាយការណ៍​បាន​ស្រង់​សមដី​ក្រុម​កម្មករ​បន្ត​ថា រោងចក្រ​ទាំង​ពីរ​ខាងលើ​នេះ​មាន​ថៅកែ​តែ​មួយ ហើយ​បែរជា​រោងចក្រ GIT កំពុង​ដំណើរការ​និង​ប្រកាស​រើស​បុគ្គលិក​ថ្មី ដែល​ក្រុម​កម្មករ​តវ៉ា​ជឿ​ថា​រោងចក្រ ក្លូ​ប៊​ល ហា​បារ៉ែល លីមីត​ធី​ត ប្រកាស​បិទ​នោះ​មិនមែន​ដោយសារ​គ្មាន​ការ​បញ្ជា​ទិញ​ពី​បរទេស​នោះ​ទេ គឺ​ថៅកែ​ចង់​បញ្ឈប់​កម្មករ​ចាស់​ដែល​មាន​ប្រាក់ខែ​ខ្ពស់ ដើម្បី​រើស​ថ្មី​តែ​ប៉ុណ្ណោះ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​បន្ត​ថា នៅ​ពេល​នេះ​ខាង​រោងចក្រ GIT បាន​ដាក់​កម្លាំង​ការពារ​ជាង​២០​នាក់ នៅ​មុខ​រោងចក្រ ដើម្បី​ត្រៀម​រារាំង​ក្រុម​កម្មករ​ដែល​កំពុង​ហែ​ក្បួន​មក​នោះ ៕