ថៃ​​​​ពង្រឹង​ភាសា​អង់គ្លេស​​ដល់​សិស្ស​បឋម​​ ដើម្បី​ប្រកួត​ប្រជែង​ទី​ផ្សារ​ការងារ​

ថៃ​នឹង​ពង្រឹង​ជំនាញ​ភាសា​អង់គ្លេស​ដល់​ប្រព័ន្ធ​អប់​រំ​​​ក្នុង​ប្រទេស​ ពី​ថ្នាក់​បឋម​សិក្សា​​​​ក្នុង​​​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Bangkok Post ។

 

ថៃ​​​​ពង្រឹង​ភាសា​អង់គ្លេស​​ដល់​សិស្ស​បឋម​​ ដើម្បី​ប្រកួត​ប្រជែង​ទី​ផ្សារ​ការងារ​

អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថៃ​ លោក​ Teerakiat Jareonsettasin បាន​​ឲ្យ​ដឹង​ថា​​​ ​​នៅ​តាម​​សាលា​រដ្ឋ​ក្រោម​ការ​ដឹក​នាំ​របស់​ការិយាល័យ​អប់​រំ​ នឹង​ត្រូវ​​​​បង្រៀន​​ភាសា​អង់គ្លេស​ដល់​សិស្ស​​រយៈ​ពេល​៥​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ ឬ​២០០​ម៉ោង​ក្នុង​មួយ​ឆមាស។

 

តាម​​​សារព័ត៌មាន Bangkok Post ក្រោម​គម្រោង​​ថ្មី​នោះ សិស្ស​​​​បឋម​សិក្សា​ពី​ថ្នាក់​ទី​១​ដល់​ទី​៣ នឹង​ផ្ដោត​សំខាន់​​លើ​ជំនាញ​​ស្នូល​៤​សំខាន់​ៗ​​​​​គឺ ស្ដាប់ និយាយ​ អាន​ និង​សរសេរ។ ចំពោះ​ការ​សិក្សា​ភាសា​អង់គ្លេស​នោះ សិស្ស​បឋមសិក្សា​ថៃ​នឹង​​​​រៀន​តាម​​ប្រព័ន្ធ​អ៊ីនធឺណិត និង​​ Appsមួយ​ចំនួន​ផង​ដែរ។

 

លោក​អនុរដ្ឋមន្ត្រី Teerakiat បាន​ឲ្យ​ដឹង​ថា គោល​ដៅ​​ថ្មី​​​​ខាង​លើ​ នឹង​​​ធ្វើ​ឲ្យ​ភាសា​អង់គ្លេស​របស់​សិស្ស​ប្រសើរ​ឡើង​ ដែល​អាច​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​រួច​រាល់​​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​អន្តរជាតិ​​​នា​ពេល​ខាង​មុខ។

 

យោង​តាម​​របាយការណ៍​​ចំណាត់​ថ្នាក់​​ របស់​ស្ថាប័ន​ EF Education First ថៃ​​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រទេស​មិន​​​និយាយ​ភាសា​អង់គ្លេស​មួយ​ ដែល​មាន​ជំនាញ​ភាសា​អង់គ្លេស​ខ្សោយ​​​ក្នុង​ចំណាត់​​ថ្នាក់​លេខ​១៤​នៃ​​១៦​ប្រទេស​ក្នុង​ទ្វីប​អាស៊ី និង​ ចំណាត់​ថ្នាក់​លេខ​៦២​​ក្នុង​​នៃ​៧០​ប្រទេស​​ក្នុង​​ពិភពលោក​៕

 

ចុចអាន៖  សៀវភៅថៃ​​មាន​រូប​តារា​សិច​ជប៉ុន​ ត្រូវ​មន្ត្រី​អប់​រំ​ប្រកាស​ប្រមូល​មក​វិញ​

 

​​​​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bangkokpost

​​​

​​