មិនធម្មតា! សំបុត្រទស្សនាកម្ពុជា ប៉ះចិនតៃប៉ិ លក់អស់ត្រឹមរយៈពេល ២ថ្ងៃ

(ភ្នំពេញ)៖ យោងតាម Facebook សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា សំបុត្រចំនួន ៥០,០០០សន្លឹក សម្រាប់ចូលទស្សនាការប្រកួតជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមចិនតៃប៉ិ នៅលើទីលានពហុកីឡដ្ឋានជាតិ នាយប់ស្អែកនេះ ត្រូវបានលក់អស់ហើយ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនាម្សិលមិញ ពោលគឺប្រើពេលលក់តែ ២ថ្ងៃប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កាលពីជើងទី១ នៃជំនួបវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 កន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតស្មើក្រុមចិនតៃប៉ិ ដោយលទ្ធផល ២-២ ក្រៅទឹកដី ។ ចំណែកជំនួបជើងទី២ នឹងធ្វើឡើងនៅវេលាម៉ោង ៧យប់ថ្ងៃទី០៧ ខែមិថុនាស្អែកនេះ ដោយកម្ពុជា ត្រូវការត្រឹមលទ្ធផលស្មើគ្នា ០-០ ឬ ១-១ ប៉ុណ្ណោះ ដើម្បីទម្លាក់ក្រុមចិនតៃប៉ិ។

ប៉ុន្ដែប្រសិនបើការប្រកួតលើកនេះ ក្រុមទាំងពីរបន្ដប្រកួតស្មើគ្នា ២-២ ទៀត ការប្រកួតនឹងត្រូវបន្ថែម៉ោង ១៥នាទី ២ដង ដើម្បីទាត់កាត់សេចក្ដី។

តែក្នុងករណីកម្ពុជា ចាញ់ក្រុមចិនតៃប៉ិវិញ គឺកម្ពុជា ក៏មិនទាន់អស់ឱកាសប្រជែងយកកៅអីវគ្គបន្ដដែរ ពោលគឺកម្ពុជា ត្រូវជួបជាមួយក្រុមចាញ់ៗដូចគ្នាក្នុងតំបន់ ដើម្បីប្រជែងយកកៅអីវគ្គជម្រុះចុងក្រោយ ។ នេះបើយោងតាមរូបមន្ដប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC)។

យ៉ាងណាមិញលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លើកឡើងថា លោកនឹងព្យាយាមមិនធ្វើអ្នកគាំទ្រអស់សង្ឃឹមឡើយ គឺលោកនឹងជំរុញកូនក្រុមខ្លួន ព្យាយាមស្វែងរកគ្រាប់បាល់ជ័យជម្នះ ស្របពេលឱកាសសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក៏មានច្រើនជាង ព្រោះកម្ពុជាត្រូវការត្រឹមស្មើ ០-០ ឬ ១-១ ក៏ឡើងដែរ។ ប៉ុន្ដែយ៉ាងណាលោកក៏មិនអាចមើលងាយគូប្រជែងនេះដែរ ព្រោះក្រុមទាំងពីរ ត្រូវការកៅអីវគ្គបន្ដនៃពានរង្វាន់ AFC Asian Cup 2019 នេះដូចគ្នា៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក។

ថ្វីត្បិតមិនមានឱកាសជួយក្រុមជម្រើសជាតិកម្ពុជា ពេលជួបក្រុមចិនតៃប៉ិ ជើងទី២ នាថ្ងៃស្អែក ដោយសារអាជ្ញាកណ្ដាលពិន័យការលឿង ២ដង (កាតក្រហម) កាលពីជួបចិនតៃប៉ិ ជើងទី១ ប៉ុន្ដែកីឡាករ ធារី ចន្ថាប៊ីន បានប្ដេជ្ញាចិត្តក្នុងនាមសមាជិកក្រុមជម្រើសជាតិថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះជូនជាតិ ។

ប៉ុន្ដែមុននឹងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 រវាងក្រុមជម្រើសជាតិកម្ពុជា និងចិនតៃប៉ិ នាថ្ងៃស្អែកមកដល់ កីឡាករខ្សែបម្រើកូនកាត់ខ្មែរ-បារាំងរូបនេះ បានបង្ហោះសារមួយ សម្រាប់អ្នកគាំទ្រ ដើម្បីត្រៀមខ្លួនចូលរួមទស្សនា និងលើកទឹកចិត្តកីឡាករជម្រើសជាតិរបស់ខ្លួន នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ ។

ធារី ចន្ថាប៊ីន បានសរសេរថា «ជូនចំពោះអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ទាំងអស់គ្នា យើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពនៅថ្ងៃអង្គារ៍នេះ ក្នុងការប្រកួតជាមួយក្រុមឆាយនីសតៃប៉ិ! ប៉ុន្តែខ្ញុំសូមសំណូមពរទៅអ្នកគាំទ្រទាំងអស់ឲ្យគោរព តាមការសម្រេចចិត្តនៅលើទីលាន ។ ទោះបីជាអ្នកទាំងអស់គ្នាខឹង ក្រុមម្ខាងទៀតក៏ពិតមែន ក៏ព្រោះតែយើងចង់ឈ្នះ ប៉ុន្តែសូមរក្សាការគាំទ្រដោយភាពថ្លៃថ្នូរ និងផ្តល់កម្លាំងចិត្ត ក្នុងការប្រកួតដល់កីឡាករទាំងអស់»។

«ការបោះ ឬគប់របស់ចូលទីលានអាចនឹងប៉ះពាលដល់ពួកយើង ហើយយើងអាចនឹងទទួលពិន័យ សម្រាប់អាកប្បកិរិយាមិនល្អនេះ។ សូមគោរពនៅការសម្រេចចិត្ត ក្នុងការប្រកួត គោរពប្រទេសជាតិយើង និងកេរ្ត៍ឈ្មោះដ៏អស្ចារ្យរបស់កម្ពុជា» ។ នេះជាការបញ្ជាក់បន្ថែម របស់កីឡាករប្រធានក្រុមជម្រើសជាតិកម្ពុជា រូបនេះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនធម្មតា! សំបុត្រទស្សនាកម្ពុជា ប៉ះចិនតៃប៉ិ លក់អស់ត្រឹមរយៈពេល ២ថ្ងៃ

មិនធម្មតា! សំបុត្រទស្សនាកម្ពុជា ប៉ះចិនតៃប៉ិ លក់អស់ត្រឹមរយៈពេល ២ថ្ងៃ