ប្រជាពលរដ្ឋ​នៅតែ​បន្ត​ជីក​រក​វត្ថុ​មាន​តម្លៃ​ ទោះបី​ខាង​ក្រសួង​បាន​ចុះ​មក​ហាមឃាត់

ប្រជាពលរដ្ឋ​នៅតែ​បន្ត​ជីក​រក​វត្ថុ​មាន​តម្លៃ​ ទោះបី​ខាង​ក្រសួង​បាន​ចុះ​មក​ហាមឃាត់



តាកែវ​ ៖​ ប្រជាជន​ជាច្រើន​នាំគ្នា​ផ្អើល​សម្រុក​ទៅ​ជីក​រក​មាស​នៅ​តាម​វាលស្រែ​នៃ​ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ ក្រោយពី​ល្បី​ថា ក្មេងៗ​ឃ្វាលគោ រើស​បាន​មាស​បុរាណ​ជាង​១​ខាំ​កន្លះ​មក។

តាម​សម្ដី​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ​ មាន​ក្មេងៗ​ ទៅ​ឃ្វាលគោ​ដូច​សព្វមួយដង ហើយ​បាន​ប្រលែង​គ្នា រួច​ក៏​ប៉ះចំ​កូន​ក្រឡ​តូច​មួយ នៅ​កៀន​ភ្លឺស្រែ ស្ថិតនៅ​ចំណុច​វាលស្រែ​ខាងត្បូង ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី និង​មាន​មាស​ខ្ទាត​ចេញមក​ខាងក្រៅ រើស​បានជា​បន្ដបន្ទាប់។

ប្រភពពី​ប្រជាពលរដ្ឋ​ដដែល​បាន​បន្ដ​ទៀត​ថា ក្រោយពី​មានការ​ល្បី​ថា មាន​មាស​ផុស​ឡើង​ជាក់ស្ដែង​បែបនេះ ក៏​ស្រាប់តែ​ប្រជាពលរដ្ឋ​ក្នុងស្រុក​អង្គរ​បូរី នាំគ្នា​សម្រុក​ឥត​ឈប់​មក​ជីក​ដី​រាវរក​មាស​តៗ​គ្នា រហូតមកដល់​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៦ ទើប​មាន​ក្រុមការងារ​ស្រុក និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ចុះមក​ណែនាំ និង​ហាមឃាត់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​នាំគ្នា​មក​ជីក​ដី​រក​មាស​នៅ​ចំណុច​នេះ​តទៅទៀត។

បើ​យោង​តាម​ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា ស្រុក​អង្គរ​បូរី​ជា​ទឹកដី​នៃ​ទីក្រុង​ដំបូង​គេ​បង្អស់ របស់​ប្រទេស​កម្ពុជា ហើយ​ជាទី​ក្រុង​របស់​ស្ដេច​គង់នៅ​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​កំពែង​ជុំវិញ និង​មានសម្បត្តិ​មានតម្លៃ​រាប់រយ​ជំពូក។ ដូច្នេះ​ហើយ​បានជា​រឿយៗ​ប្រជាពលរដ្ឋ តែងតែ​រើស​បាន​មាស ឬ​វត្ថុ​បុរាណ​ប្លែកៗ មានដូចជា​សម្ភារៈ​ប្រើប្រាស់​របស់​ស្ដេច​កាលពី​សម័យមុន។

ជុំវិញ​ករណី​ខាងលើ លោក ជា សម្បត្តិ ប្រធាន​ការិយាល័យ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ស្រុក​អង្គរ​បូរី បាន​ថ្លែង​ទទួលស្គាល់​ថា ពិតជា​មានការ​ភ្ញាក់ផ្អើល​ពលរដ្ឋ​នាំគ្នា​ទៅ​ជីក​រក​មាស​ពិតមែន ព្រោះ​តែ​មាន​ក្មេង​ឃ្វាល​គោ​ប្រលែង​គ្នា ហើយ​រើស​បាន​មាស​ក៏​ល្បី​តៗ​គ្នា​តែ​ម្ដង​ទៅ។

លោក​ជា សម្បត្តិ បាន​បន្ដទៀតថា បច្ចុប្បន្ននេះ​ខាង​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​បាន​ចុះ​អប់រំ និង​ណែនាំ​ដាច់ខាត​មិន​ឲ្យ​ពលរដ្ឋ​លើកគ្នា​មក​ជីក​ដី​យក​មាស​នៅ​តំបន់​នេះ​តទៅទៀត​ទេ។ ចំណែក​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ គឺ​នៅតែ​បន្ដ​សកម្មភាព​ជីក​ដី​រក​មាស​ដដែល ព្រោះ​ពួកគេ​អះអាង​ថា ជា​ទង្វើ​ស្របច្បាប់ មិនបាន​ប្រព្រឹត្ត​អ្វី​ផ្ទុយ​ពី​ច្បាប់​នោះ​ទេ បើ​ពួកគេ​មាន​វាសនា​ជីក​បាន​មាស​មែន​នោះ ពួកគេ​នឹង​ធ្វើជា​អ្នកមាន ហើយ​ការ​ជីករ​ក​មាស​របស់​ពួកគាត់ គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​ទ្រព្យសម្បត្តិ​បុគ្គល​ឯកជន​ណា​ទេ៕
ប្រជាពលរដ្ឋ​នៅតែ​បន្ត​ជីក​រក​វត្ថុ​មាន​តម្លៃ​ ទោះបី​ខាង​ក្រសួង​បាន​ចុះ​មក​ហាមឃាត់

ប្រជាពលរដ្ឋ​នៅតែ​បន្ត​ជីក​រក​វត្ថុ​មាន​តម្លៃ​ ទោះបី​ខាង​ក្រសួង​បាន​ចុះ​មក​ហាមឃាត់

ប្រជាពលរដ្ឋ​នៅតែ​បន្ត​ជីក​រក​វត្ថុ​មាន​តម្លៃ​ ទោះបី​ខាង​ក្រសួង​បាន​ចុះ​មក​ហាមឃាត់