បុរស​ម្នាក់​ត្រូវ​បាន​គេ​វាយ ​បណ្ដាល​ឲ្យ​រង​របួស​បែក​ក្បាល

បុរស​ម្នាក់​ត្រូវ​បាន​គេ​វាយ ​បណ្ដាល​ឲ្យ​រង​របួស​បែក​ក្បាល



កំពង់ឆ្នាំង ​៖​ បុរស​ម្នាក់ ​ត្រូវ​បាន​គេ​ព្រួត​គ្នា​វាយ​ បណ្ដាល​ឲ្យ​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ខណៈ​ដែល​មាន​ការ​ទាស់​ពាក្យ​សម្ដី​គ្នា​នៅ​ក្នុង​ផ្សារ​មួយ​កន្លែង។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃទី​០៣​ ខែមិថុនា​ ឆ្នាំ២០១៦​ចុង​សប្ដាហ៍​កន្លងទៅ ត្រង់​ចំណុច​ក្នុង​ផ្សារ​សាលា​លេខ​៥​ ​ស្ថិត​ក្នុង​ភូមិ​សាលា​លេខ​៥ ​ឃុំ​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង។

ជនរងគ្រោះ​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា ​មានឈ្មោះ ​(​ជា​ សុខ​)​ ហៅ​(​សុខ​)​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ អតីត​ជា​គ្រូបង្រៀន​ មាន​មុខរបរ​លក់ដូរ​ នៅ​ក្នុង​ផ្សារ​សាលា​លេខ​៥​ ស្រុក​កំពង់ត្រឡាច​ មាន​ប្រពន្ធ​និង​កូន​៤​នាក់​ នៅ​ក្នុង​បន្ទុក​ រស់នៅ​ក្នុង​ភូមិ​តាអក​ ឃុំ​ពា​នី ​ស្រុក​កំពង់ត្រឡាច។ ដោយឡែក​ក្រុម​ជន​ដៃដល់​ក្នុង​ការ​បង្ក​របួស​ស្នាម​ដល់​អ្នកដទៃ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះថា​ (​ឈួ​ង​ ចេង​)​ភេទ​ស្រី​ អាយុ​៦២​ឆ្នាំ ​និង​កូនចៅ​រស់នៅ​ក្នុង​ភូមិ​ឃុំ​ស្រុក​ជា​មួយនឹង​ជនរងគ្រោះ​ និង​មាន​កន្លែង​លក់ដូរ​ក្នុង​ផ្សារ​ជិត​គ្នាទៀត​ផង។

ប្រភព​ពី​គ្រួសារ​ជនរងគ្រោះ​បាន​និយាយ​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ ​កូនប្រុស​របស់​ឈ្មោះ​(​ឈួ​ង​ចេង​) ​ដែល​ជា​ជន​ដៃដល់​ ពេល​ផឹក​ស្រា​ស្រវឹង​ម្តងៗ តែង​បើក​ម៉ូតូ​មក​ឈប់​ខាងមុខ​តូប​លក់ដូរ​ក្នុង​ផ្សារ​ ហើយ​បាន​រោទ៍​សំឡេង​ម៉ូតូ​ខ្លាំងៗ​នៅ​ពេល​ស្រែក​ប្រាប់​ ស្រាប់តែ​ឈ្មោះ​(​ឈួ​ង​ ចេង​)​បាន​ហក់​ចេញ​មក​ស្រែក​ជេរ​បញ្ចោរ​មក​ខាង​ជនរងគ្រោះ​រហូត។ ប្រភព​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​រឿង​នេះ​ចេះតែ​កើតឡើង​ម្តង​ហើយ​ម្តង​ទៀត​រហូតដល់​ថ្ងៃ​ទី​០៣​ ខែមិថុនា ឆ្នាំ​២០១៦​ចុង​សប្ដាហ៍​កន្លងទៅ ​ខណៈ​ដែលជន​បង្ក​បាន​អូស​កង់​កាត់​ទាក់​សំពត់​ ដែល​កូន​ជនរងគ្រោះ​ដាក់​ព្យួរ​លក់​ធ្លាក់​មក​ដី​អូស​តាម​កង់​រហូត​ ដោយ​មិន​លើកដាក់​ទុក​វិញ​ឡើយ។ ភ្លាម​នោះ​កូន​ជនរងគ្រោះ​បាន​លើកដាក់​ពាក់​ទុក​វិញ។ បន្ទាប់មក​កូន​ជនរងគ្រោះ​បាន​ឡើង​ដុត​ធូប​អុជ​ដាក់​លើ​ហ៊ឹង​ដូច​សព​ដង ប៉ុន្តែ​ដោយ​ខ្លាច​ធ្លាក់​ជើងធូប​ឆេះ​ខោអាវ​ ក៏​ដាក់ចុះ​មក​ក្រោម​លើ​កៅអី​ដែក​ក្នុង​តូប​ ស្រាប់តែ​ឈ្មោះ​(​ឈួ​ចេង​)​បាន​ដើរមក​ខឹង​ថា​កូន​ជនរងគ្រោះ​ដាក់​ទំនាយ​គាត់ ​និង​បាន​ទៅ​យក​បាយ​ដាក់​ទឹក​កូរ​ជាមួយ​អំបិល​និយាយ​ថា ​តូប​ង៉ែង​រលាយ​ ហើយ​យក​ទឹក​អំបិល​មក​ស្រោច​ខាងមុខ​តូប ​រួច​ក៏​មានការ​វាយ​ប្រតប់​គ្នា​តែ​ម្តង។ ខណៈ​​នោះ​ឈ្មោះ​(​ឈួង ​ចេង​)​ បាន​ទាញ​កៅអី​ដែក​យម​មក​វាយ​ក្បាល​ឈ្មោះ​(​ជា​ សុខ​)​និង​កូនស្រី​បណ្តាល​ឲ្យ​ចែក​ក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ងងឹត​មុខ​ដួល​ ហើយ​ត្រូវ​កូនប្រុស​របស់​ឈ្មោះ​(​ឈួង​ ចេង​)​ចាប់​សង្កត់​ពី​លើ​ រួច​ទាត់​ធាក់​រហូត​ដល់​អ្នកជិតខាង​ជួយ​ចាប់​អូស​បំបែក​ចេញ​ពីគ្នា។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច​ភ្លាមៗ​ផង​ដែរ។ ដោយឡែក​ជន​ដៃដល់​ក៏​បាន​ទៅ​ដេកពេទ្យ​រៀងៗ​ខ្លួន​ ខណៈ​ជន​ដៃដល់​ថា​ជនរងគ្រោះ​វ៉ៃ​ដែរ។ នគរបាល​ស្រុក​កំពង់ត្រឡាច​ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើការ​រិះគន់​ចំៗ​ថា ​មានការ​យឺតយ៉ាវ​ក្នុង​ការ​អនុវត្តន៍​ផ្លូវច្បាប់​ ខណៈ​រឿងហេតុ​ខាងលើ​កើតមាន​រយៈពេល​៣​ថ្ងៃ​មក​ហើយ​ជន​បង្ក​អំពើ​ហិង្សា​រលើ​អ្នកដទៃ​នៅតែ​មិន​ត្រូវ​បាន​ឃាត់ខ្លួន​ ហើយ​ស្ថិត​ក្រៅ​សំណាញ់​ច្បាប់​ដដែល​ មិន​ដឹង​ថា​ម​មកពី​ហេតុអ្វី​នោះ​ឡើយ៕
បុរស​ម្នាក់​ត្រូវ​បាន​គេ​វាយ ​បណ្ដាល​ឲ្យ​រង​របួស​បែក​ក្បាល