​លោក សម រង្ស៊ី បញ្ជាក់ថា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​សុខចិត្ត​លះបង់​គ្រប់យ៉ាង​ដើម្បី​ជាតិ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅថ្ងៃនេះ​បាន​បញ្ជាក់ថា​គណបក្ស​ស​ង្គ្រោះ​ជាតិ​មាន​ភាពរឹងមាំ​រហូតដល់​សព្វថ្ងៃនេះ និង​មាន​ភាពជោគជ័យ​អាច​ជំនះ​ឧបសគ្គ​គ្រប់បែបយ៉ាង​ជា​បន្តបន្ទាប់​មិនមែន​ផ្អែកលើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយផ្នែក​នោះទេ ព្រោះ​ទន្ទឹមនឹងនេះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ជា​តួអង្គ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​ផងដែរ ហើយ​ថាបើ​គ្មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ បេសកកម្ម​សង្គ្រោះ​ជាតិ​ក៏​មិនអាច​ទទួលបាន​ជោគជ័យ​ឡើយ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ទឹកចិត្ត និង​ការប្តេជ្ញា របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ស្រឡាញ់​យុត្តិធម៌ នៅតែ​បន្ត​ឃ្លាំមើល​ទាំងយប់ ទាំង​ថ្ងៃ ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន ដោយ​សុខចិត្ត​លះបង់​គ្រប់យ៉ាង​ដើម្បី​ជាតិ​។ ការបញ្ជាក់​របស់លោក សម រង្ស៊ី យ៉ាង​ដូច្នេះ​គឺធ្វើឡើង​ស្រប​ពេលដែល​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្តេជ្ញាចិត្ត​ការពារ​សុខ​សុវត្ថិភាព តាម​មធ្យោបាយ​ស្របច្បាប់ និង​អហិង្សា ជូន​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការប៉ុនប៉ង​ចាប់ខ្លួន និង​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិ​ប​ត្ដិ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ម្សិលមិញ​បានធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីអំពី​ការវិវត្ដន៍ នៃ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​។ នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានលើកឡើង​អំពី​ករណី​៣​សំខាន់ៗ​ក្នុងនោះ​រួមមាន​៖ ទី​១-​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ថា លោក កឹម សុខា មាន​អភ័យឯកសិទ្ធិ ទី​២-​គណបក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ប្រសាសន៍​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​បន្ដ​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា និង​ទី​៣-​គណបក្ស​សង្គ្រោះ​ជាតិ មានការ​ព្រួយបារម្ភ​ចំពោះ​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

​ក្នុងនាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់​ពី​ជំហរ​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​តស៊ូ​មតិ​ដើម្បី​បរិយាកាស​នយោបាយ​ល្អ និង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧-២០១៨ ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា បើ​គ្មាន​ស្ថិរភាព​នយោបាយ នោះ​ក៏​មិនអាច​មានការ​បោះឆ្នោត​ដោយ​យុត្តិធម៌​បានទេ​៕

Siv channa05_6