P9 ចេញ​លក់​ជា​ផ្លូវការ​តម្លៃ​ជាង ៤៦៩ ដុល្លារ

P9 បាន​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ​កាល​ពី​ម្សិលមិញ។ កំពូល​ស្មាត​ហ្វូន​ជំនាន់​ថ្មី​នេះ ត្រូវ​បាន​គេ​ដឹង​ថា​មាន​បំពាក់​​នូវ​កាមេរ៉ា​ដល់​ទៅ​ពីរ ដែល​បាន​មក​ពី​ការ​សហការ​រវាង​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន Leica ជា​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​ដែល​មាន​ប្រវត្តិ​ជាង ១០២ ឆ្នាំ​លើ​បច្ចេកវិទ្យា​ផលិត​កាមេរ៉ា។

 

P9 ចេញ​លក់​ជា​ផ្លូវការ​តម្លៃ​ជាង ៤៦៩ ដុល្លារ

 

លោក ជេ សុន ប្រធាន​ផ្នែក​ឧបករណ៍​ចល័ត​របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចំណុច​លេច​ធ្លោ​របស់ P9 គឺ​ការ​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ ដែល​អាច​ថត​រូប​ពណ៌​បាន​ច្បាស់ រួម​ទាំង​អាច​ថត​រូប​ស​ខ្មៅ​បាន​យ៉ាង​អស្ចារ្យ​ទៀត​ផង។

 

លោក​បន្ត​ថា P9 តម្រូវ​សម្រាប់​អ្នក​ចូលចិត្ត​ថត​រូប និង​អ្នក​ជំនាញ​ថត​រូប​អាជីព​ដោយសារ​តែ​កាមេរ៉ា​នីមួយៗ​ មាន​ទំហំ​ដល់​ទៅ ១២ មេហ្គាភិចសែល។

 

“អ្នក​ជំនាញ​ថត​រូប​ភាគច្រើន​និយាយ​ថា ពន្លឺ​ជា​ធាតុ​ផ្សំ​សំខាន់​សម្រាប់​ការ​ថត​រូប។ ចំពោះ P9 ពន្លឺ​មិនមែន​ជា​បញ្ហា ដោយសារ​កាមេរ៉ា​ភ្លោះ​របស់ P9 មាន​មុខងារ​ចាប់​យក​រូបភាព​ដិត​ភ្លឺ​ច្បាស់ ទោះ​បី​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ពន្លឺ​តិច ឬ​ទី​ងងឹត​ក៏​ដោយ”។

 

ការ​សម្ពោធ​ទូរសព្ទ P9 កាល​ពី​ម្សិលមិញ​នេះ ក៏​មាន​ការ​ចូលរួម​ពី​កំពូល​តារា​ចម្រៀង​កញ្ញា មាស សុខសោភា ដែល​ជា​ទូត​សុឆន្ទៈ​របស់​ក្រុមហ៊ុន Huawei ក៏​ដូចជា​អ្នក​ជំនាញ​ថតរូប​ជាច្រើន ដែល​បាន​ចាប់​អារម្មណ៍​ទៅ​លើ​បច្ចេកវិទ្យា​កាមេរ៉ា​របស់​ទូរសព្ទ​ជំនាន់​ថ្មី​នេះ។ សូម្បី ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក៏​បាន​ពោល​សរសើរ​ពី​បច្ចេកវិទ្យា​កាមេរ៉ា Leica ដែល​បំពាក់​លើ​ទូរសព្ទ P9 ដែល​លោក​និយាយ​ថា Leica ជា Rolls Royce នៃ​ម៉ាស៊ីន​ថត។

 

P9 ចេញ​លក់​ជា​ផ្លូវការ​តម្លៃ​ជាង ៤៦៩ ដុល្លារ

 

P9 ក្រុមហ៊ុន​បាន​ប្រកាស​លក់​ក្នុង​តម្លៃ ៤៦៩ ដុល្លារ។ ក្រុមហ៊ុន​ក៏​គ្រោង​នាំ P9 Plus នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ជាមួយ​តម្លៃ​ប្រហែល ៦៨០ ដុល្លារ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា