លោក​ កឹម សុខា ជឿ​ជាក់​ថា​បក្ស​ប្រឆាំង​នឹង​មាន​ជ័យ​ជម្នះ​

ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំមូលដ្ឋាន នៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃអាទិត្យ ទី ៥មិថុនានេះ លោកកឹម សុខា ដែលកំពុងតែហ៊ុមព័ទ្ធដោយដីកាកោះហៅរបស់តុលាការ បានដាក់ជំនឿថា គណបក្សប្រឆាំង នឹងទទួលបានជ័យជម្នះ នៅពេលខាងមុខ។ ជ័យជម្នះ ដែលលោកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រំពឹងថា អាចនាំប្រទេស និងប្រជាជនកម្ពុជា ឆ្ពោះទៅរកសន្តិភាព ប្រជាធិបតេយ្យ និងការបង្រួបបង្រួមជាតិពិតប្រាកដ។

លោក​ កឹម សុខា ជឿ​ជាក់​ថា​បក្ស​ប្រឆាំង​នឹង​មាន​ជ័យ​ជម្នះ​

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ

លោកកឹម សុខា បញ្ជាក់ថា ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិ អាចកើតមានឡើងបាន ទោះបីជាស្ថានការណ៍នយោបាយមានសភាពអាក្រក់យ៉ាងណាក៏ដោយ។ ហេតុផល ដែលប្រធានស្តីទីបក្សប្រឆាំង ហ៊ាននិយាយដល់ថ្នាក់នេះ ព្រោះលោកសំអាងថា គណបក្សនៅតែរក្សាគោលដៅច្បាស់លាស់ ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ឥតងាករេ។ តាមលោកកឹម សុខា ទោះក្នុងកាលៈទេសៈណា ក៏បក្សរបស់លោក កាន់តែទទួលបានការគាំទ្រ និងការលើកទឹកចិត្តកាន់តែច្រើនទៅៗ ពីសំណាក់ ថ្នាក់ដឹកនាំ សកម្មជនគណបក្ស មហាជនពីមជ្ឈដ្ឋានផ្សេងៗ និងពីសហគមន៍អន្ដរជាតិ។

ក្រៅពីនោះ បក្សប្រឆាំង ក៏អះអាងថា មកដល់ពេលនេះ ទាំងថ្នាក់ដឹកនាំ ទាំងសកម្មជនគ្រប់លំដាប់ថ្នាក់ រួមទាំងមហាជនផង បានសម្រេចតស៊ូដោយអហិង្សា ជាមួយនឹងគណបក្សសង្គ្រោះជាតិ ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារអភ័យឯកសិទ្ធិសភា និងស្វែងរកយុត្ដិធម៌ ដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងសកម្មជនការពារសិទ្ធិមនុស្សផ្សេងទៀត ដែលកំពុងជាប់ឃុំ។

ជាការកត់សម្គាល់ តាំងពីថ្ងៃទី ២៦ខែឧសភា ថ្ងៃដែលលោកកឹម សុខា មិនចូលខ្លួនតាមដីកាកោះហៅរបស់តុលាការ និងជាថ្ងៃដែលមានការប៉ុនប៉ងចាប់ខ្លួនរួបលោកពីសំណាក់ក្រុមអាជ្ញាធរ ថ្នាក់ដឹកនាំតាមមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ បានឡើងមកទីស្នាក់ការកណ្តាលបក្ស ក្នុងទីក្រុងភ្នំពេញ ជាបន្តបន្ទាប់ ដើម្បីជួបសំណេះសំណាលជាមួយនឹងប្រធានស្តីទីបក្ស ដែលកំពុងតែប្រឈមនឹងប្រព័ន្ធច្បាប់ក្នុងស្រុក នាពេលបច្ចុប្បន្ន។

មុនពេលមានរឿងនេះកើតឡើង គេសង្កេតឃើញថា លោកកឹម សុខា ឧស្សាហ៍ចុះទៅតាមបណ្តាខេត្ត ដើម្បីជួបពង្រឹងការងារជាមួយថ្នាក់ដឹកនាំមូលដ្ឋាន សម្រាប់រៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១៧ នាពេលខាងមុខ ប៉ុន្តែពេលនេះ លោកនៅតែក្នុងទីស្នាក់ការកណ្តាលបក្សបណ្តោះអាសន្ន ក្នុងរាជធានីភ្នំពេញ។

សមាជិកគណបក្សសង្គ្រោះជាតិ ប្រហែលជាកំពុងតែត្រៀមជើងព្រួលជាសេ្រចហើយ ព្រោះគេទំនងជាដឹងថា លោកកឹម សុខា ប្រាកដជាចៀសមិនផុតពីសំណាញ់របស់តុលាការ ខណៈចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២មិថុនា បានចេញដីកាបង្គាប់ថ្មីមួយទៀត ឲ្យចូលខ្លួន នៅថ្ងៃទី១៤ ខែមិថុនាខាងមុខ ទាក់ទងនឹងបទបដិសេធក្នុងការចូលខ្លួន ដែលលោកកឹម សុខា បានប្រព្រឹត្ត កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញតិ្តមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែបើតាមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកកឹម សុខា នឹងនៅតែរក្សាជំហរមិនចូលខ្លួនទៅតុលាការនោះទេ ដោយសំអាងថាលោកជាតំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា ដែលមិនអាចរំលោភបំពានបាន៕

ប្រភពៈ RFI