រឿង​អាជ្ញាធរ​ឃុំ​ប្ញ​ស្សី​ជ្រោយ និង​អាជ្ញាធរ​ស្រុក​មុខកំពូល លក់​ដី​បឹង​ទំហំ​២០​ហិកតា កំពុង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

ករណី​អាជ្ញាធរ​ឃុំ​ប្ញ​ស្សី​ជ្រោយ និង​អាជ្ញាធរ​ស្រុក​មុខកំពូល លក់​ដី​បឹង​រួម​ទំហំ​២០​ហិកតា​ឲ្យ​ក្រុមហ៊ុន​ជាង​១០​កាយ​អាចម៍ដី​ធ្វើ​អាជីវកម្ម​នោះ គឺជា​រឿង​ដែល​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល មិនគួរ​មើលរំលង​ទេ​ហើយ​ត្រូវ​ចាត់វិធានការ​លើ​មន្ត្រី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ជាបន្ទាន់​។ ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​តាម​ដង​បឹង​ជន្លេន ឃុំ​ប្ញ​ស្សី​ជ្រោយ បាន​ឲ្យ​ដឹងថា​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ឃុបឃិត​គ្នា​លក់​ដី​បឹង​ជន្លេន​ស្ងាត់ៗ​ឲ្យ​ក្រុម​ឈ្មួញ​ជាង​១០​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​កាយ​អាចម៍ដី​លក់​។ លើស​នេះ​ទៅទៀត​ប្រជាពលរដ្ឋ​បាន​រិះគន់ថា អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក គិតតែ​រឿង​ប្រយោជន៍​ផ្ទាល់ខ្លួន​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្ញ​ស្សី​ជ្រោយ បាន​ឲ្យ​ដឹងថា កន្លងមក​ពួកគាត់​យក​ទឹក​ពី​បឹង​ជន្លេន ដើម្បី​ស្រោចស្រព​ដំណាំ​និង​ធ្វើស្រែ​ប្រាំង​ជាប្រចាំ ប៉ុន្តែ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ពួកគាត់​មិនអាច​ប្រកប​របរ​កសិកម្ម​តាម​ទម្លាប់​ពីមុន​ឡើយ​។ ដោយហេតុថា ដី​បឹង​ដែល​ជាប់​នឹង​ក្បាលដី​ស្រែចម្ការ​របស់​ពួកគាត់​ត្រូវ​ក្រុមហ៊ុន​មួយចំនួន​កាយ​យក​អាចម៍ដី​លក់​តាម​អំពើ​ចិត្ត ហើយ​ការតវ៉ា​របស់​ពួកគាត់​មិនត្រូវ​បាន​អាជ្ញាធរ​ឃុំ​ប្ញ​ស្សី​ជ្រោយ និង​អាជ្ញាធរ​ស្រុក​មុខកំពូល ចាត់វិធានការ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​ទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា លោក អ៊ុំ ឈុន​ស្រេង មេឃុំ​ប្ញ​ស្សី​ជ្រោយ គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយមាន​ការឃុបឃិត​ពី​ជួរ​អភិបាលស្រុក​មុខកំពូល ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

តំណាង​ប្រជាពលរដ្ឋ​ឃុំ​ប្ញ​ស្សី​ជ្រោយ បាន​ឲ្យ​ដឹងថា លោក អ៊ុំ ឈុន​ស្រេង ដែលជា​មេឃុំ​បាន​យក​គ្រឿងចក្រ​ជីក​អាចម៍ដី​និង​កាយ​អាម​ន៍​ដី​ធ្វើ​អាជីវកម្ម​ខ្លាំងក្លា​ជាងគេ ក្នុងចំណោម​ក្រុមហ៊ុន​ជីក​យក​អាចម៍ដី​ពី​បឹង​ជន្លេន​។ បញ្ហា​នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប្ញ​ស្សី​ជ្រោយ ដែល​រង​ផលប៉ះពាល់​ប្រមូល​ផ្ដុំគ្នា​ធ្វើការ​តវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​រក​ដំណោះស្រាយ ហើយ​លោក ម៉ៅ ភិ​រុណ ជា​អភិបាល​ខេត្តកណ្ដាល ត្រូវ​ទៅពិនិត្យ​ដោយផ្ទាល់​តែម្តង​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​កាយ​អាចម៍ដី​លក់​នៅតែ​បន្ត​ប្រើ​គ្រឿងចក្រ​ធ្វើ​សកម្មភាព​កាន់តែខ្លាំង​ឡើងៗ ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ដោយ​ពួកគេ​កំពុងតែ​សប្បាយ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​៕

29-08-2013-2លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ses-1-22