បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ អាជ្ញាធរ​មិន​ចាត់វិធានការ​ទប់ស្កាត់​

​នៅក្នុង​ខេត្តកំពង់ឆ្នាំង បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ស្រុក​បរិបូរណ៍ និង​ស្រុក​ជល​គិរី ហើយ​រហូតមក​ដល់ពេលនេះ​មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់​ខេត្ត ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​មនុស្ស​ម្នាក់​ឈ្មោះ ឡេង រី ជា​មេខ្យល់​និង​ជា​មេការ​ដែលមាន​ជំនាញ​ខាង​រត់ការ​នាំយក​គ្រឿងចក្រ​ឈូសឆាយ​ព្រៃ និង​ត្រាក់ទ័រ​ភ្ជួរ​ដី​ទៅ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ឈ្មោះ ឡេង រី ជា​អ្នកមាន​ឥទ្ធិពល​មាន​លុយ​រស់នៅ​ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ហើយ​បុគ្គល​នេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ជាមួយ​លោក មូ​ត សៀង​ហេង នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ឆ្នុកទ្រូ និង​លោក គឹម ហាក់ មេឃុំ​កំពង់ព្រះ​គគីរ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក បុគ្គល​ឈ្មោះ ឡេង រី បាន​នាំយក​ត្រាក់ទ័រ​ទៅ​ឈូសឆាយ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​អភិរក្ស​ផ្លូវ​ទូក និង​ចម្ការ​ល្ង ស្ថិតនៅ​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ យ៉ាង​គឃ្លើន​ហើយ​អាជ្ញាធរ​ឃុំ និង​មន្ត្រីរដ្ឋបាល​ជលផល មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិន​បើក​គ្មាន​ការបើក​ដៃ​ពី​មេឃុំ​កំពង់ព្រះ​គគីរ និង​នាយ​សង្កាត់រដ្ឋបាល​ជល​ផល​ឆ្នុកទ្រូ​ទេនោះ គឺ​បុគ្គល​ឈ្មោះ ឡេង រី មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ព្រោះ​អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ បាន​អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ចាត់វិធានការ​ទ​ប​ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា មូ​ត សៀង​ហេង នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ឆ្នុកទ្រូ និង​លោក គឹម ហាក់ មេឃុំ​កំពង់ព្រះ​គគីរ គឺជា​អ្នក​នៅ​ពីក្រោយ​បទល្មើស ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​មហន្តរាយ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន ព្រោះ​បច្ចុប្បន្ន​ជនល្មើស​អាច​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

k-pich k-pich2