បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ឆ្លងកាត់​ខេត្តសៀមរាប កើតឡើង​មិន​ឈប់ឈរ​

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តឧត្ដរមានជ័យ និង​ខេត្តព្រះវិហារ ចូលមក​ក្រុង​សៀមរាប និង​ឆ្លងកាត់​ខេត្តសៀមរាប នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កងរាជអាវុធហត្ថ​ជាដើម គិតគូរ​តែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា យូរៗ​ម្តង​ទើប​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់ ដោយសារតែ​ម្ចាស់​រថយន្ត​ទាំងនោះ​មិន​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ដទៃទៀត​តាម​ការកំណត់​។

កាលពី​ថ្ងៃទី​០១ ខែមិថុនា កន្លងទៅ​ថ្មីៗ​នេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ធ្នង់​១​គ្រឿង​នៅក្នុង​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ រថយន្ត​ដឹកឈើ​ធ្នង់​ខុសច្បាប់​ម៉ាក​នីសា​ន់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-9084 មាន​ផ្ទុក​ឈើ​ធ្នង់​០,៣៧៨២​ម៉ែត្រគូប ហើយ​ក្រោយពេល​បង្ក្រាប​ទាំង​ឈើ​និង​រថយន្ត​ត្រូវ​យកទៅ​ទុក​នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​។ ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​ទូទៅ​ក្នុង​ខេត្តសៀមរាប គ្មាន​ជំនឿ​លើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងការ​បង្ក្រាប​បទល្មើស​នោះទេ ព្រោះ​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​បក្ខពួក ត្រូវបាន​គេ​ដឹងថា គិតគូរ​តែ​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​គេ​ដឹក​យកទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប​យ៉ាង​រលូន ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ ការដែល​លោក ទា គឹម​សុទ្ធ និង​បក្ខពួក​មិន​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ពី​ស្រុក​ជីក្រែង យកទៅ​ចែកចាយ​តាម​ដេប៉ូ និង​រោង​សិប្បកម្ម​ក្នុង​ក្រុង​សៀមរាប ត្រូវគេ​សង្ស័យថា មកពី​ឈ្មួញ​ផ្ដល់​ផលប្រយោជន៍​ទៅ​ឲ្យ​លោក ទា គឹម​សុទ្ធ និង​បក្ខពួក ជាប្រចាំ​។ ដោយសារតែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តសៀមរាប គិតតែ​រឿង​ផលប្រយោជន៍​បែបនេះហើយ ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្ត​នេះ នៅតែ​កើតឡើង​ឥតឈប់ឈរ​៕

13312630_1715815395351818_4308165218554694783_n 13331105_1715815348685156_3220428606451160695_n 13331118_1715815428685148_8653731860151329267_n