កុំ​ដេក​ច្រើន​នៅពេល​កំពុង​បួស​វា​អាច​ឲ្យ​យើង​កាន់តែ​អស់កម្លាំង​ និពន្ធដោយ : អ៊ីសា រ៉ហានី       June-06-2016, 12:14 pm         2455

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កុំ​ដេក​ច្រើន​នៅពេល​កំពុង​បួស​វា​អាច​ឲ្យ​យើង​កាន់តែ​អស់កម្លាំង​​សាសនិក​ឥស្លាម​នៅលើ​សាកលលោក កំពុង​ប្រតិបត្តិការ​បួស​ទៅតាម​សាសនា​។ ខ្មែរឥស្លាម​នៅ​កម្ពុជា​ក៏​ដូចគ្នា ដែល​ពួកគេ​ចាប់ផ្តើម​បួស​ពីថ្ងៃ​ទី​៦ មិថុនា​តទៅ ដោយ​ត្រូវ​តម​អាហារ​ចាប់ពី​ថ្ងៃ​រះ រហូតដល់​ថ្ងៃ​លិច​។ សាសនិក​ឥស្លាម​ដែលមាន​បទពិសោធន៍​ក្នុងការ​តម​អាហារ​ក្នុង​ខែ​បុណ្យ​រ៉​ម៉ា​ឌន បាន​និយាយថា អ្នកខ្លះ​គិតថា ការ​ដេក​ជា​ជម្រើស​ល្អ​នៅពេលដែល​មនុស្ស​មិនបាន​ទទួលទាន​អាហារ តែ​ផ្ទុយទៅវិញ ការ​ដេក​ច្រើន​អាច​កាន់តែ​ឲ្យ​ពួកគេ​អស់កម្លាំង​រិត​តែ​ខ្លាំង​។​

​ខែ​រ៉​ម៉ា​ឌន ឫ​ខែ​បួស​ក្នុង​សាសនា​ឥស្លាម តម្រូវ​ឲ្យ​សាសនិក​ទាំងអស់ តម​អាហារ​ប្រមាណ ១៥​ម៉ោង​ក្នុង​មួយថ្ងៃ គឺ​រាប់​ចាប់ពី​ថ្ងៃ​រះ រហូតដល់​ថ្ងៃ​លិច​។ ការ​តម​អាហារ​នេះ សូម្បីតែ​ទឹក ក៏​មិនត្រូវ​ផឹក​ដែរ​។ អាចជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ជា​បន្ទុក​ដ៏​ធំ សម្រាប់​អ្នកផ្សេង​ក្រៅពី​ឥស្លាម ដែល​ពុំ​ធ្លាប់​ប្រតិបត្តិ​បួស​។ សាសនិក​ឥស្លាម តម្រូវ​ឲ្យ​បួស ពេល​ពួកគេ​ដឹងក្តី អាចមាន​អាយុ​ចាប់ពី ១៤​ឆ្នាំ​ឡើងទៅ តាម​សមត្ថភាព និង​បញ្ញាញាណ​របស់​ពួកគេ​។​

​រ៉​ស៊ីណា គឺជា​បុគ្គលិក​ពេទ្យ​ដែល​កំពុង​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ ជា​បុគ្គលិក​ពេទ្យ ដែល​ពេលខ្លះ​ត្រូវ​ដេក​យាម​ប្រចាំការ​នៅពេល​យប់​ផង​នោះ ធ្វើ​ឲ្យ រ៉​ស៊ីណា មិនបាន​ហូបបាយ​បួស​នោះទេ (​ហូប​មុន​ថ្ងៃ​រះ អាច​នៅ​ម៉ោង ៣ ឫ​៣​កន្លះ​)​។ ដោយសារ​នៅ​មន្ទីរពេទ្យ​រៀង​ស្ងាត់ និង​នាង​មិន​ហ៊ាន​ចំអិន​អាហារ​នៅពេល​យប់​ផង​នោះ ទើប​ធ្វើ​ឲ្យ រ៉​ស៊ីណា មិនបាន​ហូបបាយ​បួស​។ យ៉ាងណាក៏ដោយ ការមិន​ហូបបាយ​បួស ក្នុងន័យ​សាសនា​វា​ពុំសូវល្អ​នោះទេ មានន័យថា គេ​តម្រូវ​ឲ្យ​ហូប មុននឹង​ការ​បួស​ចាប់ផ្តើម​នៅពេល​ថ្ងៃ​រះ​។ 

​សម្រាប់ រ៉​ស៊ីណា នាង​មានការ​តាំងចិត្ត​ខ្ពស់ ចំពោះ​ការប្រតិបត្តិ​បួស​របស់​នាង បើ​ទោះ​ពុំបាន​ហូបបាយ​បួស​ក៏ដោយ​។ នាង​ថា គ្រាន់​តែមាន​អារម្មណ៍​ឃ្លាន​ពេល​ដល់​ម៉ោង​បាយ​ម្តងៗ តែ​វា​នឹង​បាត់​ទៅវិញ បន្ទាប់ពី​ហួស​ម៉ោង​នោះ​។ ទង្វើ​មួយទៀត ដែល រ៉​ស៊ីណា ថា អាច​ឲ្យ​យើង​មាន​សភាព​ទ្រុឌទ្រោម​ដែរនោះ គឺ​គួរ​កុំ​គេង​មួយកន្លែង​។ ការ​គេង​មួយកន្លែង​យូរពេក អាច​ឲ្យ​យើង​កាន់តែ​ឃ្លាន និង​អស់កម្លាំង​។ រ៉​ស៊ីណា ជំរុញ​ឲ្យ​អ្នក​ដែល​កំពុង​បួស​ទាំងអស់ គួរ​ធ្វើ​ការងារ​ផ្សេងៗ ដើម្បី​បន្លំ​ពេលវេលា ដូចជា​ការសូត្រ​គម្ពី​គួរ​អាន​ជាដើម​។​

​ងាក​មក​យុវជន ម៉ាត់ ក្រី​យ៉ា វិញ ដែល​បច្ចុប្បន្ន កំពុង​រៀន​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ឆ្នាំ​ទី​៤ ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ក្រី​យ៉ា ទទួលស្គាល់ថា ការ​បួស​ដំបូងៗ​ពិតជា​ឲ្យ​គេ​មាន​អារម្មណ៍​ហេវ​ហត់ និង​ល្វើយ​បន្តិច​មែន ខណៈ​កំពុង​រៀន​ផង​នោះ​។ ប៉ុន្តែ​ក្រី​យ៉ា​ថា វា​នឹង​ត្រឡប់​ទៅ​សភាព​ដូច​ថ្ងៃ​ធម្មតា​វិញ នៅក្រោយ​យើង​សុំា​នឹង​បួស​ហើយ​នោះ​។​

​ដើម្បី​ឲ្យ​មិត្តភក្តិ​ដឹងថា ខ្លួន​កំពុង​បួស​ក្នុង​ខែ​បុណ្យ​រ៉​ម៉ា​ឌន ក្រី​យ៉ា បាន​ប្រាប់​មិត្តភក្តិ​ត្រង់ៗ ជៀសវាង​ពួកគេ​បបួល​ទៅ​ហូប​អាហារ ដូ​ល​រាល់ដង​។ យុវជន​រូបនេះ ក៏​ទទួលស្គាល់​ដែរ​ថា ការ​ដេក​ច្រើន គឺ​មិនល្អ​ចំពោះ​អ្នក​ដែល​កំពុង​បួស​នោះទេ​។ ក្នុងនោះ ក្រី​យ៉ា បាន​លើកយក​បទពិសោធន៍​ផ្ទាល់ខ្លួន ថា​ការ​ដេក​នៅពេល​ថ្ងៃ ពិតជា​ធ្វើ​ឲ្យ​រូបគេ កាន់តែ​អស់កម្លាំង​ថែម​។ ការ​បួស មិនបាន​ប៉ះពាល់​ដល់​ការសិក្សា​របស់​យុវជន ក្រី​យ៉ា ដែល​រៀន​នៅពេល​ព្រឹក​នោះដែរ​។​

​ខែ​រ៉​ម៉ា​ឌន គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៤ កក្កដា​។ តែបើ​ពុំ​ឃើញ​លោក​ខែ​ទេនោះ ការអនុវត្ត​ខែ​តម​អាហារ​នេះ នឹងត្រូវ​បង្គ្រប់​៣០​ថ្ងៃ គឺ​ត្រូវ​នឹង​ថ្ងៃទី​៥ កក្កដា​។ ខែ​បុណ្យ​រ៉​ម៉ា​ឌន ដែលជា​កាតព្វកិច្ច​ដ៏​ចាំបាច់​របស់​សាសនិក​ឥស្លាម ក្នុងចំណោម​កាតព្វកិច្ច​ទាំង​៥ ក្នុង​សាសនា​។​

​ផ្អែក​តាមច្បាប់​សាសនា ការ​តម​អាហារ​ក្នុង​ខែ​បុណ្យ​រ៉​ម៉ា​ឌន​នេះ គឺ​ដើម្បី​ឲ្យ​សាសនិក​ឥស្លាម​ទាំងអស់ ដឹង​ពី​សុខទុក្ខ​អ្នកក្រ​។ តើ​អ្នកក្រ អ្នក​ខ្វះខាត ពួកគេ​អត់ឃ្លាន​កម្រិតណា នៅពេល​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​? យ៉ាងណា ការ​បួស គឺជា​កាតព្វកិច្ច​របស់​សាសនិក​ឥស្លាម​គ្រប់រូប មិន​ថា​មាន ឫ​ក្រ​នោះទេ ឲ្យ​តែ​ពួកគេ​មានលទ្ធភាព​៕