ការ​នាំ​ចេញ​របស់​វៀតណាម​កើនឡើង​ក្នុង​រយៈពេល​5​ខែ​ដំបូង

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​របស់​វៀតណាម​បាន​កើនឡើង​សម្រាប់​រយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ពោល​គឺ​កើនឡើង​៦,៦% ស្មើនឹង​ទឹកប្រាក់​៦៧,៧​ប៊ី​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ (GSO) ។

សហគ្រាស​ក្នុងស្រុក​បាន​រួមចំណែក​ក្នុង​ទឹកប្រាក់​ជាង​១៩,៤៤​ប៊ី​លាន​ដុល្លារ កើនឡើង​៣,៩%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​ទឹកប្រាក់​ច្រើន​ជាង​៤៨,២៦​ប៊ី​លាន​ដុល្លារ​ទៀត​បាន​មក​ពី​ក្រុមហ៊ុន​ផ្តល់​ទុន​ដោយ​បរទេស កើនឡើង​៧,៧% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ បាន​កើនឡើង​៥៣,៧% ស្មើនឹង​១​ប៊ី​លាន​ដុល្លារ ចំណែក​ទូរស័ព្ទ និង​សម្ភារ​ទូរស័ព្ទ កើនឡើង​២០,៦% ស្មើនឹង​១៤,៤​ប៊ី​លាន​ដុល្លារ ។ រីឯ​ម៉ាស៊ីន និង​ឧបករណ៍ កើនឡើង​៣,៦​ប៊ី​លាន​ដុល្លារ ស្មើនឹង​១៦,២% ចំណែក​កាបូប មួក និង​ឆត្រ បាន​កើនឡើង​១២,១% ស្មើនឹង​១,៣​ប៊ី​លាន​ដុល្លារ​។

ចំណែក​ផលិតផល​ផ្សេង​ទៀត​ដែល​ជួយ​ជំរុញ​ដល់​កំណើន​នាំ​ចេញ​ដែរ​នោះ​រួម​មាន អង្ករ កើនឡើង​៨,៤%, គ្រឿង​អេ​ឡិច​ត្រូ​និក កុំព្យូទ័រ និង​សម្ភារ​កុំព្យូទ័រ កើនឡើង​៥,៤%។ រីឯ​ផលិតផល​ស្បែកជើង​កើនឡើង​៦% និង​គ្រឿង​សមុទ្រ​កើនឡើង​៥,៦% ។

ប៉ុន្តែ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​នេះ ការ​នាំ​ចេញ​នៃ​ផលិតផល​ចម្បង​មួយ​ចំនួន​បាន​ធ្លាក់​ចុះ ដូច​ជា ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​៤៩,២% ស្មើនឹង​៨៨៣​លាន​ដុល្លារ​, ដែក និង​លោហៈ​ធ្លាក់​ចុះ​១០,២% ស្មើនឹង​៦៤៩​លាន​ដុល្លារ និង​ដំឡូង​ធ្លាក់​ចុះ​២២,៧% ។

ការិយាល័យ​ស្ថិតិ​ជាតិ​បាន​រាយការណ៍​ទៀត​ថា ចាប់ពី​ខែមករា ដល់​ខែឧសភា តម្លៃ​នាំ​ចូល​បាន​ធ្លាក់​ចុះ​១%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​ទឹកប្រាក់​៦៦,៣៤​ប៊ី​លាន​ដុល្លារ ជាមួយនឹង​ទឹកប្រាក់​២៧,២​ប៊ី​លាន​ដុល្លារ​បាន​មក​ពី​សហគ្រាស​ក្នុងស្រុក និង​៣៩,១​ប៊ី​លាន​ដុល្លារ​បាន​មក​ពី​អាជីវកម្ម​ដែល​ផ្តល់​មូលនិធិ​ពី​បរទេស ។

ជា​លទ្ធផល ផល​លើស​នៃ​ការ​ធ្វើ​ពាណិជ្ជ​-​កម្ម​មាន​ទឹកប្រាក់​១,៣៦​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ខែ​ដំបូង ពោល​គឺ​ទាប​ជាង​១,៤៦​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ការិយាល័យ​ស្ថិតិ​ជាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា ចិន​នៅ​តែ​ជា​ដៃគូ​នាំ​ចូល​ធំ​បំផុត​របស់​វៀតណាម​។ ក្នុង​រយៈពេល​ដូច​គ្នា​នេះ វៀតណាម បាន​ចំណាយ​ទឹកប្រាក់​ចំនួន​១៩,២​ប៊ី​លាន​ដុល្លារ​សម្រាប់​ការ​នាំ​ចូល​ពី​ចិន ដែល​វា​ជា​តួលេខ​ខ្ពស់​ជាង​៥​ទៅ​៦​ដង​នៃ​តួលេខ​នាំ​ចូល​ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ។

ការ​នាំ​ចូល​ក្នុង​រយៈពេល​៥​ខែ​របស់​វៀតណាម​ពី​ប្រទេស​ជិតខាង បាន​កើនឡើង​ទ្វេ​ដង​ពី​តំបន់​អាស៊ាន និង​កើន​លើស​៣​ដង​ពី​ប្រទេស​ជប៉ុន ។

វៀតណាម​បាន​កំណត់​គោលដៅ​ក្នុង​ទឹកប្រាក់​១៧៨​ប៊ី​លាន​ដុល្លារ​សម្រាប់​ការ​នាំ​ចេញ​នៅ​ដំណាច់ឆ្នាំ​នេះ ដែល​កើនឡើង​ពី​ឆ្នាំ​មុន​១០% និង​គ្រប់គ្រង​ឱនភាព​ពាណិជ្ជកម្ម​៥%។

អ្នកជំនាញ​បាន​ព្យាករ​ថា ៖ « វា​មិន​ពិបាក​ឡើយ​ក្នុង​ការ​ឆ្ពោះទៅ​រក​គោលដៅ​នេះ ខណៈ​ដែល​ការ​នាំ​ចេញ​ត្រូវ​បាន​បើកចំហ​បន្ថែម​ទៀត បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ទ្វេភាគី និង​ពហុ​ជាតិ ដែល​វៀតណាម​បាន​ចុះ​កិច្ចសន្យា​កាលពី​ពេល​ថ្មី​ៗ​នេះ » ៕