អាណិត​ណាស់ ! កំពុង​ទាត់​បាល់​ត្រូវ​រន្ទះបាញ់​ស្លាប់

ខេត្តសៀមរាប ៖ ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាម​ៗ​ពេល​លេង​បាល់ទាត់​ជាមួយ​មិត្តភក្តិ​នៅ​កណ្ដាល​វាលស្រែ​ខណៈ​មេឃ​កំពុង​ភ្លៀង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ដែល​នៅ​ជិត​នោះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​វាលស្រែ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

មន្ត្រី​មូលដ្ឋាន​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ករណី​ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​មិត្តភក្តិ​ជា​ច្រើន​នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ពេល​កំពុង​លេង​បាល់ទាត់​នៅ​វាលស្រែ ខណៈ​មេឃ​កំពុង​ភ្លៀង​លាយឡំ​និង​រន្ទះ ។ ភ្លាម​ៗ​នោះ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត ក៏​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ដេក​ស្លាប់​ពិតប្រាកដ​មែន ។

លោក​បញ្ជាក់​ថា ជន​រង​គ្រោះ​មានឈ្មោះ ម៉ាក់ ហាត់​ដា​វី អាយុ​១៦​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ តាម​ការ​ពិនិត្យ​សាកសព ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​សាលា​កំរើក បាន​ប្រគល់​សព​ក្មេង​ប្រុស​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕