បង្ក្រាប​បានតែអណ្ដើក និង​ពស់ជិត​1​តោន​រៀប​ឆ្លង​ព្រំដែន​ បាត់ជនល្មើស​

បង្ក្រាប​បានតែអណ្ដើក និង​ពស់ជិត​1​តោន​រៀប​ឆ្លង​ព្រំដែន​ បាត់ជនល្មើស​



ខេត្ដកណ្ដាល ៖ មន្ដ្រី​គយ​ច្រក​ទ្វារ​ជ្រៃ​ធំ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​មាន​ប្រភេទ​សត្វ​អណ្តើក និង​ពស់​ជិត​១​តោន ដែល​ឈ្មួញ​បម្រុង​លួច​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ មិថុនា ស្ថិត​ក្នុងភូមិ​ប៉ាក់ណាម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល ។

លោក​មួ​ង តារា ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ជ្រៃ​ធំ បាន​ប្រាប់​ឲ្យ​ដឹង​ថា សត្វព្រៃ​ដែល​បង្ក្រាប​បាន​សរុប​ជិត​១​តោន ក្នុង​នោះ​មាន​សត្វ​អណ្តើក ចំនួន​៣៦៤​គីឡូក្រាម ជា​ប្រភេទ​អណ្តើក​ភ្នំ ពស់ថ្លាន់​១៦​គីឡូក្រាម និង​ពស់​សង់​សឿ ៤៣៣​គីឡូក្រាម ។

លោក​បាន​បន្ត​ទៀត​ថា នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ មិថុនា កម្លាំង​គយ ប្រចាំ​នៅ​ឃុំ​ព្រែក​ជ្រៃ មានការ​សង្ស័យ​ថា មាន​ឈ្មួញ​បម្រុង​នាំ​សត្វព្រៃ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ក៏​បាន​តាម​ប្រមាញ់​។ ពេល​នោះ ក្រុម​ឈ្មួញ​បានដឹង បាន​ព្យាយាម​យក​សត្វព្រៃ​ទាំងនោះ ទៅ​លាក់​ទុក​នៅ​ភូមិ​ប៉ាក់ណាម ជិត​ព្រំដែន​វៀតណាម ពេល​នោះ​កម្លាំង​គយ​ប្រចាំការ​នៅ​ទីនោះ បាន​តាម​រក​ឃើញ​សត្វព្រៃ​ចំណែក​ឈ្មួញ​សត្វព្រៃ បាន​រត់គេច​ខ្លួន​បាត់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា សត្វ​ពស់ និង​អណ្ដើក​ទាំង​អស់នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​អង្គការ​អភិរក្ស​សត្វព្រៃ ដើម្បី​យក​ទៅ​លែង​នៅ​កន្លែង​អភិរក្ស​សត្វព្រៃ​នៅ​ភ្នំ​តា​ម៉ៅ ។ ចំណែក​អណ្តើក​ត្រូវ​យក​ទៅ​លែង​នៅ​ក្រុងព្រះសីហនុ ប៉ុន្តែ​ត្រូវ​ថែរក្សា​សត្វ​ទាំងនេះ​មាន​កម្លាំង​សិន​ទើប​យក​ទៅ​លែង​បាន ។

លោក មួ​ង តារា ប្រធាន​ការិយាល័យ​គយ​ជ្រៃ​ធំ បាន​លើក​ឡើង​ថា អគ្គនាយក​គយ តែងតែ​ក្រើនរំលឹក​ដល់​មន្ដ្រី​របស់​ក្រោម​ឱវាទ​ឱ្យ​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ច្រកព្រំដែន​ទាំងអស់ ក្នុង​ការ​តាម​បង្ក្រាប​បទ​លើ្ម​ស​គេចពន្ធ​ដែល​ឈ្មួញ​ខិល​ខួច​តែងតែ​លួច​ដឹក​ឆ្លង​ដែន ពិសេស​បទល្មើស​សត្វព្រៃ ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​បង្ក្រាប​ឱ្យ​ខាង​តែ​បាន ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​នេះ កន្លង​មក​គេ​ដឹង​ថា កម្លាំង​គយ​នៅ​ច្រក​ទ្វា​ជ្រៃ​ធំ តែងតែ​ធ្វើការ​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ​ឆ្លង​ដែន​នេះ​បានជា​បន្តបន្ទាប់ ប៉ុន្តែ​ក្រុម​ឈ្មួញ​នៅ​តែ​មិន​រាងចាល​សោះ ។ បើ​ទោះជា​បែប​ណា ការ​ជួញដូរ​សត្វព្រៃ​នេះ​គឺ​ចៀស​មិន​ផុត​ពី​ត្រូវ​បង្ក្រាប​បាន បើ​មិន​គយ​ចាប់​ក៏​ត្រូវ​នគរបាល ឬ​មេព្រៃ​ចាប់​បាន​ដែរ ប៉ុន្តែ​គេ​កម្រ​ឃើញ​ចាប់​បាន​ជនល្មើស​ណាស់ ៕