រេ​ចង្កូត​ធ្លាក់​ប្រឡាយប៉ូលិស​ផាក​40​ម៉ឺន​រៀល អ្នក​រួម​ដំណើរ​80​ម៉ឺន​រៀល

រេ​ចង្កូត​ធ្លាក់​ប្រឡាយប៉ូលិស​ផាក​40​ម៉ឺន​រៀល អ្នក​រួម​ដំណើរ​80​ម៉ឺន​រៀល



ខេត្តឧត្ដរមានជ័យ ៖ រថយន្ត​កាម​រី​មួយ​គ្រឿង ពណ៌​បៃតង ស៊េរី​៩៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​២D-១៧៨២ បាន​បើក​ធ្លាក់​ប្រឡាយ​បណ្ដាល​ឱ្យ​រង​របួសស្រាល​ម្នាក់ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី ៣ មិថុនា នៅ​តាម​បណ្តោយ​ផ្លូវ​យុទ្ធសាស្ត្រ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងភូមិ​តា​កេ​ត ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ។

អ្នក​បើករថយន្ត​ឈ្មោះ សោម ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ រ៉ាត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​ថា គេ​បានឃើញ​រថយន្ត​កាម​រី​មួយ​គ្រឿង​នេះ​ជិះ​គ្នា​២​នាក់ បើកបរ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ប្រឡាយ​នៅ​ខាងស្តាំ​ដៃ​តែ​ម្ដង​បណ្ដាល​ឱ្យ​រង​របួសស្រាល ម្នាក់ ។ បន្តិច​ក្រោយមក គេ​បានឃើញប៉ូលិស​ចរាចរណ៍​ស្រុក​ត្រពាំង​ប្រាសាទ ចុះ​មក​វាស់វែង ។

អ្នកបើកបរ​រថយន្ត អះអាង​ថា ពួក​គាត់​ទាំង​២​នាក់​នេះ​មាន​គោលបំណង​ទៅ​ដឹកឈើ​គ្រញូង​នៅ​ក្នុង​ឃុំ​អូរ​ស្វាយ តែ​ជា​អកុសល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវប៉ូលិស​ចរាចរណ៍​ផាកពិន័យ​អស់​៤០​ម៉ឺន​រៀល បើ​មិន​ឱ្យ​ទេ​ប៉ូលិស​នឹង​យក​រថយន្ត​ទៅ​អធិការដ្ឋាន​ស្រុក ចំណែក​អ្នក​រង​របួសស្រាល ក៏​ត្រូវ​បង់​ឱ្យ​៨០​ម៉ឺន​រៀល​ដែរ ៕