ស្ត្រី​៧នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​សង្កាត់​ព្រៃស​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

ក្រុម​ស្ត្រី​សកម្មជន​ដីធ្លី​៦នាក់ និង​អ្នក​សារព័ត៌មាន​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍១នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដង្កោ រាប់​សិប​នាក់ ចាប់​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មិថុនា។

ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​ពីរ​កន្លែង​ផ្សេង​គ្នា មួយ​កន្លែង​នៅ​តាម​ផ្លូវ​ក្រោយ​គុក​ព្រៃ​ស និង​មួយ​កន្លែង​ទៀត​នៅ​ពី​មុខ​ច្រក​ចូល​គុក​ព្រៃ។ សកម្មជន​ដីធ្លី​៦នាក់​នោះ មាន​លោក​ស្រី ច្រាយ នីម មក​ពី​សហគមន៍​ថ្មគោល អេស.អូ.អេស កញ្ញា អ៊ឹម ស្រីទូច មក​ពី​បណ្ដាញ​ស្ត្រី​អតីត​បឹង​កក់ លោកស្រី ជុំ ង៉ាន់ លោកស្រី យ៉ិន ស្រ៊ីន លោកស្រី សោម សុម៉ាលី និង​លោកស្រី ង៉ូវ ណារី មក​ពី​សហគមន៍​បុរី​កីឡា​៣​មករា។

ចំណែក កញ្ញា ហឹម ស្រីមុំ ជា​អ្នក​សារព័ត៌មាន​ឲ្យ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដែរ ខណៈ​នាង​ប្រើ​ទូរស័ព្ទ​ថត​សកម្មភាព​ចាប់​ខ្លួន​ស្ត្រី​បី​នាក់​នៅ​មុខ​គុក​ព្រៃស ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​៤​រូប និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​១​រូប។

សម្រាប់​លោកស្រី ច្រាយ នីម ដែល​ស្ថិត​នៅ​ក្នុង​ការ​ចាប់​ខ្លួន​ដែរ​នោះ នៅ​តែ​ប្រកាន់​ជំហរ​ថា ពួកគាត់​នឹង​នៅ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​សកម្មភាព​តវ៉ា​ដោយ​ពាក់​អាវ​ខ្មៅ​រាល់​ថ្ងៃ​ច័ន្ទ តទៅ​ទៀត​ លុះ​ត្រាតែ​មាន​ការ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មន្ត្រី​គ..ប ដោយ​គ្មាន​លក្ខខណ្ឌ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។