បក្ស​ប្រឆាំង​នឹង​ធ្វើ​ពិធី​ព្រះពុទ្ធ​សាសនា​បួងសួង​ឲ្យ​មាន​ការ​គោរព​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ងាក​ទៅ​រៀបចំ​ធ្វើ​ពិធី​តាម​បែប​ព្រះពុទ្ធសាសនា នៅ​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ដើម្បី​បួងសួង​ឲ្យ​មាន​ការ​គោរព​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ​គ្រប់​រូប។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ប្រកាស​អំពី​ការ​ធ្វើ​ពិធី​នេះ​ដល់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្ដាល នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ មិថុនា។ លោក​ថា ការ​ធ្វើ​ពិធី​នេះ គឺ​ជា​ការ​តស៊ូ​មតិ​ទាំង​តាម​ផ្លូវ​អាណាចក្រ និង​ផ្លូវ​សាសនា៖ «និមន្ត​លោក ១២៣​អង្គ ដើម្បី​សូត្រ​មន្ត និង​រាប់​បាត្រ ដើម្បី​ទទួល​បាន​មក​វិញ ធ្វើ​ម៉េច​ឲ្យ​សីល​ទាន​ទាំង​ប៉ុន្មាន​ការពារ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ​ទាំង ១២៣​រូប ថែម​ទាំង​ព្រឹទ្ធសភា ៦១​រូប​ទៀត ប៉ុន្តែ​ដោយសារ​ទីធ្លា​ចង្អៀត​មិន​អាច​អង្គុយ​បាន ១៨៤​ទេ បាន​តែ ១២៣​អង្គ។ ប៉ុន្តែ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល ដើម្បី​ការពារ​ទៅ​ដល់​ការពារ​អភ័យ​ឯកសិទ្ធិ​ទាំង​សមាជិក​សភា ១២៣​រូប និង​ទាំង​ព្រឹទ្ធសភា ៦១​រូប»

លោក យឹម សុវណ្ណ ក៏​ប្រកាស​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​សកម្មភាព​ប្រមូល​ផ្ដុំ​អ្នក​គាំទ្រ​នា​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន និង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​គាំទ្រ​ញត្តិ រហូត​ទាល់​តែ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ហៅ​ថា ជា​ការ​រំលោភ​អភ័យ​ឯកសិទ្ធិ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ចប់​បរិយាកាស​នយោបាយ​តានតឹង​បច្ចុប្បន្ន ដោយ​ការ​ដោះ​លែង​សកម្មជន​គណបក្ស សកម្មជន​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​កំពុង​ជាប់​ឃុំ​ឃាំង។

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រមូល​ញត្តិ​ពី​ពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ហើយ​ហែ​ញត្តិ​ទាំង​នោះ​ទៅ​ព្រះបរមរាជវាំង​ទៀត​នៅ​រសៀល​ថ្ងៃ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។