អ្នកកាសែត​អា​មេ​រិ​ក​ម្នាក់ និង​អ្នកបកប្រែ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

អ្នកកាសែត​អា​មេ​រិ​ក​លោក DAVID GILKEY និង​អ្នកបកប្រែ​លោក ZABIHALLAH TAMANNA បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៥ មិថុនា ពេល​អ្នក​ទាំង​២​កំពុង​ធ្វើ​ដំណើរ​ជាមួយ​កងឯកភាព​មួយ​របស់​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​រង​ការ​វាយប្រហារ​នៅ​ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន ។

វិទ្យុ​រដ្ឋ​អា​មេ​រិ​ក NPR គូសបញ្ជាក់​ថា ការ​វាយប្រហារ​នេះ​ដែល​បណ្តាល​ឱ្យ​លោក DAVID GILKEY អ្នកកាសែត​ថតរូប​ភាព​អាយុ​៥០​ឆ្នាំ និង​អ្នកបកប្រែ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​កើត​មាន​ក្នុង​ខេត្ត​ហែល​ម៉​ង់​ភាគ​ខាងត្បូង​ប្រទេស ។ អ្នកកាសែត​បរទេស​២​នាក់​ទៀត ដែល​ធ្វើ​ដំណើរ​ជាមួយ​គ្នា​គឺ​លោក TOM BOUMAN និង​លោកស្រី MONIKA EVSTATIEVA ពុំ​រង​របួស​ឡើយ ។

លោក MICHAEL ORESKES អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​វិទ្យុ NPR ថ្លែង​ថា លោក DAVID ជា​អ្នកកាសែត​តាមដាន​យក​ព័ត៌មាន​ពី​សង្គ្រាម និង​ជម្លោះ​នៅ​អីុ​រ៉ា​ក់ ព្រមទាំង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី​ថ្ងៃ​ទី​១១ កញ្ញា មក ។ លោក​ហ៊ាន​ប្រថុយ​ជីវិត ដើម្បី​អាច​ឱ្យ​សាធារណជន​បានឃើញ​ពី​សង្គ្រាម​ទាំងនេះ ព្រមទាំង​ពី​បណ្តា​មនុស្ស​ដែល​រង​គ្រោះ​ដោយ​សង្គ្រាម​។ លោក​ស្លាប់ ព្រោះតែ​បំពេញ​ការ​សន្យា​នេះ ។ ក្នុង​ឋានៈ​ជា​អ្នក​យក​ព័ត៌មាន​រូបភាព លោក DAVID GILKEY បាន​ផ្តល់​តម្លៃ​ដល់​មនុស្សជាតិ​ដែល​ស្ថិត​នៅ​ជុំវិញ​ខ្លួន​លោក ។

លោក DAVID GILKEY ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​ដោយសារ​ការងារ​ថតរូប​ភាព​របស់​លោក និង​ភាព​សកម្ម​របស់​លោក​លើ​ពិភពលោក ពិសេស​នៅ​អីុ​រ៉ា​ក់ និង​នៅ​អាហ្វ្រិក។ កាលពី​ឆ្នាំ​២០០៧ លោក​ទទួល​ពានរង្វាន់ EMMY AWARD ដោយសារ​វី​ដេ​អូ​របស់​លោក​ពី​ជីវិត​នៅ​អុ​ី​រ៉ា​ក់​របស់​កង​ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​មាន​ដើម​កំណើត​នៅ​មី​ជី​ហ្គេ​ន ។ រូបភាព​ទាំងឡាយ​ដែល​លោក​ថត​បាន​ក៏​រួមចំណែក​ឱ្យ​វិទ្យុ NPR ទទួល​បាន​ពានរង្វាន់ PEABODY AWARD មក​ពី​លោក​យក​ព័ត៌មាន​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អេ​បូ​ឡា​នៅ​អាហ្វ្រិក ៕