កម្ពុជា​ប៉ះ​ក្រុម​ចិន​តៃប៉ិ​ថ្ងៃស្អែក​នេះ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ពី​មន្ត្រី​FIFA

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៧ មិថុនា ​នេះ ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ចិន​តៃប៉ិ នឹង​កើតឡើង​ហើយ ដោយ​មាន​អ្នកគាំទ្រ​រហូត​ដល់​រាប់​ម៉ឺន​នាក់​ប្រកាស​ទៅ​គាំទ្រ​ដល់​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ ការ​ប្រកួត​របស់​ក្រុម​ទាំង​ពីរ​ត្រូវ​គេ​កត់​សម្គាល់ថា ស្ថិត​ក្រោម​ការ​តាមដាន​យ៉ាង​ដិត​ដល់​បំផុត បន្ទាប់​ពី​ខាង​ FIFA បាន​​ប្រកាស​ថា ដើម្បី​បញ្ចៀស​អ្នកគាំទ្រ​កម្ពុជា​ធ្វើ​រឿង​សងសឹក​ក្រុម​ចិន​តៃប៉ិ​ដែល​បាន​សាង​កំហុស​ដោយ​កីឡាករ​ម្នាក់​កាល​ប្រកួត​នៅ​តៃវ៉ាន់​នោះ FIFA​ បាន​ដកសិទ្ធិ​កីឡាករ​រូប​នោះ​មិន​ឱ្យ​ប្រកួត​បន្ត​ទៀត​ទេ ។ ក្រុម​អ្នក​រៀបចំ​ការ​ប្រកួត​ក៏​បាន​ឃ្លាំមើល​ពី​បាតុភាព​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ពី​សំណាក់​កីឡាករ​ និង​កីឡាករ និង​ពី​សំណាក់​អ្នក​ទស្សនា​ដែល​មាន​ចំនួន​ច្រើន​កុះករ​នៅ​ល្ងាចស្អែក​​នេះ​ផង​ដែរ ។

នៅ​ថ្ងៃស្អែកនេះ​គេ​ប៉ាន់​ស្មានថា ចំនួន​អ្នក​ទស្សនាការ​ប្រកួត​ជើង​ទី​២​រវាង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា និង​ក្រុម​ចិន​តៃប៉ិ នឹង​មិន​តិច​ជាង​៥​ម៉ឺន​នាក់​នោះ​ទេ ដោយសារ​តែ​នោះ​ជា​ការ​ប្រកួត​អន្តរជាតិ​សម្រាប់​បោះ​ជំហាន​ទៅ​កាន់​ព្រឹត្តិការណ៍​ AFC Asian Cup 2019 ។ ម្យ៉ាង​បណ្ដាល​មក​ពី​ការ​ប្រកួត​ក្នុង​ជើង​ទី​១​ជាមួយ​ក្រុម​ភ្ញៀវ​មួយ​នេះ ក្រុម​កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា​ បាន​ពិន្ទុ​ស្មើ​ត្រឡប់​មក​វិញ ព្រម​ជាមួយនឹង​ឱកាស​មាន​ប្រៀប​រាប់​មិន​អស់នោះ​ផង ។ ម្នាក់​ៗ​សុទ្ធតែ​ទស្សន៍​ទាយ​ថា ក្រុម​កម្ពុជា​នឹង​ស៊ី​ក្រុម​ចិន​តៃប៉ិ​ដូច​គ្នា​នឹង​ការ​ប្រកួត​ឈ្នះ​ក្រុម​ទី​ម័​រ​ខាងកើត​កាលពី​ថ្ងៃ​ទី​២៩ ឧសភា កន្លង​ទៅ ទើប​សំបុត្រ​ដែល​បាន​ដាក់​លក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់ ត្រូវ​បាន​ប្រកាស​ថា លក់​អស់​តាំងពី​ប៉ុន្មាន​ថ្ងៃមុន​សម្រាប់​កន្លែង​ VIP មាន​ដំបូល និង​ជ្រុង​ខ្លះ​នៅ​ជុំវិញ​ទីលាន ។

ក្រុម​កម្ពុជា​ក៏​បាន​បង្កើន​កម្លាំងចិត្ត​ព្រម​ជាមួយនឹង​ក្ដី​សង្ឃឹមថា ឈ្នះ​ភាគច្រើន​ផង​ដែរ បន្ទាប់​ពី​មាន​ដំណឹង​ថា​ ចំនួន​អ្នក​ទស្សនា​ដោយ​ផ្ទាល់​នៅ​ល្ងាចថ្ងៃ​ស្អែក​​នេះ នឹង​ច្រើន​ហួស​ពី​ការ​ស្មាន ដែល​អាច​ច្រើន​ជាង​ការ​ប្រកួត​ជាមួយ​ក្រុម​ទី​ម័​រ​ខាងកើត​ទៅ​ទៀត ។ ក្រុម​អ្នកគាំទ្រ​ទាំងចាស់ទាំងក្មេង ក៏​ត្រូវ​គេ​ឃើញ​បង្ហាញ​គោល​ជំហរ​ថា​នឹង​ទៅ​មើល​ផ្ទាល់​ភ្នែក​ឱ្យ​ខាង​តែ​បាន ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​កម្ពុជា​នោះ​ផង​។ អ៊ីចឹង​ហើយ​ទើប​មានការ​ប៉ាន់​ស្មានថា យ៉ាង​ហោច​ក៏​មាន​អ្នក​ទស្សនា​ដោយ​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រហូត​ដល់​៥​ម៉ឺន​នាក់​ឬ​អាច​ច្រើន​ជាង​នេះ​ទៅ​ទៀត ដោយសារ​តែ​ក្រុម​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ទាំង​ការ​ប្រកួត​ជាមួយ​ក្រុម​ទី​ម័​រ​ខាងកើត និង​ជាមួយ​ក្រុម​ភ្ញៀវ​មួយ​នេះ​នៅ​ក្រៅ​ទឹកដី​ម្ដង​ហើយ ។

យ៉ាងណា​ក៏​ដោយ ការ​ប្រកួត​លើក​នេះ​ត្រូវ​គេ​ព្យាករ​ទុក​មុន​ថា នឹង​កក្រើក​ស្ដា​ត​អូ​ឡាំ​ពិ​ក ​ប្រសិនបើ​គ្មាន​ការ​រំខាន​ដោយ​ភ្លៀង និង​ស្ថិត​ក្រោម​អារម្មណ៍​ភ័យ​ផង​អរ​ផង​បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​កើតឡើង​រវាង​អ្នកគាំទ្រ​កីឡាករ​កម្ពុជា និង​កីឡាករ​ក្រុម​ចិន​តៃប៉ិ​នៅ​មិន​ទាន់​ស្ងប់ស្ងាត់​ទាំងស្រុង​នោះ ។

មន្ត្រី​សហព័ន្ធ​បាន​ទទូច​កុំឱ្យ​មានការ​សងសឹក ឬ​ធ្វើ​សកម្មភាព​មិនល្អ​ណាមួយ​ទៅ​លើ​ក្រុមបាល់ទាត់​ចិន​តៃប៉ិ បើ​ទោះជា​កីឡាករ​ម្នាក់​នៅ​ក្នុង​ក្រុម​នេះ បាន​ចង្អុលមុខ និង​ស្ដោះ​ទឹកមាត់​ដាក់​កីឡាករ​កម្ពុជា​ធ្វើ​ឱ្យ​មាន​កំហឹង​ពី​សំណាក់​អ្នកគាំទ្រ​នៅ​ក្នុងស្រុក​ក្ដី ។ បើ​ទោះជា​កីឡាករ​ដដែល​នោះ​បាន​បង្ហោះ​សារ​សុំ​ទោស​ជា​សាធារណៈ និង​ត្រូវ​បាន​ចុះ​ផ្សាយ​​ដោយសារ​ព័ត៌មាន​នៅ​តៃវ៉ាន់​រួច​ហើយ​ក៏​ដោយ ក៏​ក្រុម​អ្នកគាំទ្រ​នៅ​តែ​បាន​តាំងចិត្ត​ថា នឹង​ធ្វើ​ឱ្យ​កីឡាករ​ចិន​តៃប៉ិ​នោះ​ទទួល​រង​នូវ​ភាព​អាម៉ាស់​វិញ​នៅ​ពេល​មក​ប្រកួត​នៅ​កម្ពុ​ជា នា​ថ្ងៃ​ទី​៧ មិថុនា នេះ ។ ប៉ុន្តែ​ឆ្លើយ​តប​នឹង​កំហឹង​ដែល​មន្ត្រី ​FIFA ជា​អ្នក​រៀបចំ​ការ​ប្រកួត​ប្រកាស​ថា ជា​រឿង​ហួសហេតុ​នោះ តំណាង​របស់ ​FIFA ដដែល​បាន​អះអាង​ថា ប្រសិនបើ​ក្រុម​អ្នកគាំទ្រ​កម្ពុជា​សាង​រឿង​អាម៉ាស់​ឱ្យ​ក្រុម​ចិន​តៃប៉ិ​ជា​ការ​សងសឹក​មែន​នោះ គឺ​ទោះជា​ក្រុម​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត​ល្ងាចស្អែក​នេះ ក៏​នឹង​ដកសិទ្ធិ​មិន​ឱ្យ​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFC Asian Cup 2019 នោះ​ដែរ ទើប​គេ​ឃើញ​តំណាង​សហព័ន្ធ​កីឡាបាល់ទាត់ និង​តំណាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ​ទទូច​កុំឱ្យ​មានការ​សងសឹក​ណាមួយ ឬ​បញ្ចេញ​សកម្មភាព​ណាមួយ​ទៅ​លើ​ក្រុម​ភ្ញៀវ​បើ​ទោះជា​លទ្ធផល​ក្រុម​ណា​ឈ្នះ​ក៏​ដោយ ។ មានការ​យល់​ស្រប​ថា ការ​ប្រកួត​លើក​ទី​២ ​រវាង​ក្រុម​កម្ពុជា និង​ក្រុម​ចិន​តៃប៉ិ គឺជា​ការ​កំណត់​ជោគវាសនា​តាម​រយៈ​គ្រាប់​បាល់​ផង និង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​ពិសេស​ពី​សំណាក់​មន្ត្រី​ FIFA និង​សហព័ន្ធ​បាល់ទាត់​ផង ដើម្បី​កុំឱ្យ​មាន​សកម្មភាព​ឌឺដង​ក្នុង​ន័យ​សងសឹក​ណាមួយ​កើតឡើង​នៅ​ក្នុង​ពេល និង​ក្រោយ​ពេល​ប្រកួត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២ មិថុនា នៅ​តៃវ៉ាន់ ក្រុម​កម្ពុជា និង​ក្រុម​ចិន​តៃប៉ិ រកបាន​ពីរ​គ្រាប់​ដូច​គ្នា ហើយ​បើ​កុំ​តែ​កីឡាករ​កម្ពុជា​ភ្លាត់​មួយ​គ្រាប់​ពេល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​នោះ កុំ​អី​ក្រុម​កម្ពុជា​ឈ្នះ​តាំងពី​ជើង​ទី​១​នោះ​បាត់​ទៅ​ហើយ ។ កីឡាករ​ចិន​តៃប៉ិ​ឈ្មោះ Huang Wei-min ជា​អ្នក​រកបាន​មួយ​គ្រាប់​មុនគេ​នៅ​នាទី​ទី​៦ ខណៈ​ដែល​នាទី​ទី​៨ កីឡាករ​កម្ពុជា កែវ សុខ​ផេង រកបាន​មួយ​គ្រាប់​សង​វិញ ។ នៅ​នាទី​ទី​២២ កីឡាករ​ចិន​តៃប៉ិ​ឈ្មោះ Chen Po-liang​រកបាន​គ្រាប់​បាល់​ទី​២ មុន​ពេល​កីឡាករ​កម្ពុជា ឈិ​ន ឈឿ​ន រកបាន​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី​៣១ ។ យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា ការ​ប្រកួត​សម្រាប់​ជើង​ទី​២​រវាង​ក្រុម​ទាំង​ពីរ​តើ​កម្ពុជា​ពិតជា​ឈ្នះ ឬ​ស្ថិត​ក្នុង​លទ្ធផល​យ៉ាងណា​នោះ​ទេ ដោយ​ការ​ប៉ាន់ស្មាន​គ្រាន់តែ​ស្របគ្នា​ថា នឹង​មាន​អ្នក​ទស្សនា​កក​ក្ដាំង​នៅ​ទីលាន​ប្រកួត ប្រសិនបើ​គ្មាន​ការ​រំខាន​ដោយ​ភ្លៀង​នោះ​តែ​ប៉ុណ្ណោះ ៕