បន្ទាប់​​​ពីនគរ​​​បាល​​​បាន​​​បាញ់​​​កាំភ្លើង​​​ ជនសង្ស័យ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​​​​តុលាការ​​​

នគរបាលនៅតែបដិសេធមិនប្រាប់ឈ្មោះ មន្ត្រីនគរបាលដែលបានបាញ់អ្នកបើកបរម៉ូតូគ្មានអាវុធត្រូវចំជើងនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ខណៈអ្នកបើកបរម៉ូតូរូបនេះ និងអ្នករួមដំណើរត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីកាលពីចុងសប្តាហ៍សម្រាប់ការសាកសួរពាក់ព័ន្ធកញ្ចប់ថ្នាំញៀនប្រភេទម៉ាទឹកកកដែលគេរកឃើញនៅក្រោមកែបម៉ូតូ។ លោក អីុវ ឈុនផេង អធិការរងនគរបាល ខណ្ឌឫស្សីកែវ ជាកន្លែងដែលការបាញ់ប្រហារបានកើតឡើងនោះ បានលើកឡើងថាអ្នកទាំងពីរនាក់នេះត្រូវបានសាកសួរចំនួនពីរលើកនៅសាលាដំបូងរាជធានីកាល ពីចុងសប្តាហ៍ពាក់ព័ន្ធការចោទប្រកាន់ពីបទមានថ្នាំញៀន ប៉ុន្តែ ថាលោកមិនដឹងថា តើពួកគេត្រូវបានចោទប្រកាន់ឬអត់នោះ។ លោក អីុវ ឈុនផេង បានបដិសេធមិនប្រាប់ឈ្មោះមន្ត្រីនគរបាលដែលបានបាញ់កាំភ្លើងនោះឡើយ ប៉ុន្តែ បាននិយាយការពារសកម្មភាពរបស់សហការីលោកដែលអះអាងថា មន្ត្រីនគរបាលរូបនោះធ្វើដូច្នេះដើម្បីការពារខ្លួន។ លោកបានលើកឡើងថា មានការបាញ់កាំភ្លើងពេលប៉ះទង្គិចគ្នា ខណៈនគរបាលព្យាយាមឃាត់បុរសពីរនាក់នេះ ដែលតដៃ។ លោកបានថ្លែងថា “យោងតាមការយល់ឃើញរបស់ខ្ញុំ វាមិនមានអីខុសទេ ព្រោះមានការតដៃ។ ប្រសិនបើនគរបាលបានបាញ់កាំភ្លើង វាមិនខុសទេ ព្រោះពួកគេតដៃអាជ្ញាធរដែលការពារខ្លួនឯង”។ ពេលសួរតាមក្រោយនៅថ្ងៃដដែលសម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធការបាញ់កាំភ្លើងនេះលោក អីុវ ឈុនផេង បានសួរអ្នកយកព័ត៌មានថា ហេតុអ្វីបានជាចាប់អារម្មណ៍រឿងនេះខ្លាំងម្លេ៉ះ។ លោកបានមានប្រសាសន៍ថា “ហេតុអ្វីបានជាលោកចាប់អារម្មណ៍ខ្លាំងម្លេ៉ះមកលើករណីនេះ? ចុះការចាប់ខ្លួនជនសង្ស័យនៅក្នុងអំពើចោរកម្ម និងអំពើប្លន់ ហេតុអ្វីក៏លោកមិនសួរផង?។ ខ្ញុំបានបញ្ជូនករណីនេះទៅកាន់តុលាការរួចហើយថា តើតុលាការនឹងចាត់វិធានការយ៉ាងណានោះ ខ្ញុំមិនដឹងទេ។ ខ្ញុំអស់អីនិយាយហើយ”។ មន្ត្រីតុលាការមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក អឿន សុធារ៉ា អាយុ៣០ឆ្នាំជាជនរងគ្រោះដែលត្រូវគេបាញ់នោះ ជាអ្នកឌុបអ៊ុត សនាង អាយុ២៥ឆ្នាំពេលនគរបាលឃាត់គាត់់ឲ្យឈប់ ព្រោះម៉ូតូរបស់គាត់គ្មានសា្លាកលេខ។ ដំបូងឡើយជនរងគ្រោះរូបនេះបានបន្ថយល្បឿន ប៉ុន្តែ បន្ទាប់មកបានបន្ថែមល្បឿនបើកគេច ដោយធ្វើឲ្យមន្ត្រីនគរបាលដេញតាមគាត់ ហើយទីបំផុតបានបាញ់គាត់ត្រូវកំភួនជើងខាងស្តាំ។ លោក សុក សំអឿន មេធាវីការពារសិទ្ធិមនុស្សដ៏លេចធ្លោ បានលើកឡើងថា ករណីនេះទំនងជាមិនដល់ថ្នាក់ត្រូវប្រើកាំភ្លើងដើម្បី “ការពារខ្លួននោះទេ”។ លោកបានថ្លែងថា “ខ្ញុំមិនដឹងរឿងពិតទេ អ្វីដែលបុរសរូបនោះបានធ្វើ ខ្ញុំមិនបានដឹងលម្អិតនោះឡើយ ប៉ុន្តែ នៅក្នុងករណីនេះ ខ្ញុំគិតថា បុរសទាំងពីរនាក់នោះមិនបានធ្វើការបាញ់ប្រហារណាមួយនោះទេ។នៅក្នុងករណីហ្នឹង វាមិនមែនជាការការពារខ្លួននោះទេ”៕ ស៊ុយឈាង © 2016, […]

The post បន្ទាប់​​​ពីនគរ​​​បាល​​​បាន​​​បាញ់​​​កាំភ្លើង​​​ ជនសង្ស័យ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​​​​តុលាការ​​​ appeared first on The Cambodia Daily.