អាវុធហត្ថ​ក្រុង ឃាត់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ដ៏​សកម្ម​ម្នាក់​

អាវុធហត្ថ​ក្រុង ឃាត់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ដ៏​សកម្ម​ម្នាក់​



បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ​ដែល​ជា​មុខ​សញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​តាម​ប្រមាញ់ និង​ឃាត់ខ្លួន​បាន ព្រមទាំង​បាន​ដកហូត​នូវ​សារធាតុ​ញៀន​មួយ​ចំនួន​ផង​ដែរ ខណៈ​ដែល​មុខសញ្ញា​សង្ស័យ​រូប​នេះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង ក្នុង​មូលដ្ឋាន។​

កិច្ចប្រតិបត្តិការ​នេះ​គឺ​បាន​ប្រព្រឹត្ត​ឡើង​នៅ​វេលា​ម៉ោង ៧ និង​២០ នាទី​ព្រលប់​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង ក្រោម​ការដឹកនាំ​ពី​ លោក សាង សារុន មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ ក្រុង​បាត់ដំបង។​

ក្នុង​ការ​បង្ក្រាប​បទល្មើស​ចែកចាយ​គ្រឿងញៀន​នេះ គឺ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ ឈ្មោះ វ៉ាន់ ថា ហៅ​ជា ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​មិន​ពិតប្រាកដ ព្រមទាំង​ធ្វើការ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់ ស្មើនឹង​ទម្ងន់ ១,៦​១ ក្រាម ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1K-6638 ទូរស័ព្ទ ១ គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយ​ចំនួន​ទៀត។​

ក្រោយពី​ទទួល​បាន​នូវ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួចមក បច្ចុប្បន្ន​កម្លាំង​​កងរាជអាវុធហត្ថ​ក្រុ​ង កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ​រួម​ទាំង​វត្ថុ​តាង​ទៅកាន់​ទីបញ្ជាការដ្ឋាន​ហើយ ដើម្បី​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត៕