ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ចាប់ខ្លួន​ក្មេង​ទំនើង​ម្នាក់ មាន​ដាវ​សា​ម៉ូ​រ៉ៃ​ ប៉ង​ធ្វើ​សកម្មភាព​ល្មើសច្បាប់​

ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ចាប់ខ្លួន​ក្មេង​ទំនើង​ម្នាក់ មាន​ដាវ​សា​ម៉ូ​រ៉ៃ​ ប៉ង​ធ្វើ​សកម្មភាព​ល្មើសច្បាប់​



ភ្នំពេញ​ ៖​ ប៉ូលិស​និយាយ​ថា បុរស​ម្នាក់​ជា​ក្មេង​ទំនើង ត្រូវ​បាន​ចាប់ខ្លួន​មក​សួរនាំ​ភ្លាមៗ កាលពី​វេលា​ម៉ោង៩​យប់ ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍ ពី​ប្រជាពលរដ្ឋ​មក​ថា មាន​បក្ខពួក​ក្រុម​ក្មេង​ទំនើង​ម្នាក់​កំពុង​កាន់​ដាវ​ដើរ​បង្ក​ជម្លោះ​អុកឡុក​គេឯង​ក្នុង​ភូមិ។

ក្រោយពេល​ឃាត់ខ្លួន​បាន ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ឈ្មោះ រឿន ភា​រុំ​ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​ដី​ថ្មី​(​នៅ​តាម​ផ្លូវ​រថភ្លើង​) សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​មិនមាន​មុខរបរ​ពិតប្រាកដ។

លោក ដួង វណ្ណៈ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ភ្នំពេញ​ថ្មី បាន​និយាយ​ថា នៅមុន​ពេល​ឃាត់​ជន​នេះ មាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​រាយការណ៍​មក​ថា មាន​បក្ខពួក​ក្រុម​ក្មេង​ទំនើង​កំពុង​កាន់​ដាវ​ដើរ​បង្ក​ជម្លោះ​អុកឡុក គំរាម​កាប់​ចាក់​គេឯង​បង្ក​ការភ័យខ្លាច​។ ភ្លាមៗ​នោះ លោក​បាន​នាំ​កង​កម្លាំង​មកកាន់​ចំណុច​កើតហេតុ​ ឃើញ​ជន​ខាងលើ​កំពុង​កាន់​ដាវ​ជាក់​ស្តែង ទើប​ចាប់ខ្លួន​ភ្លាមៗ​តែម្តង ហើយ​យក​មក​សួរនាំ និង​បញ្ជូន​ទៅ អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ចាត់​ការ​បន្ត​ដើម្បី បញ្ជូន​ទៅ​តុលាការ៕