លោកអូស្មាន ហាស្សាន់ នាំ​អំណោយ​មនុស្សធម៌​ ចែក​ជូន​ពលរដ្ឋ៤៣០​គ្រួសារ​

លោកអូស្មាន ហាស្សាន់ នាំ​អំណោយ​មនុស្សធម៌​ ចែក​ជូន​ពលរដ្ឋ៤៣០​គ្រួសារ​



កំពង់ចាម​ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា បាន​នាំ​យក​អំណោយ​មនុស្សធម៌ ចែក​ជូន​ប្រជាពលរដ្ឋ​​ ខ្មែរឥស្លាម ចំនួន​៤៣០ គ្រួសារ ស្ថិត​នៅ​សហគមន៍ ភូមិ​ទី​១៣ ស្រុក​កោះ​សុទិន ខេត្ត​កំពង់ចាម ដើម្បី​ត្រៀម​ចូល​បួស​រ៉ា​ម៉ា​ឌន ដែល​ជា​ខែ​ដ៏​ពិសិដ្ឋ របស់​សាសនា ឥស្លាម​ទូទាំង​សកលលោក (​ឆ្នាំ​១៤៣៧​មូ​ហាំ​ម៉ាត់​សករាជ​)។ ពិធី​នេះ​បាន​ធ្វើ​ឡើ​ង​នៅ​ឯ​ទីតាំង​មជ្ឈមណ្ឌល TAHFIZ ANNUR ភូមិ​ទី​១៣ ឃុំ​កោះ​សុទិន ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​០៦​ ខែ​មិថុនា ឆ្នាំ​២០១៦។

លោក អូស្មាន ហាស្សាន់ បាន​ថ្លែង​ថា អំណោយ​ដែល​គណៈប្រតិភូ​យើង​នាំ​យក​មក​ចែក​ជូន​បង​ប្អូន នៅ​សហគមន៍​នា​ពេល​នេះ ជា​អំណោយ​របស់​សប្បុរសជន​ម៉ាឡេស៊ី សហការ​ជាមួយ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា រួម​សហការ​ជាមួយ​សាខា​ស្រុក​កោះ​សុទិន ដែល​រួមមាន ផ្ទាំង​សូ​ឡា​ចំនួន​៦​គ្រឿង (​ភ្លើង​ប្រើ​ពន្លឺ​ព្រះអាទិត្យ​) សម្រាប់​វិហារ​ចំនួន​៦ ប្រព័ន្ធ​ឧគ្ឃោសនស័ព្ទ ៤ សម្រាប់​វិហារ​ចំនួន​៤ ប្រេងម៉ាស៊ូត​សម្រាប់​ប្រើប្រាស់​ ម៉ាស៊ីនភ្លើង សម្រាប់​សម្រាប់​បំភ្លឺ​ក្នុងភូមិ​ចំនួន​៦៩ មួយ​ភូមិ​ទទួល​បាន​៨០ លីត្រ និង​អំណោយ​មនុស្សធម៌​ជា​កញ្ចប់ ចែក​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ ចំនួន ៤៣០ គ្រួសារ ក្នុង​មួយ​គ្រួសារ ទទួល​បាន ស្ករស​២​គីឡូ​, ទឹកដោះគោ​២​កំប៉ុង​, ទឹកសេរ៉ូ​១​ដប , សាគូ​១​គីឡូ​, តែ​២​កញ្ចប់ ,​ឧបត្ថម្ភ​ថវិកា​ដល់​វិហារ​ចំនួន​២៤ ក្នុង​វិហារ​មួយ​ទទួល​បាន​១៥ ម៉ឺន​រៀល សរុប​ថវិកា​ទាំងអស់ ដែល​ឧបត្ថម្ភ​នា​ពេល​នេះ ​ស្មើនឹង ២៧,២៨៨,៥០០ រៀល​។​

លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ថា ដោយ​គោរព​តាម​គោលនយោបាយ ដឹកនាំ​ប្រទេស​ប្រកប​ដោយ​សន្តិភាព និង​សេរីភាព​លើ​ជំនឿ​សាសនា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ឲ្យ​​វិស័យ​នានា រួម​ទាំង​វិស័យ​សាសនា មានការ​រីកចម្រើន ឥត​ឈប់ឈរ ដោយ​មិន​មាន​ការ​ខ្វែងគំនិត ឬ​ការរំលោភ​សិទ្ធិ​សេរី​ភាព​ទៅលើ​ការ​ប្រតិបត្តិ​វិន័យ របស់​សាសនា​ណាមួយ ផ្ទុយទៅវិញ​សាសនិក​ទាំងអស់ រស់នៅ​ប្រកប​ដោយ សុខដុម​រមនីយ​កម្ម នៅ​ក្រោម​ដំបូល​តែមួយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

លោក​បន្ត​ថា តាម​ទំនៀមទម្លាប់​នៃ​សាសនា​ឥស្លាម នៅ​ខែ​បួស​រ៉ា​ម៉ា​ឌន ជា​ខែ​ដ៏​ពិសិដ្ឋ​របស់​ឥស្លាម គ្រប់ទិសទី នៅ​លើ​សកលលោក ដែល​អនុវត្ត​នៅ​លើ​ប្រព័ន្ធ​ លំនាំ​ប្រពៃណី​តែមួយ រយៈពេល​មួយ​ខែ ដែល​ត្រូវ​ចាប់ផ្តើម​ប្រហែលជា​នៅ​ថ្ងៃទី​៦​ ឬ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៦ ផ្អែកលើ​ការ​មើល​ឃើញ​ខ្នើត​ខែ​។​

លោក​បន្ត​ថា​ ខែ​បួស​រ៉ា​ម៉ា​ឌន ជា​ការ​បង្ហាញ​វប្បធម៌​សន្តិភាព​មួយ ដ៏​ប្រសើរ​សម្រាប់ សហគមន៍​ឥស្លាម ព្រោះ​ពិធី​បួស​រ៉ា​ម៉ា​ឌន គឺ​តម្រូវ​ឲ្យ​សាសនិក​ឥស្លាម ដែល​ពេញវ័យ​គ្រប់​ស្រទាប់វណ្ណៈ ធ្វើការ​តម​អាហារ រយៈពេល​ប្រមាណ​ជា​១៤​ម៉ោង ជា​រៀងរាល់ថ្ងៃ ដើម្បី​បញ្ជាក់​អំពី​ការ​រួម​រស់ ស្មើ​សិទ្ធិ​គ្នា​រវាង​មនុស្ស គ្រប់​ស្រទាប់វណ្ណៈ ជាពិសេស​អ្នក​ដែល​មាន​ជីវភាព​ធូរធារ អាច​ដឹង​ពី​រសជាតិ​ក្រលំបាក និង​ការអត់ឃ្លាន របស់​ជន​ក្រីក្រ ដែល​គេ​ចាំបាច់​ត្រូវ​បរិច្ចាគ ទ្រព្យសម្បត្តិ​របស់​ខ្លួន ជូន​ជន​ក្រីក្រ​ទាំង​ឡាយ។

ការ​បួស​មិនមែន​តែ​ការ​តម​អាហារ​ប៉ុណ្ណោះ​ឡើយ តែ​ត្រូវ​តម​ទាំងអស់​នូវ​រាល់​កាយវិការ​មិន​សមរម្យ ការ​និយាយ​ស្តី​ បង្ក​ប៉ះពាល់​ដល់​សិទ្ធិ និង​អារម្មណ៍​អ្នកដទៃ ការ​បៀតបៀន រំលោភ​សិទ្ធិ ការ​កេងប្រវ័ញ្ច និង​ប្រព្រឹត្តិ​អំពើ​អសីលធម៌​ផ្សេងៗ​មក​លើ​សិទ្ធិ​អ្នកដទៃ​នោះ​ទេ៕

លោកអូស្មាន ហាស្សាន់ នាំ​អំណោយ​មនុស្សធម៌​ ចែក​ជូន​ពលរដ្ឋ៤៣០​គ្រួសារ​

លោកអូស្មាន ហាស្សាន់ នាំ​អំណោយ​មនុស្សធម៌​ ចែក​ជូន​ពលរដ្ឋ៤៣០​គ្រួសារ​

លោកអូស្មាន ហាស្សាន់ នាំ​អំណោយ​មនុស្សធម៌​ ចែក​ជូន​ពលរដ្ឋ៤៣០​គ្រួសារ​

លោកអូស្មាន ហាស្សាន់ នាំ​អំណោយ​មនុស្សធម៌​ ចែក​ជូន​ពលរដ្ឋ៤៣០​គ្រួសារ​