ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ថ្មី បណ្ដោយ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ឱ​រ៉ា​ល់​កាន់តែខ្លាំង​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ឱ​រ៉ា​ល់​នៃ​ស្រុក​ភ្នំក្រវាញ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយសារ​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​នៃ​ខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត មិន​យកចិត្តទុកដាក់​បង្ក្រាប​ឡើយ​។ ផ្ទុយទៅវិញ​លោក ប៉ាន់ មរកត បណ្ដោយ​ឲ្យ​មន្ត្រី​បរិស្ថាន ដែល​ឈរជើង​នៅ​តំបន់​អភិរក្ស​ភ្នំ​ឱ​រ៉ា​ល់ ឃុបឃិត​ជាមួយ​ឈ្មួញ​និង​ជនល្មើស​កាប់​ឈើ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ប្រការនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ចាប់តាំងពី​តំបន់​អភិរក្ស​ភ្នំ​ឱ​រ៉ា​ល់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នេះ​កើតឡើង​កាន់តែ​ខ្លាំងក្លា​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា តំបន់​ព្រៃ​អភិរក្ស​ភ្នំ​ឱ​រ៉ា​ល់​ជាប់​ប្រទល់​ខេត្តកំពង់ស្ពឺ កំពុង​កើតមាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បាន​ប្ដូរ​ពី​ការដឹកជញ្ជូន​ឈើ​តាម​ផ្លូវជាតិ​លេខ​៥​ទៅ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ការពារ​ភ្នំ​ឱ​រ៉ា​ល់ ចូល​ខេត្តកំពង់ស្ពឺ ហើយ​ឆ្លងកាត់​ខេត្តកំពត ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​តន់​ហន់ ស្រុក​កំពង់ត្រាច ខេត្តកំពត ដោយ​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ទាំង​មន្ត្រី​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ សុទ្ធតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ភ្នំ​ឱ​រ៉ា​ល់​ចូលទៅ​ខេត្តកំពង់ស្ពឺ មានការ​កើនឡើង​គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធំៗ​ដើម្បី​ដឹកឈើ​ទៀតផង​។ អ្នក​ដែល​ធ្វើ​សកម្មភាព​ដឹកឈើ​ខ្លាំងជាងគេ គឺជា​មន្ត្រីនគរបាល​ឈ្មោះ ម៉ៅ ដោយ​បុគ្គល​នេះ​គ្រប់គ្រង​ការនាំ​ឈើ​ចេញពី​ទឹកដី​ខេត្តពោធិ៍សាត់ ឆ្លង​ចូល​ទឹកដី​ខេត្តកំពង់ស្ពឺ ដោយមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​។ លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ឃុបឃិត​ជាមួយ​ឈ្មួញ​និង​ក្រុម​ជនល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ភ្នំ​ឱ​រ៉ា​ល់ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​រូបនេះ​ជាបន្ទាន់​៕

ses-1-29លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ses-32 ses-2-25 ses-3-18