ប្រញាប់​ឡើង​! សំបុត្រ​ទស្សនា​បាល់ទាត់​នៅ​មាន​លក់​ក្រៅរបង​ស្តា​ត

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មានការ​អះអាង​ពី​មន្ត្រី​សហ​ព័​ន្ឋ​កីឡាបាល់ទាត់​កម្ពុជា​ថា​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់ AFC Asian Cup 2019 រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​និង​ក្រុម​ឆាយ​នី​ស​តៃប៉ិ បាន​លក់​អស់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចំនួន​៥​ម៉ឺន​សន្លឹក កាលពី​ថ្ងៃ​ទី​០៥ មិថុនា ២០១៦​នោះ​ក្តី ប៉ុន្តែ​ប្រជាពលរដ្ឋ​និង​អ្នក​និយម​ទស្សនាការ​ប្រកួត​បាល់ទាត់​ក៍​អាច​រក​ទិញ​បាន​នៅ​ថ្ងៃ​ទី​០៦ មិថុនា​នេះ​បាន គ្រាន់តែ​តម្លៃ​ថ្លៃ​គុណ​នឹង​ពីរ​ប៉ុណ្ណោះ ដោយសារ​មាន​ក្រុម​អ្នក​គក់​ជេរ ដែល​គេ​ស្គាល់​ថា​ត្រូវជា​សាច់ញាតិ​មន្ត្រី​សហ​ព័​ន្ឋ​កីឡាបាល់ទាត់​កម្ពុជា លក់​នៅ​ក្រៅរបង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដែរ​ថា ក្រុម​ប្រជាពលរដ្ឋ​និង​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​មានការ​ស្រឡាំងកាំង​នៅ​ពេល​បញ្ជរ​លក់​សំបុត្រ​បាន​បិទ​ដោយ​ដាក់​ស្លាក​អស់​សំបុត្រ ប៉ុន្តែ​បែរជា​ឃើញ​អ្នក​គួ​ក​ជេរ​៣-៤​នាក់ ដែល​គេ​ស្គាល់​ថា​ត្រូវជា​សាច់ញាតិ​ផៅសណ្តាន​មន្ត្រី​សហ​ព័​ន្ឋ​កីឡាបាល់ទាត់​កម្ពុជា​មាន​សំបុត្រ​លក់​ប្រមាណ​១០​ដុំ ដោយ​ក្នុង​មួយ​ដុំ​មាន​១០០​សន្លឹក ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា តាម​តម្លៃ​សំបុត្រ​ដែល​កំណត់​ដោយ​សហ​ព័​ន្ឋ​កីឡាបាល់ទាត់​កម្ពុជា​គឺ​កន្លែង​អង្គុយ​ខាង​ម្លប់​(​ខាង​គណៈអធិបតី​)​មួយ​សំបុត្រ​តម្លៃ​១​ម៉ឺន​រៀល ឯខាង​វាល​ជុំវិញ​គ្មាន​ដំបូល​មួយ​សំបុត្រ​តម្លៃ​៥​ពាន់​រៀល ប៉ុន្តែ​សម្រាប់​អ្នក​គួ​ក​ជេរ​គេ​លក់​ខាង​ម្លប់​១៥០០០​ទៅ​២​ម៉ឺន​រៀល និង​ខាង​ហាលវាល​អត់​ដំបូល​១​ម៉ឺន​រៀល ។

ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ គិត​ត្រឹម​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៦ មិថុនា ២០១៦​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​បំភ្លឺ​បាន​ទេពី​មន្ត្រីជាន់ខ្ពស់​សហ​ព័​ន្ឋ​កីឡាបាល់ទាត់​កម្ពុជា ។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​បាន​និង​កំពុង​មានការ​រីក​ចម្រើន​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ពី​រាជរដ្ឋាភិបាល ជា​ពិសេស​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហ​ព័​ន្ឋ​កីឡាបាល់ទាត់​កម្ពុជា ។

ជាង​នេះ​ទៀត សន្ទុះ​នៃ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​អ្នក​និយម​ទស្សនា​កីឡាបាល់ទាត់​នៅ​ទូ​ទាំង​ប្រទេស​ដែល​មាន​អ្នក​ចូល​ទស្សនា​រាប់​ម៉ឺ​នាក់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នោះ ក៍​ជា​កម្លាំងចិត្ត​ដ៍​មហាសាល​លើកទឹកចិត្ត​ដល់​កី​ឡករ​កម្ពុជា​ក្នុង​ការ​នាំ​ជោគជ័យ​និង​កិត្តិយស​មក​ជូន​ប្រទេស​ជាតិ ប៉ុន្តែ​សកម្មភាព​មិន​ប្រក្រតី​ខាងលើ​នេះ នឹង​អាច​ជះ​ឥ​ទ្ឋិ​ពល​ដល់​អនាគត​នៃ​វិស័យ​បាល់ទាត់​កម្ពុជា​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​អ្នកគាំទ្រ ប្រសិនបើ​សហ​ព័​ន្ឋ​មិន​ចាត់វិធានការ​នោះ​ទេ ៕