ម្នាក់​ៗរង់ចាំមើល​​ ទាំងការសោកស្តាយ​ និង​រ​ន្ធត់​​​​បំ​ផុត​

ខេត្ត​កែប ៖ កុមា​រា​កុមារី​ពីរ​នាក់​បាន​នាំ​គ្នា​មក​ហែល​ទឹក​លេង​ក្នុង​ស្រែ ដែល​នៅ​កណ្តាល​ស្រែ​នោះ​គេ​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ផង​ដែរ ហើយ​​នៅ​ពេល​ហែល​លេង​នោះ ​ដោយ​ទឹក​ប៉ាច​ហាច​ច្រើន​មិនដឹង​ថា​ នៅ​កណ្តាល​មាន​រណ្តៅ​ជ្រៅ ក៏​រអិល​ចុះ​ក្នុង​ទឹក​ជ្រៅ​ទាំង​ពីរ​នាក់ បណ្តាល​ឲ្យ​លង់​ស្លាប់​ដោយ​គ្មាន​អ្នក​ណា​ដឹង ខណៈ​ពេល​ឪពុក​ម្តាយ​កុមារ​ទាំង​ពីរ​ មិន​បាន​នៅផ្ទះ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​៥ មិថុនា ក្នុង​អំឡុង​ម៉ោង​ប្រហែល​៣​រសៀល ​ហើយ​រហូត​ដល់​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​ទើប​រក​សព​ឃើញ ស្ថិត​នៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ។

មន្ត្រី​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​សព​បាន​ឲ្យ​ដឹង​ថា កុមា​រា​ឈ្មោះឌី ម៉ាត់​ទ្រី អាយុ​៩​ឆ្នាំ ជា​សិស្ស កុមារី​ឈ្មោះសុ​ន សៀវ​លី អាយុ​៨​ឆ្នាំ ជា​សិស្ស កុមារ​ទាំង​ពីរ​មាន​ទីលំនៅ​ក្បែរ​គ្នា​ ។ សព​កុមារ​ទាំង​ពីរ​នាក់ ក្រោយ​ពី​បាន​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។

នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល  ក្រុមការងារ​របស់​ខេត្ត​ដឹកនាំ​ដោយ​លោកកែន ស​ត្ថា អភិបាលខេត្ត បាន​ទៅ​សួរសុខទុក្ខ​គ្រួសារ​សព​កុមារ​ទាំង​ពីរ ដោយ​នាំ​យក​សម្ភារជាគ្រឿង​ឧបភោគ បរិភោគ និង​ប្រាក់​មួយ​ចំនួន​ ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ទាំង​ពីរ​ជា​ការ​ចូល​រួម​រំលែក​ទុក្ខ​ផង​ដែរ ៕