ផ្ទុះ​រឿងអាស្រូវ​មន្ទីរ​កសិកម្ម​ខេត្តកោះកុង

ខេត្តកោះកុង ៖ ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​មន្ត្រី​ក្រោម​ឱវាទ​ចំនួន​៦​នាក់​ប្តឹង​ចូល​ទៅ​អគារ​អធិការកិច្ច​នៃ​ក្រសួងកសិកម្ម ដោយ​បាន​ចោទប្រកាន់​លោក មាស សុភាព ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង បាន​លួច​លក់​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​មន្ទីរ​ស្ងាត់​ៗ​បាន​លុយរាប់​សែន​ដុល្លារ ហើយ​ស៊ីដាច់​តែ​ម្នាក់ឯង​មិន​បាន​ចែករំលែក​ដល់​កូនចៅ​ក្រោម​ឱវាទ​ម្នាក់​ណា​ឡើយ ។ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ លោក គឹ​ម សុ​ន អគារ​ធិ​ការ​នៃ​អគារ​ធិ​ការ​កិច្ច ក្រសួងកសិកម្ម បាន​ដឹកនាំ​មន្ត្រី​មួយ​ក្រុម​ចុះ​ទៅ​ធ្វើ​អធិការកិច្ច​បុគ្គល​ជា​ប្រធាន​មន្ទីរ​ឈ្មោះ មាស សុភាព ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ក៏​បាន​គ្រោង​នឹង​ចុះ​ធ្វើការ​ស៊ើបអង្កេត​ករណី​ពុក​រលួយ​នេះ​ដែរ ប៉ុន្តែ​នៅ​រង់ចាំ​អធិការកិច្ច​នៃ​សាមី​ក្រសួង​ធ្វើការ​មួយ​ជំហាន​មុន​សិន ។

តាម​ប្រភព​ផ្ទៃក្នុង​មន្ទីរ​កសិកម្ម​ខេត្តកោះកុង បាន​ទម្លាយ​ឲ្យ​​ដឹង​ថា មន្ត្រី​របស់​មន្ទីរ​កសិកម្ម​ទាំងអស់​ត្រូវ​បាន​អញ្ជើញ​ម្នាក់​ម្តង​ៗ​ចូល​បន្ទប់​សួរ​ចម្លើយ ហើម​ន្ត្រី​ទាំងអស់​សុទ្ធតែ​ឆ្លើយ​ដូច​ៗ​គ្នា​ថា លោក​ប្រធាន​មន្ទីរ​ពិតជា​បាន​លក់​ដី​របស់​មន្ទីរ​ពិតប្រាកដ​មែន បាន​ប្រាក់​ប្រមាណ​ជាង​៣​សែន​ដុល្លារ​អា​មេ​រិ​ក ។ ប្រភព​បាន​បញ្ជាក់​ថា ដី​ដែល​លោក​ប្រធាន​បាន​លក់​នោះ​មាន​ទំហំ​៣០​អា​៤១​សង្ទីម៉ែត្រ​កា​រ៉េ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រភព​ដដែល​បាន​បង្ហើប​ថា មិនដឹង​លោក​ប្រធាន​លួច​ធ្វើ​ឯកសារ​លក់​ដី​រដ្ឋ​បែប​នេះ​បាន​យ៉ាងដូចម្តេច​ឡើយ ព្រោះ​មន្ត្រី​ណា​ម្នាក់​ក៏​ដឹង​ថា​ជា​ដី​របស់​មន្ទីរ​តាំងពី​សម័យ​រដ្ឋ​កម្ពុជា​មក​ម្ល៉េះ និង​មាន​ប្លង់​ស្លាបមាន់​ទៀត​ផង ។ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ឯកសារ​លក់​ទិញ​ដី​ខាងលើ​ពាក់ព័ន្ធ​ដល់​ការិយាល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត សាលាក្រុង​ខេមរភូមិន្ទ ប៉ុន្តែ​មិន​ពាក់ព័ន្ធ​ដល់​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទេ ព្រោះ​លោក​ប្រធាន​មន្ទីរ​បាន​បដិសេធ​ថា លោក​មិនដឹង​ឮ​ក្នុង​រឿង​នេះ​ឡើយ ។

ប្រភព​ដដែល​បញ្ជាក់​ថា លោក មាស សុភាព ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ពិតជា​បាន​សារភាព​ក្នុង​ករណី​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា អធិការកិច្ច​ដែល​ដឹកនាំ​ដោយ​លោក គឹ​ម សុ​ន នឹង​មាន​ចំណាត់ការ​យ៉ាងណា​នៅឡើយ​ទេ ហើយ​ក៏​មិនដឹង​ថា​អង្គភាព ACU នឹង​ស្រាវជ្រាវ​រក​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​អំពើ​លួច​ទ្រព្យសម្បត្តិ​រដ្ឋ​បែប​នេះ​បាន​ប៉ុន្មាន​នាក់​យក​ទៅ​ថ្កោលទោស​ឡើយ ៕