រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ បញ្ជាក់​រឿង​ដាក់​បញ្ចូល​​ល្ខោន​ខោល​ទៅ​អង្គការ យូណេស្កូ

មហាជនភាគច្រើនបានបង្ហាញក្ដីបារម្ភចំពោះអនាគតល្ខោនខោលកម្ពុជា បន្ទាប់ប្រទេសថៃបានប្រកាសដាក់ល្ខោនខុន ដែលមានទម្រង់ដូចគ្នាចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបី កាលពីពេលថ្មីនេះ។ ពាក់ព័ន្ធបញ្ហានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌លោកជំទាវ ភឿង សកុណា បានបង្ហាញនូវហេតុផលមួយចំនួនតាមរយៈបទសម្ភាសន៍ជាមួយ Sabay ដូចខាងក្រោម៖

រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ បញ្ជាក់​រឿង​ដាក់​បញ្ចូល​​ល្ខោន​ខោល​ទៅ​អង្គការ យូណេស្កូលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌

Sabay៖ ថៃប្រកាសដាក់ល្ខោនមុខស្វា ដែលមានទម្រង់ដូចល្ខោនខោលកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបី។ តើក្នុងនាមក្រសួងវប្បធម៌កម្ពុជានឹងមានចំណាត់ការយ៉ាងណា?

រដ្ឋមន្ត្រី៖ ធម្មតាចំណាត់ការតែមានហើយប្អូន! ប៉ុន្តែយើងកុំនាំគ្នាផ្អើលអីអញ្ចឹងពេក។ ការពិតទៅក្រោយបញ្ចូលរបាំព្រះរាជទ្រព្យនៅឆ្នាំ ២០០៤ យើងបានដាក់បញ្ចូលល្ខោនខោលទៅក្នុងបញ្ជីរបស់ យូណេស្កូ រួចទៅហើយជាមួយគ្នានឹង ចាប៉ីដងវែង តម្បាញសូត្រ របាំយីកេ ខ្លែងឯក និងចម្លាក់ខ្មែរជាដើម។

Sabay៖ រហូតមកដល់ពេលនេះ តើដំណើរការដាក់បញ្ចូលល្ខោនខោលទៅជាសម្បត្តិបេតិកភណ្ឌអរូបីវិវត្តន៍ដល់ណាហើយលោកជំទាវ?
រដ្ឋមន្ត្រី៖ កំពុងដំណើរការហើយចាស៎។ អង្គការ យូណេស្កូ កំពុងបន្តដំណើរការស៊ើបអង្កេតស្រាវបន្តទៀត ព្រោះដំណើរការដាក់បញ្ចូលនីមួយៗមិនងាយទេ មិនមែនចង់ដាក់ គឺដាក់បាននោះប្រទេសសមាជិកណាក៏ដូចគ្នាដែរ។ ប៉ុន្តែយើងទើបជោគជ័យលើការដាក់បញ្ចូលចាប៉ីដងវែង។

Sabay៖ ថ្មីៗនេះមានការលើកឡើងថា ប្រទេសជាសមាជិកអង្គការ យូណេស្កូ ចំនួន ១៥០ បានចុះហត្ថលេខាទទួលស្គាល់ល្ខោនមុខស្វាដែលមានទម្រង់ដូចល្ខោនខោលយើងថា ជារបស់ថៃ។ តើលោកជំទាវបានជ្រាបបញ្ហានេះទេបាទ?

រដ្ឋមន្ត្រី៖ ខ្ញុំមិនដឹងថា គេបានព័ត៌មាននេះពីណា។ អ៊ីចឹង!បានជាព័ត៌មានណាមិនច្បាស់មិនគួរនាំគ្នានិយាយទេ។ ការពិតខ្ញុំបានពិនិត្យជាមួយនឹង យូណេស្កូ រួចហើយ ហើយសូម្បីតែ យូណេស្កូ ខ្លួនឯងក៏មិនបានដឹងថា មានប្រទេស ១៥០ ពីណាមកទទួលស្គាល់ដែរទេ ហើយយើងនាំគ្នាបាចសាចព័ត៌មានមិនពិតក្នុងសង្គម។

រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ បញ្ជាក់​រឿង​ដាក់​បញ្ចូល​​ល្ខោន​ខោល​ទៅ​អង្គការ យូណេស្កូការសម្ដែងល្ខោនខោលរឿងរាមកេរ្តិ៍

Sabay៖ ប្រសិនបើថៃដាក់ល្ខោន Khon ទៅអង្គការ យូណេស្កូ បានសម្រេចមែន តើអាចមានផលប៉ះពាល់យ៉ាងណាខ្លះចំពោះល្ខោនខោលរបស់យើងនោះ?

រដ្ឋមន្ត្រី៖ ប្រទេសជាសមាជិក យូណេស្កូ នីមួយៗមានសិទ្ធស្មើគ្នា ក្នុងការដាក់បញ្ចូលសម្បត្តិណាមួយជាបេតិកភណ្ឌអរូបីទៅអង្គការនេះ។ ប៉ុន្តែការហៅឈ្មោះយ៉ាងណា ត្រូវពិគ្រោះគ្នាសិន មិនអាចហៅឈ្មោះជាន់គ្នាបានទេ។ ប្រសិនបើគេហៅឈ្មោះខុសយើង ហើយការរាំខុសយើង គេអាចដាក់បាន។

ប៉ុន្តែបើថៃហៅឈ្មោះល្ខោនខោលដែរ ហើយយកទៅដាក់នៅអង្គការ យូណេស្កូ គឺមិនអាចទៅរួចទេ ព្រោះឈ្មោះនេះកម្ពុជាមានហើយ ហើយយើងបានដាក់ទៅមុនតាំង គឺពីឆ្នាំ ២០០៤ម៉េ្លះ។

Sabay៖ មកដល់ចំណុចនេះ តើលោកជំទាវគិតថា អ្វីទៅជាបញ្ហាប្រឈមនៃល្ខោនខោលកម្ពុជានោះបាទ?
រដ្ឋមន្ត្រី៖ សម្រាប់ខ្ញុំ! បញ្ហាប្រឈមនោះ គឺខ្ញុំបារម្ភចំពោះខ្លួនយើងទៅវិញទេ គឺបារម្ភពីការគាំទ្ររបស់យុវជន និងប្រជាជនយើង។ វាជារឿងងាយស្រួលក្នុងការបន្ទោសនរណាម្នាក់ ប៉ុន្តែប្រជាជនយើងអត់នាំគ្នាជួយគាំទ្រ ហើយទៅគាំទ្រអ្វីមិនមែនជារបស់យើង។

ចុងក្រោយ! ខ្ញុំចង់ឱ្យយុវជន និងប្រជាជនយើងជួយគាំទ្រអ្វីជាសម្បត្តិរបស់ខ្មែរយើង នោះទើបវាមិនបាត់បង់យ៉ាងពិតប្រាកដ។ ហើយក្រសួងវប្បធម៌ក៏កំពុងប្រឹងប្រែងលើកិច្ចការនេះដែរ៕

ប្រភព៖ sabay

  • រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ បញ្ជាក់​រឿង​ដាក់​បញ្ចូល​​ល្ខោន​ខោល​ទៅ​អង្គការ យូណេស្កូ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:ជីវិតនិងសង្គម
Tags: