ពលរដ្ឋ​១១​គ្រួសារ​នៅ​ខេត្ត​ពោធិ៍សាត់​ប្ដឹង​មេ​ភូមិ​ម្នាក់​ពី​បទ​ឆបោក

ពលរដ្ឋ​ពីរ​ភូមិ​នៃ​ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចោទ​មេ​ភូមិ​ម្នាក់​ថា​បាន​ឆបោក​ពួក​គាត់​ឲ្យ​ខ្ចី​លុយ​ពី​ធនាគារ​ជាង ៣​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​ខ្លួន​រក​ស៊ី រួច​ប្រកែក​មិន​ទទួល​ខុស​ត្រូវ។ ប៉ុន្តែ​មេ​ភូមិ​ថ្មី​នៃ​ឃុំ​ស្នាអន្សា ដែល​ក្រុម​ពលរដ្ឋ​ចោទ​ប្រកាន់​នោះ បដិសេធ​ថា​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿងរ៉ាវ​ខ្ចី​បុល​លុយ​កាក់​នេះ​ទេ ហើយ​ថា​ពលរដ្ឋ​មួលបង្កាច់​រូប​លោក។

អ្នក​ភូមិ​ក្រាំងវែង និង​ភូមិ​ថ្មី នៃ​ឃុំ​ស្នាអន្សា ចំនួន ១១​គ្រួសារ ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ឃុំ​ក្រោយ​ពី​បណ្ដឹង​ប្រឆាំង​នឹង​មេ​ភូមិ​ឈ្មោះ សុខ ហ៊ុល មិន​បាន​ដោះស្រាយ ដោយ​ពួក​គាត់​បាន​ប្ដឹង​តាំង​ពី​ឆ្នាំ​២០១៥។ ក្រុម​ពលរដ្ឋ​ប្រកាស​ថា នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ទៀត​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ដើម្បី​ឲ្យ​មេ​ភូមិ​រូប​នោះ​សង​ប្រាក់​ទៅ​ធនាគារ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៦០​លាន​រៀល។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ១១​គ្រួសារ និង​ជា​ជំនួយការ​ភូមិ​ថ្មី គឺ​លោកស្រី ហែម ស៊ីម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ថា លោក សុខ ហ៊ុល ជា​មេ​ភូមិ​ថ្មី បាន​អង្វរ​លោកស្រី និង​អ្នក​ភូមិ​ផ្សេង​ទៀត ឲ្យ​ជួយ​ចុះ​ឈ្មោះ​ដោយ​ដាក់​បញ្ចាំ​ប្លង់​ដី​ផ្ទះ ឬ​ដី​ស្រែ ដើម្បី​ខ្ចី​ប្រាក់​ពី​ធនាគារ​អេស៊ីលីដា (ACLEDA) ប្រាសាក់ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា ជាដើម យក​លុយ​ឲ្យ​លោក​ទិញ​ឡាន​ដឹក​គ្រឿងចក្រ​មួយ​គ្រឿង។

ចំពោះ​លោកស្រី មេ​ភូមិ​ឈ្មោះ សុខ ហ៊ុល បាន​ពឹងពាក់​ឲ្យ​ជួយ​ខ្ចី​លុយ​ពី​ធនាគារ​ចំនួន ៤​លើក​ហើយ ហើយ​លើក​ចុង​ក្រោយ​នេះ បាន​ខ្ចី​ឲ្យ​ចំនួន ១​ពាន់​ដុល្លារ ហើយ​មេ​ភូមិ​រូប​នោះ​បង់​តែ​ការប្រាក់​ទៅ​ធនាគារ​បាន​ចំនួន ៥​ខែ លុះ​មក​ដល់​ដើម​ឆ្នាំ​២០១៦ ស្រាប់​តែ​លែង​បង់ ទើប​ធ្វើ​ឲ្យ​គាត់​ជា​ស្ត្រី​មេម៉ាយ​ផង​នោះ រ៉ាប់រង​រក​លុយ​បង់​ធនាគារ​ជំនួស​ឲ្យ​លោក​មេ​ភូមិ​នេះ​ស្ទើរ​ដាច់​ខ្យល់​តែ​ម្នាក់​ឯង៖ «ពេល​ឡើង​ដោះស្រាយ​នៅ​សាលា​ឃុំ គេ​អត់​ទទួល​ស្គាល់​ពួក​ខ្ញុំ​ថា​ឲ្យ​ខ្ចី​លុយ​ឲ្យ​គាត់ (មេ​ភូមិ) ទេ ថា​ខ្ចី​ខ្លួន​ឯង ចាយ​ខ្លួន​ឯង​ហើយ ប្ដឹង​ពី​គេ។ ពួក​ខ្ញុំ​សុទ្ធតែ​ជា​អ្នក​អត់​ណាស់​បង​អើយ! ខ្ចី​ឲ្យ​ហ្នឹង​នឹក​ឃើញ​ថា​ទុក​ចិត្ដ​បាន ប្រជាជន​ខ្ចី​ឲ្យ​បើ​សិន​ប្រជាជន​ដូច​គ្នា ក៏​មិន​ហ៊ាន​ដែរ»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោកស្រី ណែម សារឹម បញ្ជាក់​ថា ពលរដ្ឋ​ទាំង ១១​គ្រួសារ បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ចំនួន ៣៣.៧០០​ដុល្លារ នៅ​ថ្ងៃ​ខុស​គ្នា និង​ទំហំ​ទឹកប្រាក់​ខុសៗ​គ្នា​ឲ្យ​ទៅ​លោក​មេ​ភូមិ​ថ្មី។ ដោយ​ជឿជាក់​ថា​មេ​ភូមិ​ជា​ម៉ែ​ជា​ឪ ម្យ៉ាង​មេ​ភូមិ​រូប​នេះ​អង្វរ​ផង និង​គំរាម​ផង ដើម្បី​បង្ខំ​ឲ្យ​ពួក​គាត់​ដាក់​ឈ្មោះ​ខ្ចី​ប្រាក់។ ប៉ុន្តែ​ពេល​នេះ អ្វីៗ​បាន​ប្រែ​ក្រឡាស់​ធ្វើ​ឲ្យ​អ្នក​ភូមិ​បារម្ភ​បាត់បង់​ផ្ទះ និង​ដីធ្លី៖ «ខ្ញុំ​បង់​ឲ្យ​បួន​ខែ​ទាំង​ខែ​នេះ​ហើយ​បង! ខ្ញុំ​អត់​មាន​អី​ទេ កូន​ក៏​នៅ​តូច វេទនា​អង្គការ​ចង់​រឹប​អូស​ដីធ្លី​ខ្ញុំ ហើយ​ខាត​ពេលវេលា​ខ្ញុំ​រក​ស៊ី​ទៀត។ នៅ​ថ្ងៃ​ច័ន្ទ ខ្ញុំ​នឹង​សុំ​សំណុំ​រឿង​ខ្ញុំ​ទៅ​ដាក់​នៅ​តុលាការ​បណ្ដោយ ព្រោះ​រយៈពេល​យូរ​ហើយ​នៅ​សាលា​ឃុំ ហើយ​អត់​មាន​បាន​ហេតុផល​ចេះ​តែ​នៅ​វិលវល់​ហ្នឹង»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​ថ្មី​នៃ​ឃុំ​ស្នាអន្សា លោក សុខ ហ៊ុល ប្រកែក​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ខ្ចី​បុល​ប្រាក់​នេះ​ទេ ប៉ុន្តែ​ធ្លាប់​ពឹង​ឲ្យ​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ១១​គ្រួសារ​នោះ ឲ្យ​ខ្ចី​ប្រាក់​ចំនួន ១.៥០០​ដុល្លារ​មែន ប៉ុន្តែ​បាន​បង់​ជិត​រួច​ហើយ គឺ​នៅ​សល់​តែ ១០០​ដុល្លារ​ទៀត​ប៉ុណ្ណោះ។ លោក​ថា ហេតុ​ដែល​តារាង​បង់​ប្រាក់​របស់​ពលរដ្ឋ​ទាំង​នោះ​នៅ​នឹង​លោក​កាន់ ក៏​តែ​ព្រោះ​មន្ត្រី​ឥណទាន​តែង​តែ​មក​ទូទាត់​ប្រាក់​ត្រឹម​ផ្ទះ​លោក​ដែល​ជា​មេ​ភូមិ ប៉ុន្តែ​លោក​បាន​ប្រគល់​តារាង​ទាំង​នោះ​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ ដោយសារ​ពេល​ខ្លះ ពលរដ្ឋ​ខ្វះ​លុយ​បង់ មក​រក​ខ្ចី​លុយ​ប្រពន្ធ​គាត់​ទៅ​បង់៖ «ដល់​ពេល​ញយៗ​ពេក ប្រពន្ធ​ខ្ញុំ​ថា​ឲ្យ (ស្ដី​បន្ទោស) ធម្មតា​ពេល​មក​បង់​លុយ​ជួនកាល​អត់​លុយ គាត់​ស្រែក​ថា ទូច​អើយ​ឲ្យ​ខ្ញុំ​បាន​ផង ចាំ​ខ្ញុំ​បាន​លុយ​ប្រមូល​បង្វិល​ឲ្យ​វិញ។ អូ! ឡាន​ហ្នឹង​ខ្ញុំ​ទិញ​មែន តែ​លុយ​ខ្ញុំ​ខ្ចី​អង្គការ​ខ្លួន​ខ្ញុំ​ទេ​លោកគ្រូ»

យ៉ាង​ណា ពលរដ្ឋ​ខ្លះ​ថា មេ​ភូមិ​បាន​បោក​ឲ្យ​ពួក​គាត់​ខ្ចី​ប្រាក់​គេ ដោយ​ឲ្យ​លុយ​ពីរ ឬ​បី​ម៉ឺន​រៀល​សម្រាប់​ចាយ​ក្រោយ​ខ្ចី​បាន​ភ្លាមៗ ហើយ​សន្យា​ថា​នឹង​បង់​ប្រាក់​ដែល​បាន​ខ្ចី​នោះ​ទៅ​ធនាគារ​វិញ​គ្រប់​ចំនួន។

ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​និយមន័យ​នៃ​អំពើ​ឆបោក គឺ​ជា​អំពើ​បន្លំ​ចំពោះ​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល​ណា​មួយ​ដោយ​ប្រើ​ឈ្មោះ​ក្លែង ដោយ​អះអាង​ទៅ​លើ​ឋានៈ​ក្លែង រំលោភ​លើ​ឋានៈ​ពិត​ប្រាកដ ឬ​ដោយ​ប្រើ​ឧបាយកល​ទុច្ចរិត ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​របស់​បុគ្គល ឬ​តតិយជន ដូចជា​ការ​ធ្វើ​លិខិត​ដែល​មាន​តម្លៃ​ជា​កាតព្វកិច្ច ឬ​ជា​ការ​ឲ្យ​រួច​ផុត​ពី​កាតព្វកិច្ច ជាដើម។

មាត្រា​៣៧៨ នៃ​ក្រម​ដដែល​នេះ​ចែង​ថា ទោស​ដែល​ត្រូវ​អនុវត្ត​លើ​អំពើ​ឆបោក ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ប្រាំ​មួយ​ខែ ទៅ​បី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​លាន​រៀល ទៅ​ប្រាំមួយ​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។