ACUសម្រេចមិនចាត់ការបណ្ដឹងប្រឆាំង​​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គ.ជ.ប

អង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅព្រឹកថ្ងៃចន្ទនេះ សម្រេចមិនចាត់ការលើបណ្ដឹងរបស់ប្រធានសមាគមមួយដែលប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ស៊ិក ប៊ុនហុក និងមន្ត្រីជាន់ខ្ពស់បីរូបទៀតដោយចោទថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នឯករាជ្យមួយនេះ។

ACUសម្រេចមិនចាត់ការបណ្ដឹងប្រឆាំង​​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គ.ជ.ប

ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម ថ្លែងនៅព្រឹកថ្ងៃចន្ទនេះនៅអង្គភាពប្រឆាំងអំពើពុករលួយ

កាលពីថ្ងៃទី ២ ខែមិថុនា ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដោយចោទប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក អនុប្រធាន លោក គួយ ប៊ុនរឿន អ្នកនាំពាក្យនិងជាសមាជិកគ.ជ.ប លោក ហង្ស ពុទ្ធា និងអគ្គលេខាធិការរង លោក ម៉ៅ សុភារិទ្ធ ពីបទសង្ស័យថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងការតែងតាំងនិងការធ្វើសមាហរណកម្មមន្ត្រីរាជការកាលពីពេលកន្លងទៅ។

នៅក្នុងកិច្ចប្រជុំមួយ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោ ឱម យ៉ិនទៀង មានប្រសាសន៍ថាក្រោយពីបានប្រជុំពិភាក្សា និងពិនិត្យមើលពាក្យបណ្ដឹង លោកថាមិនមានភស្ដុតាងណាមកបញ្ជាក់ច្បាស់លាស់ដើម្បីឲ្យអង្គភាពនេះធ្វើការស៊ើបអង្កេតឡើយ។  លោកមានប្រសាសន៍ថា ៖ អញ្ចឹងខ្ញុំក៏សុំជម្រាបដែលថាយើងខ្ញុំនៅតែមិនអាចឃើញចំណុចណាមួយ សូម្បីតែតិចតួចណាទេ ដើម្បីឲ្យយើងខ្ញុំទទួលយកពាក្យប្ដឹងរបស់លោកដើម្បីបើកការស៊ើបអង្កេតបាន។ អញ្ចឹងយើងខ្ញុំនិងធ្វើលិខិតតបទៅលោកវិញថាយើងខ្ញុំបានទទួលហើយ ពាក្យប្ដឹងរបស់លោក យើងខ្ញុំបានប្រជុំវិភាគហើយ លោកបានការពារ យោបល់របស់លោកហើយអង្គភាពនៅតែឃើញថាពាក្យប្ដឹងរបស់លោក អត់មានតម្រុយណាបន្តិចបន្តួចទាល់តែសោះ ដែលអាចឲ្យយើងខ្ញុំទទួលយកពាក្យប្ដឹងរបស់លោកមកចាត់ការ”។ 

ក្នុងពាក្យបណ្តឹង សមាគមមួយនោះបានលើកឡើងថាសមាគមបានឃ្លាំមើលយ៉ាងដិតដល់ចំពោះការអនុវត្តច្បាប់របស់សមាជិក គ.ជ.ប ទាំង ៩ រូបចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែងកាលពីខែមេសា ២០១៥ មក។ ពាក្យប្តឹងបន្តថា៖ “សមាជិកទាំង ៩រូបជាពិសេសប្រធាន អនុប្រធាន អ្នកនាំពាក្យ និងអគ្គលេខាធិការរងទាំង ៤ រូបបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរក្នុងការតែងតាំងមន្ត្រីរាជការចាប់ពីថ្នាក់នាយកដ្ឋានរហូតដល់ការិយាល័យក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ប”

ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយសម្រេចមិនចាត់ការលើពាក្យបណ្តឹង ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម ស្នើឲ្យ គ.ជ.ប ធ្វើការរបាយការណ៍ពាក់ព័ន្ធការតែងតាំងមន្ត្រីនៅក្នុងស្ថាប័ននេះជាសាធារណៈ ដើម្បីបង្ហាញឲ្យសាធារជនបានដឹង។  លោកមានប្រសាសន៍ថា៖ “ចង់ឲ្យ គ.ជ.ប  បកស្រាយនៅអ្វីដែលធ្វើកន្លងមក ជាពិសេសពាក់ព័ន្ធនិងការតែងតាំងហ្នឹងឲ្យសាធារណជនលោកបានជម្រាបដែល កុំមានការយល់ច្រឡំ ព្រោះវាខុសគេ អញ្ចឹងសូមបកស្រាយព្រោះប្រជាជនច្រើនណាស់នៅមានមន្ទិល”

វីអូឌីមិនអាចសុំការឆ្លើយតបពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បាននៅឡើយទេ។

គួរបញ្ជាក់ថាកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ គ.ជ.ប បានប្រកាសថាមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅគ.ជ.ប ជាង៣០០នាក់ត្រូវបានធ្វើសមាហរណកម្មផ្ទេរចូលមន្ត្រីក្របខ័ណ្ឌរដ្ឋដោយអះអាងថាពួកគាត់ភាគច្រើនមានបទពិសោធស្រាប់និងអ្នកខ្លះធ្វើការជិត២០ឆ្នាំមកហើយ៕

ប្រភពៈ  VOD