រោគសញ្ញាទាំង ១១ នៃជំងឺបេះដូង ដែលអ្នកត្រូវតែដឹង

មិនមែនបញ្ហាជំងឺបេះដូងទាំងអស់ សុទ្ធតែមានសញ្ញាព្រមានច្បាស់លាស់ទេ។ ក៏មិនមែនជាអាការៈ ដូចដែលយើងឃើញនៅក្នុងខ្សែភាពយន្ដនោះដែរ។ រោគសញ្ញានៃជំងឺបេះដូងមួយចំនួន មិនបង្ហាញការឈឺចាប់នៅដើមទ្រូងរបស់អ្នកទេ, មួយចំនួនក៏មិនងាយស្រួល តាមដានដែរ។ អ្នកដែលមានអាយុ ៦០ឆ្នាំ ឬចាស់ជាងនេះ, អ្នកលើសទម្ងន់, អ្នកកើតជំងឺទឹកនោមផ្អែម, អ្នកមានកូឡេស្តេរ៉ុលខ្ពស់ ឬសម្ពាធឈាមខ្ពស់ សុទ្ធតែមានលទ្ធភាពប្រឈមនឹងជំងឺបេះដូង។ ប្រសិនបើអ្នកមិនប្រាកដខ្លួនឯងទេ អ្នកគួរទៅត្រួតពិនិត្យភ្លាម, ជាពិសេសបើជួបប្រទះរោគសញ្ញាដូចខាងក្រោមនេះ ៖

១. ឈឺចាប់ត្រង់ដើមទ្រូង

វាជារោគសញ្ញាទូទៅបំផុត នៃជំងឺបេះដូង។ ប្រសិនបើអ្នកមាន បញ្ហាស្ទះសរសៃឈាម ឬជំងឺគាំងបេះដូង, អ្នកប្រាកដជាមានអារម្មណ៍ថាមាន ការឈឺចាប់ តឹង និងថប់ៗ នៅក្នុងទ្រូងរបស់អ្នក។ មនុស្សមួយចំនួននិយាយថា វាដូចជាមានសត្វដំរី មកអង្គុយពីលើពួកគេ។ អ្នកផ្សេងទៀត និយាយថាវាដូចជាមានគេក្តិច ឬដុតបេះដូងរបស់ពួកគេអីចឹង។ ប្រសិនបើវាគ្រាន់តែឈឺតែមួយភ្លែត - ឬប្រសិនបើឈឺតែពេលដែលអ្នកប៉ះ ឬសង្កត់នៅលើវា - វាប្រហែលជាមិនមែនជាបញ្ហាបេះដូងរបស់អ្នកទេ។ អ្នកគួរតែទទួលយកការត្រួតពិនិត្យ ដោយវេជ្ជបណ្ឌិតដើម្បីបញ្ជាក់វិញ។ ប៉ុន្តែប្រសិនបើមាន រោគសញ្ញាកាន់តែធ្ងន់ធ្ងរថែមទៀត និងមិនបាត់ទៅវិញ បន្ទាប់ពី ពីរបីនាទីរួចមក អ្នកត្រូវទំនាក់ទំនងសង្រ្គោះបន្ទាន់អោយបានលឿនបំផុត។ ដូចគ្នានេះដែរ ត្រូវចងចាំថា ជាទូទៅ មនុស្សស្រីមិនមានរោគសញ្ញាឈឺចាប់ត្រង់ដើមទ្រូងទេ ទោះជាមានបញ្ហាទាក់ទងនឹងជំងឺបេះដូងក៏ដោយ។ 

២. ក្អួតចង្អោរ, បញ្ហារំលាយអាហារ, ក្រហាយដើមទ្រូង, ឬឈឺពោះ

មនុស្សមួយចំនួនមាន រោគសញ្ញាទាំងនេះ នៅពេលមានជំងឺគាំងបេះដូង។ ពួកគេថែមទាំងក្អួតចង្អោរខ្លាំងៗទៀតផង។ ស្ត្រី ត្រូវបានរាយការណ៍ថា ទំនងជាមានរោគសញ្ញាអស់ទាំងនេះច្រើនជាងបុរស។ អ្នកអាចគិតថាមកពី ម្ហូបអាហារដែលអ្នកបរិភោគ ទើបធ្វើអោយអ្នកឈឺពោះ (ក្រពះ), តែអ្នកក៏គួរតែប្រយ័ត្នផងដែរថា វាអាចមកពីបញ្ហាបេះដូងរបស់អ្នកដូចគ្នា។ ដូច្នេះប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាទាំងនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

៣. ការឈឺចាប់ដែលរាលដាលពាសពេញដៃ

រោគសញ្ញា គាំងបេះដូងបុរាណមួយ គឺជាការឈឺចាប់ដែល បានរីករាលដាលពាសពេញ រាងកាយខាងឆ្វេងរបស់អ្នក។ ភាគច្រើន វាចាប់ផ្តើមពីដើមទ្រូង រួចរាលដាលទៅកន្លែងផ្សេងៗទៀត។ អ្នកជំងឺភាគច្រើន មានការឈឺចាប់ពេញដៃ ដែលវាប្រែក្លាយទៅជា ជំងឺគាំងបេះដូង។ 

៤. វិលមុខ ឬឈឺក្បាល

មានកត្តាជាច្រើន ដែលអ្នកអាចមានអារម្មណ៍ថាគ្មានលំនឹង ឬខ្សោយកម្លាំង។ ប្រហែលជាអ្នក មិនបាន បរិភោគអាហារ ឬផឹកទឹកអោយបានគ្រប់គ្រាន់ ឬអ្នកស្ទុះងើបឈរឡើងលឿនពេក។ ប៉ុន្តែប្រសិនបើអ្នក មានអារម្មណ៍ថាមិនបាត់បង់លំនឹង ហើយស្រាប់តែមានអាការៈមិនស្រួល ក្នុងទ្រូង ឬពិបាកដកដង្ហើម, សូមទាក់ទងទៅគ្រូពេទ្យអោយបានលឿនបំផុត។ វាមានន័យថា សម្ពាធឈាមរបស់អ្នក បានធ្លាក់ចុះ ដោយសារតែបេះដូងរបស់អ្នកមិនអាចដំណើរការបានប្រក្រតី។

៥. ឈឺបំពង់ក ឬឈឺថ្គាម

ថ្គាម ឬបំពង់ក ដែលឈឺចាប់ ជាទូទៅយើងគិតថាមិនមែនជាបញ្ហាពាក់ព័ន្ធបេះដូងទេ។ ភាគច្រើន វាបង្ករឡើងដោយបញ្ហា សាច់ដុំ ឬក៏ផ្តាសាយ។ ប៉ុន្តែប្រសិនបើអ្នកមាន ការឈឺចាប់ឬ មានសម្ពាធនៅកណ្តាលដើមទ្រូងរបស់អ្នក ដែលរាលដាលឡើងទៅក្នុង បំពង់ក ឬថ្គាមរបស់អ្នក, វាអាចជាសញ្ញានៃជំងឺគាំងបេះដូង។ ចូរធ្វើការទំនាក់ទំនង និងស្វែងរកការព្យាបាលដើម្បីប្រាកដថាអ្នកនឹងមិនមានបញ្ហាអ្វីទេ។

៦. តែងតែអស់កម្លាំង

ប្រសិនបើអ្នកមានអារម្មណ៍ថា ចេះតែអស់កម្លាំង ឬបន្ទាប់ពីការធ្វើអ្វីមួយ - ដូចជាការឡើងជណ្តើរ ឬការយកឥវ៉ាន់ចេញពីរថយន្ត - សូមអ្នកធ្វើការណាត់ជួប ជាមួយគ្រូពេទ្យរបស់អ្នកឥលូវនេះ។ អស់កម្លាំងខ្លាំង ឬខ្សោយដោយគ្មានមូលហេតុច្បាស់លាស់, អាចជារោគសញ្ញានៃជំងឺគាំងបេះដូង ជាពិសេស សម្រាប់ស្ត្រីតែម្តង។ 

៧. ស្រមុក

វាអាចជារឿងធម្មតា ក្នុងការគេងស្រម៉ុក។ ប៉ុន្តែ ការគេងស្រមុកខ្លាំងៗ មិនប្រក្រតីស្ដាប់ទៅដូចជា ដង្ហក់ៗ ឬឈ្លក់ៗ អាចជាសញ្ញានៃការគេងដែលមិនបានដកដង្ហើម។ អ្នកនឹងឈប់ដកដង្ហើម ក្នុងរយៈពេលយ៉ាងខ្លីជាច្រើនដង នៅពេលយប់ ខណៈពេលដែលអ្នកកំពុងតែដេកលក់នោះ។ នេះនឹងបណ្តាលអោយ មានភាពតានតឹង និងបង្ករសម្ពាធទៅលើបេះដូងរបស់អ្នក។ អ្នកអាចអោយ គ្រូពេទ្យធ្វើការត្រួតពិនិត្យដំណេករបស់អ្នក រួចអាចប្រើវិធីសាស្រ្តផ្សេងៗដើម្បីជំនួយបញ្ហានេះផងដែរ។

៨. បែកញើស

ការបែកញើស ដែលគ្មានហេតុផលច្បាស់លាស់ អាចជាសញ្ញានៃ ជំងឺគាំងបេះដូង។ ប្រសិនបើមានបញ្ហានេះកើតឡើង រួមជាមួយនឹងអការៈណាមួយនៃ រោគសញ្ញាផ្សេងទៀត, សូមទាក់ទងទៅមន្ទីរពេទ្យជាបន្ទាន់ និងព្យាយាមកុំធ្វើដំណើរទៅដោយខ្លួនឯងឲ្យសោះ។

៩. ក្អកមិនឈប់

ក្នុងករណីភាគច្រើន, នេះមិនមែនជារោគសញ្ញានៃបញ្ហាបេះដូងដំបូងទេ។ ប៉ុន្តែប្រសិនបើអ្នកកំពុងមានជំងឺបេះដូង ឬដឹងថាជំងឺរបស់អ្នកកំពុងមានហានិភ័យ, ត្រូវតែយកចិត្តទុកដាក់លើរោគសញ្ញាមួួយនេះ។ ប្រសិនបើអ្នកក្អក មិនឈប់ចេញជា ស្លេសពណ៌ស ឬផ្កាឈូក, វាអាចជាសញ្ញានៃការបញ្ហាបេះដូង។ នេះកើតឡើង នៅពេលដែលបេះដូង មិនអាចទប់តម្រូវការរបស់រាងកាយ និងបណ្តាលអោយឈាមធ្លាយ ត្រឡប់ចូលទៅក្នុងសួត។ សូមសាកសួរគ្រូពេទ្យរបស់អ្នក ដើម្បីពិនិត្យមើលពីហេតុផលដែលបណ្តាលឲ្យអ្នកក្អកអោយបានច្បាស់លាស់។ 

១០. ប្រអប់ជើង, កជើង, ឬជើង ហើម

នេះអាចជាសញ្ញាបង្ហាញថា បេះដូងរបស់អ្នក មិនអាចធ្វើចលនាឈាមបានប្រក្រតីនោះទេ។ នៅពេលដែលបេះដូង មិនអាចធ្វើចលនាឈាមបានគ្រប់គ្រាន់, ឈាមនឹងឡើងចូលក្នុងសរសៃឈាមវិញ និងបណ្តាលអោយហើម។ បញ្ហាខ្សោយបេះដូង អាចធ្វើអោយតម្រងនោមកាន់តែពិបាក ទាញយកជាតិទឹក និងសូដ្យូមពីរាងកាយដែលនាំអោយមានអាការៈហើមដូចគ្នា។

១១. ចង្វាក់បេះដូងមិនប្រក្រតី

វាជារឿងធម្មតា ដែលបេះដូងរបស់អ្នកលោតញាប់ នៅពេលដែលអ្នក ភ័យ ឬរំភើប ក្នុងពេលណាមួយនោះ។ ប៉ុន្តែប្រសិនបើអ្នក មានអារម្មណ៍ថា បេះដូងរបស់អ្នកដូចជាត្រូវបានលោតស្ទើរតែចេញមកក្រៅ ពី២-៣វិនាទីឡើងទៅ, ឬប្រសិនបើវាកើតឡើងញឹកញាប់ អ្នកត្រូវប្រញ៉ាប់ប្រាប់គ្រូពេទ្យរបស់អ្នកជាបន្ទាន់។ នៅក្នុងករណីជាច្រើន, វាក៏អាចបង្កឡើង ពីការញ៉ាំកាហ្វេច្រើនពេក ឬការគេងមិនគ្រប់គ្រាន់។ ប៉ុន្តែម្តងម្កាល វាក៏អាចជាសញ្ញា ជំងឺមួយហៅថា ជំងឺ atrial fibrillation ដែលត្រូវការព្យាបាល។ ដូច្នេះសូមសាកសួរគ្រូពេទ្យរបស់អ្នក ដើម្បីពិនិត្យមើលអោយកាន់តែច្បាស់៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រោគសញ្ញាទាំង ១១ នៃជំងឺបេះដូង ដែលអ្នកត្រូវតែដឹង

រោគសញ្ញាទាំង ១១ នៃជំងឺបេះដូង ដែលអ្នកត្រូវតែដឹង

រោគសញ្ញាទាំង ១១ នៃជំងឺបេះដូង ដែលអ្នកត្រូវតែដឹង

រោគសញ្ញាទាំង ១១ នៃជំងឺបេះដូង ដែលអ្នកត្រូវតែដឹង

រោគសញ្ញាទាំង ១១ នៃជំងឺបេះដូង ដែលអ្នកត្រូវតែដឹង