ចិន​ ​វាយ​ប្រ​ហារ​ចំពោះ​ការ​បង្ក​ហេតុ​របស់​ អាមេរិក​ នៅ​សមុទ្រ​ចិន​ខា​ង​ត្បូង​

ក្រុងសិង្ហបុរីៈ ចិន កាលពីថ្ងៃអាទិត្យ បានជេរប្រទេចចំពោះ «រាល់ការបង្កហេតុ របស់អាមេរិក» នៅសមុទ្រចិនខាងត្បូងនិងបាននិយាយថា ខ្លួនមិនខ្លាចមាន «បញ្ហា» ជុំវិញជម្លោះទឹកដីរបស់ ខ្លួនជាមួយបណ្តារដ្ឋជិតខាងក្នុងតំបន់ទេ។

ចិន​ ​វាយ​ប្រ​ហារ​ចំពោះ​ការ​បង្ក​ហេតុ​របស់​ អាមេរិក​ នៅ​សមុទ្រ​ចិន​ខា​ង​ត្បូង​

(ពីឆ្វេង) លោក Nakatani លោក ខារធើរ និងលោកមីនគូ ចាប់ដៃក្នុងជំនួបត្រីភាគី ក្រៅសង្វៀន។ Afp

ឧត្តមនាវីឯកចិន លោកស៊ុន ជានគួ បានប្រាប់ជំនួបកំពូលសន្តិសុខមួយនៅសិង្ហបុរីថា៖ «បញ្ហាសមុទ្រចិនខាងត្បូង បានប្រែក្លាយជាក្តៅខ្លាំងពេក ដោយសារតែការបង្កហេតុរបស់ប្រទេសអាមេរិកនិងប្រទេសដទៃទៀតដើម្បីផលប្រយោជន៍អាត្មានិយមផ្ទាល់ខ្លួនរបស់ពួកគេ»។

លោក ស៊ុន ដែលបានសង្កត់ធ្ងន់ពីចេតនារបស់ចិនដើម្បីដំណោះស្រាយដោយសន្តិវិធីមួយ បាននិយាយដូច្នេះមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រី ការពារជាតិអាមេរិក លោកអាស្តុន ខារធើរ បានព្រមានថា ការសាងសង់របស់ចិនលើកូនកោះនៅសមុទ្រចិនខាងត្បូងមួយដែលហ្វីលីពីនបានទាមទារ នឹងញ៉ាំងឲ្យមាន «វិធានការជាច្រើន» ពីប្រទេសអាមេរិក និងប្រទេសជាច្រើនទៀត។

ក្នុងដំណើរទស្សនកិច្ចទៅម៉ុងហ្គោលីពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃើរី ក៏បានព្រមានក្រុងប៉េកាំង ប្រឆាំងនឹងការបង្កើតតំបន់អត្តសញ្ញាណកម្មការពារអាកាសមួយ លើតំបន់ទឹកដែលមានជម្លោះនេះដោយថ្លែងថា វានឹងក្លាយជាទង្វើបង្កហេតុមួយនិងទង្វើបង្កអស្ថិរភាពផងដែរ។

ចិន​ ​វាយ​ប្រ​ហារ​ចំពោះ​ការ​បង្ក​ហេតុ​របស់​ អាមេរិក​ នៅ​សមុទ្រ​ចិន​ខា​ង​ត្បូង​

ឧត្ដមនាវីឯក ស៊ុន ជានគួ ថ្លែងនៅឯជំនួបកំពូលសន្តិសុខនៅក្រុងសិង្ហបុរី កាលពីព្រឹកថ្ងៃអាទិត្យ។ Afp

វោហារស័ព្ទទាំងនេះ បានកើនឡើងនៅមុនការសម្រេចចិត្តមួយពីតុលាការ អាជ្ញាកណ្តាលអចិន្រៃ្តយ៍ក្នុងក្រុងឡាអេស្តីពី រឿងក្តីមួយ ដែលហ្វីលីពីនជាសម្ព័ន្ធមិត្តយូរអង្វែងនិងអតីតអនាគតរបស់អាមេរិក បានប្តឹងប្រឆាំងចិន ដែលបានគេចពីបណ្តឹងនេះ និងនិយាយថា ខ្លួននឹងមិនទទួលស្គាល់សាលក្រមណាមួយនោះឡើយ។

ក្នុងការយោងដល់ក្រុងវ៉ាស៊ីនតោន ឧត្តមនាវីឯករូបនេះបាននិយាយថា៖ «សេរីភាព នៃការធ្វើនាវាចរណ៍» ដែលល្បាតនៅ សមុទ្រចិនខាងត្បូងគឺជាការ បង្ហាញ «សាច់ដុំយោធា»មួយ ហើយចិន កំពុងត្រូវគេបង្ខំឲ្យ «ទទួលយកនិងផ្តល់កិត្តិយស» ដល់សាលក្រមរបស់សាលា ក្តីនោះ។នៅក្នុងសុន្ទរកថាដែលរៀបចំជាស្រេច លោកស៊ុន បាននិយាយថា៖ «ចិនជំទាស់ដាច់ខាត នឹងអាកប្បកិរិយាបែបនេះ។ យើងមិនបង្កើតបញ្ហាទេ ប៉ុន្តែយើងគ្មានខ្លាចបញ្ហានោះឡើយ»។

លោកខារធើរ បានចាកចេញពីសិង្ហបុរី នៅពេលលោកស៊ុនថ្លែងសុន្ទរកថា។

នៅក្នុងវេទិកាបើកចំហមួយលោកស៊ុន បាននិយាយយោងដល់សេចក្តីថ្លែងការណ៍របស់លោកខារធើរ កាលពីថ្ងៃសៅរ៍ថា ក្រងប៉េកាំងប្រថុយប្រថានការស្ថាបនា «មហាកំពែងនៃភាពឯកោ» ជាមួយការវាតទីយោធារបស់ខ្លួននៅក្នុងដែនទឹកដែលមានជម្លោះនោះ។

ឧត្តមនាវីឯកចិនរូបនោះ បាននិយាយថ្លែងជាការឆ្លើយតបនឹងសំណួរពីក្រុមប្រតិភូដទៃទៀតថា៖ «កាលពីអតីតកាល យើងមិនឯកោ។ បច្ចុប្បន្នយើងមិនឯកោ និងអនាគតក៏យើងមិនឯកោដែរ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍