ធ្វើ​ដូច​ម្ដេច​ទើប​អាច​​សង​បំណុល​(លុយ​)​គេ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ? ​

រឿង​ជំពាក់​បំណុល​ឬ​ជំពាក់​លុយ​នេះ​ក៏​អាច​ជា​បញ្ហា​ដែល​មនុស្ស​មួយ​ចំនួន​កំពុង​តែ​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​ ហើយ​ជួន​កាល​យើង​មិន​បាន​ទទួល​ការ​ណែនាំ​ពី​​របៀប​ដោះ​បំណុល​យ៉ាង​ត្រឹម​ត្រូវ​មួយ​ ដូច្នោះ​ហើយ​ខាង​ក្រោម​នេះ​ ជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​ផ្ដល់​ជា​គំនិត​សម្រាប់​អ្នក​ ក្នុង​ការ​ដោះ​ស្រាយ​សង​បំណុល​ទាំង​នោះ​ ៖ ​

1​ដឹង​ថា​ខ្លួន​ជំពាក់​អ្នក​ណា​ខ្លះ​ ហើយ​ចំនួន​ប៉ុន្មាន​ ៖

ជំហាន​ដំបូង​នៃ​ការ​ដោះ​បំណុល​ឲ្យ​មាន​ប្រសិទ្ធភាព​គឺ ត្រូវ​ដឹង​ថា​ ខ្លួន​យើង​ ជំពាក់​អ្នក​ណា​ខ្លះ​ ​មាន​ចំនួន​ប៉ុន្មាន​ ហើយ​មាន​ការ​ប្រាក់​ប៉ុន្មាន​ ។ រួច​សរសេរ​វា​ចុះ​ដាក់​ក្នុង​ក្រដាស​ ឬ សៀវភៅ​មួយ​ឲ្យ​បាន​ច្បាស់​លាស់​, អ្នក​អាច​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​ចាំបាច់​​​សរសេរ​វា​ ? វា​ចាំបាច់​ណាស់​ ពី​ព្រោះ​មនុស្ស​ដែល​ជំពាក់​លុយ​គេ​ ភាគ​ច្រើន​តែង​តែ​ខ្ជីខ្ជា​រឿង​លុយ​កាក់​ មិន​ដែល​កត់​ទុក​ចំណូល​ចំណាយ​អ្វី​នោះ​ទេ​ ហើយ​ការ​ដែល​សរសេរ​នេះ​ គឺ វា​បាន​បង្ហាញ​ចំនួន​យ៉ាង​ច្បាស់​អោយ​អ្នក​ដឹង​ និង​ ឈប់​គេច​វេស​​ពី​ការ​ពិត​ ។

សកម្មភាព​ ៖ ចូរ​ផ្អាក​អាន​អត្ថបទ​នេះ​ រួច​ងើប​ទៅ​រក​ក្រដាស​ប៊ិច​ មក​សរសេរ​នូវ​ចំនួន​ប្រាក់​ដែល​អ្នក​ជំពាក់​គេ​ ហើយ​មាន​ការ​ប្រាក់​ឬ​ទេ​ ។ សូម​អ្នក​កត់​ទាំង​អស់​ មិន​ថា​តិច​ឬ​ច្រើន​នោះ​ទេ​ ។

2មើល​ថា​មួយ​ណា​គ្រោះ​ថ្នាក់​ជាង​គេ​ ៖

ជំហាន​ទី​២​គឺ​អ្នក​ត្រូវ​មើល​ថា​ បំណុល​មួយ​ណា​ដែល​វា​ពិត​ជា​ប៉ះពាល់​ដល់​អ្នក​ជាង​គេ​ ដូច​ជា​ បំណុល​ដែល​ខ្ចី​លុយ​​ពី​ធនាគារ​ដែល​មាន​ការ​ប្រាក់​ខ្ពស់​ ឬ ខ្ចី​ពី​បង​ប្អូន​សាច់​ញាតិ​អ្នក​ ។ ចូរ​អ្នក​រៀប​តាម​លំដាប់​ថា​បំណុល​មួយ​ណា​ដែល​គ្រោះ​ថ្នាក់​ និង​ បន្ទាន់​ជាង​គេ​ ។

សកម្មភាព​ ៖ ដាក់​ផ្កាយ​ ឬ​ លេខ​តាម​លំដាប់​នៃ​ភាព​បន្ទាន់​នៃ​បំណុល​ទាំង​នោះ​

3រៀប​ចំ​ផែន​ការ​ដោះ​បំណុល​ទាំង​នោះ​ ៖

បន្ទាប់​ពី​បាន​ដឹង​ថា​អ្នក​ជំពាក់​អ្នក​ណា​ខ្លះ ហើយ​ចំនួន​ប៉ុន្មាន​ច្បាស់​ហើយ​នោះ​ ចូរ​អ្នក​រៀប​ចំ​ផែន​ការ​សង​លុយ​ទាំង​នោះ​ដល់​អ្នក​ដែល​បាន​អោយ​អ្នក​ខ្ចី​ តាម​គោលការណ៍​ សន្សំ​ ១០% សង​ ៣០% ចាយ​ ៦០% ។ អ្នក​ត្រូវ​បែក​ចែក​រាល់​ចំណូល​ដែល​អ្នក​មាន​ ជា​ ៣​ ចំណែក​ធំ​ៗ​ ៖
១០% សន្សំ​
៣០% សង​ម្ចាស់​បំណុល​
៦០% សម្រាប់​ចាយ​វាយ​ទូទៅ​
ឧទាហរណ៍​ ៖ អ្នក​មាន​ប្រាក់​ខែ ២៥០​ដុល្លារ​ អ្នក​ជំពាក់​លុយ​មិត្តភ័ក្ដិ​អ្នក​ចំនួន​ ២០០០​ដុល្លារ​ ដូច្នោះ​អ្នក​ត្រូវ​តែ​ចែក​​ប្រាក់​ខែ​អ្នក​ជា​ ៣​ ចំណែក​ធំ​ៗ​ ដោយ​ #១ ទុក​២៥​ដុល្លារ​សន្សំ​ដើម្បី​វិនិយោគ​ (១០%) #២ ដក​៧៥​ដុល្លារ​សម្រាប់​សង​មិត្តភ័ក្ដិ​របស់​អ្នក​ (៣០%) #៣ ចាយ​លុយ​ដែល​សល់​ពី​ធ្វើ​ចំណែក​ខាង​លើ​ ។

អ្នក​នឹង​សង​លុយ​២០០០ដុល្លារ​របស់​មិត្ត​អ្នក​អស់​ក្នុង​រយៈ​ពេល​២ឆ្នាំ​កន្លះ​ តែ​វា​អាច​កាន់​តែ​លឿន​បើ​សិន​ជា​អ្នក​យក​លុយ​សន្សំ​១០​%​របស់​អ្នក​ទៅ​វិនិយោគ​លើ​អ្វី​ម្យ៉ាង​ ដូច​ជា​ចង​ការ​ប្រាក់​,លេង​ទុងទីន,ទទួល​ការ​ប្រាក់​ពី​ធនាគារ ឬ អ្វី​ដែល​បង្កើត​ប្រាក់​ឲ្យ​​អ្នក​ ដែល​​ប្រាក់​បាន​ពី​​លុយ​សន្សំ​របស់​អ្នក​​នេះ អាច​ជួយ​អោយ​អ្នក​មាន​លទ្ធភាព​សង​បំណុល​កាន់​តែ​លឿន​​ ។

សកម្មភាព​៖ ចូរ​អ្នក​វិភាគ​លៃ​លក​នូវ​ប្រាក់​ចំណូល​ដែល​អ្នក​មាន​ រួច​បែក​ចែក​នូវ​កញ្ចប់​ថវិកា​តាម​គោលការណ៍ សន្សំ​ សង​ ចាយ ។ អ្នក​អាច​សន្សំ​លើស​ពី​ ១០​ភាគរយ​ អ្នក​ក៏​អាច​សង​លើស​ពី​ ៣០%​ដែរ​ វា​អាស្រ័យ​តាម​ដែល​លទ្ធភាព​អ្នក​ធ្វើ​បាន​ ហើយ​សមាមាត្រ​ដែល​គេ​និយម​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ​គឺ​ ១០% ៣០% ៦០% នេះ​ឯង​ ។

​អ្នក​អាច​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​ចាំបាច់​ចាយ​វាយ​តាម​គោលការណ៍​​នេះ​ ? អ្នក​អាច​ថា​ចាំ​សង​សរុប​នៅ​ពេល​ដែល​អ្នក​មាន​លុយ​ច្រើន​ សង​ម្តង​អោយ​អស់​​ មិន​ចាំ​បាច់​ធ្វើ​គោលការណ៍​​ខាង​លើ​ឡើយ​ ។ តើ​ពេល​ណា​ដែល​អ្នក​​មាន​លុយ​​ ? ​អាច​ថា​ថ្ងៃ​ស្អែក​ ឬ ថ្ងៃ​ខាន​ស្អែក ​អ្នក​ប្រាកដ​ជា​ហេង​ហើយ​​មាន​​លុយ​ដ៏​ច្រើន​ ​តែ​វា​ក៏​អាច​ថា​ស្អែក​១០០០​ដង​ ១០០០០ដង​​ដូច​គ្នា​ អ្នក​នឹង​មិន​ដឹង​ថា​មាន​រឿង​អ្វី​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ​នោះ​ទេ​ ។ ដូច្នោះ​ចូរ​អ្នក​រស់​នៅ​ជាមួយ​ពេល​បច្ចុប្បន្ន​ ហើយ​ចាប់​ផ្ដើម​បណ្ដុំ​ចិត្ត​សង​លុយ​ដោះ​បំណុល​ចាប់​ពី​ពេល​បច្ចុប្បន្ន​ឥឡូវ​នេះ​, ពេល​ដែល​អ្នក​ដោះ​បំណុល​រួច​អ្នក​នឹង​មាន​សេរីភាព​ខាង​ផ្លូវ​ចិត្ត​ រួច​ពេល​ដ៏​ខ្លី​ខាង​មុខ​ អ្នក​ប្រាកដ​ជា​ឈាន​ទៅ​រក​ភាព​មាន​បាន​ដូច​គេ​ផង​ដែរ​ ។

4រស់​នៅ​ស្មើ​ឋានៈ ៖ ​​

បន្ទាប់​ពី​បាន​អាន​ទី​៣​ខាង​លើ​មក​ អ្នក​អាច​ជា​ថា​វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់​ធ្វើ​តាម​ផែន​ការ​នេះ​ណាស់​ព្រោះ​មក​ពី​ប្រាក់​អ្នក​មិន​គ្រប់​ហ្នឹង​ហើយ​បាន​ជា​ខ្ចី​លុយ​គេ​មក​ប្រើ​ប្រាស់​ តែ​វា​អាច​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ​ បើ​សិន​អ្នក​មាន​ចំណូល​ប្រចាំ​ខែ​ទៀង​ទាត់​នោះ​ ។ អ្នក​ត្រូវ​ដឹង​ថា អ្វី​ជា​របស់​ចាំបាច់​ និង​ អ្វី​ជា​របស់​ដែល​អ្នក​ចង់​បាន​ ?

ឧទាហរណ៍​ ៖ អ្នក​បែក​ចែក​ចំណាយ​តាម​គោលការណ៍​​ខាង​លើ​ ដូចនោះ​អ្នក​សល់​ ៦០​% = ១៥០​ដុល្លារ ចូរ​ចាយ​វាយ​លើ​អ្វី​ដែល​ចាំបាច់​ប៉ុណ្ណោះ​​ដូច​ជា​ បាយ​ម្ហូប​ សាំង​ ជា​ដើម​ ។ ចូរ​កុំ​ចាយ​វាយ​លុយ​តាម​អារម្មណ៍​ កុំ​មាន​លុយ​១០​ដុល្លារ​ហើយ​ចាយ​ទាំង​១០ដុល្លារ​​ ឬ លើស​ពី​១០ដុល្លារ​ទៅ​ទៀត​ វា​ជា​ទម្លាប់​អាក្រក់​ដែល​នឹង​ធ្វើ​អោយ​អ្នក​មិន​អាច​គេច​ពី​ភាព​ក្រី​ក្រ​បាន​នោះ​ឡើង​​ សូម​អ្នក​ព្យាយាម​រស់​នៅ​អោយ​ស្មើ​ឋានៈ​ ឬ ក្រោម​ឋានៈ​មួយ​រយៈ​សិន​ ដើម្បី​សង​លុយ​គេ​អោយ​អស់​ បន្ទាប់​ពី​សង​គេ​រួច​អ្នក​ប្រាកដ​អាច​ឈាន​ជើង​ចូល​វណ្ណៈ​អ្នក​មាន​ ។

សកម្មភាព​៖ ពិនិត្យ​មើល​របស់​របរ​ដែល​អ្នក​ទិញ​នោះ​ វា​ជា​របស់​ដែល​អ្នក​ពិត​ជា​ចាំបាច់​មែន​ឬ ? ឬ ក៏​គ្រាន់​តែ​ជា​របស់​ដែល​អ្នក​ចង់​បាន​តែ​ប៉ុណ្ណោះ​ ?
​​

5​បន្ថែម​សមត្ថភាព​រក​ចំណូល​ ៖

ជំហាន​ទាំង​៤​ខាង​លើ​ ជា​មូលដ្ឋាន​គ្រឹះ​ដល់​អ្នក​ សម្រាប់​ដោះ​បំណុល​ ហើយ​ជំហាន​ទី​៥​នេះ​ ជា​ជណ្ដើរ​យន្ត​ជួយ​ឲ្យ​អ្នក​ដោះ​បំណុល​កាន់​តែ​លឿន​ទ្វេ​ដង​ ។ សន្សំ​តែ​ម្យ៉ាង​មិន​គ្រប់​នោះ​ទេ​ ចូរ​អ្នក​បង្កើន​ប្រភព​ចំណូល​ផ្សេង​ទៀត​ឲ្យ​បាន​ ។ អ្នក​អាច​រក​ការងារ​ក្រៅ​ម៉ោង​ ឬ មាន​ការ​លក់​ឥវ៉ាន់​ខ្លះ​បន្ថែម​ពី​ម៉ោង​ដែល​អ្នក​ធ្វើ​ការ​ឬ​រកស៊ី​ … បើ​ទោះ​បី​វា​មិន​បាន​ច្រើន​មែន​ តែ​វា​ពិត​ជា​អ្នក​ជួយ​អ្នក​បាន​ច្រើន​ខ្លាំង​ណាស់​ ។ ​

សកម្មភាព​៖ អ្នក​អាច​ស្វែង​រក​ការងារ​ក្រៅ​ម៉ោង​ ឬ រៀន​វិនិយោគ​ផ្សេង​ៗ​ដើម្បី​រក​ប្រាក់​ ឬ អ្នក​អាច​លក់​ឥវ៉ាន់​តាម​ផ្សារ​អនឡាយ​ដូច​ជា​ ជា​ដើម​ ។

6បន្ថែម​ ៖

​ជំពាក់​លុយ​គេ​ គ្មាន​អ្វី​អាក្រក់​នោះ​ទេ​ ឲ្យ​តែ​អ្នក​​ប្ដេជ្ញា​នឹង​សង​គេ​ជា​បន្ត​បន្ទាប់​ឲ្យ​អស់​នោះ​ ។ វា​អាច​យូរ​មែន​ តែ​វា​ប្រសើរ​ជាង​មិន​មាន​ទំនួល​ខុស​ត្រូវ​ ជំពាក់​លុយ​គេ​ហើយ​មិន​សង​នោះ​ ហើយ​រស់​នៅ​ទាំង​មិន​មាន​សេរីភាព​ខាង​ផ្លូវ​ចិត្ត​ ។ ពេល​ដែល​អ្នក​ចាប់​ផ្ដើម​សង​បំណុល​គេ​ ហើយ​ចាប់​ផ្ដើម​សន្សំ​ពេល​ជាមួយ​គ្នា​នោះ អ្នក​នឹង​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​នឹង​ខ្លួន​ឯង​ ដែល​ឃើញ​បំណុល​កាន់​តែ​ថយ​ ហើយ​លុយ​ក្នុង​កាបូប​កាន់​តែ​រីក​ប៉ោង​ មិន​យូរ​នោះ​ទេ​ក្រោយ​ពេល​ដោះ​បំណុល​រួច​អ្នក​នឹង​មាន​សេរីភាព​ក្នុង​ចិត្ត​១០០%​ ហើយ​នឹង​ក្លាយ​ជា​អ្នក​មាន​មួយ​រូប​ដ៏​អស្ចារ្យ​ផង​ដែរ​ ។
លើស​ពី​នេះ​អ្នក​ក៏​អាច​អាន​សៀវភៅ​ដែល​ពង្រីក​ចំណេះ​ដឹង​ខាង​លុយ​កាក់​បន្ថែម​ដើម្បី​បង្កើន​ភាព​វៃ​ឆ្លាត​ខាង​ហិរញ្ញវត្ថុ​នេះ​ផង​ដែរ​ ។

អាន​អត្ថបទ ៖

ចាំបាច់​ = របស់​ខ្វះ​មិន​បាន​
ចង់​បាន​ = អាច​ខ្វះ​ ឬ​ ជំនួស​បាន​
របស់​ជា​បំណុល​(អាក្រក់) = របស់​ដែល​ដក​លុយ​ពី​អ្នក​រហូត​
របស់​ជា​ទ្រព្យ​ = របស់​ដែល​បង្កើត​លុយ​ឲ្យ​អ្នក​រហូត​

សួរ​ខ្លួន​ឯង​ថា​ របស់​ដែល​អ្នក​រក​ទិញ​នោះ​ជា​ របស់​ចាំបាច់​ ឬ របស់​ចង់​បាន​ ? ជា​បំណុល ឬ ជា​ទ្រព្យ​ ?

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​​៖ &

  • ធ្វើ​ដូច​ម្ដេច​ទើប​អាច​​សង​បំណុល​(លុយ​)​គេ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ? ​已关闭评论
  • 27 views
  • Hide Sidebar
    A+
Publish on:2016/06/06  Category:វីដេអូ
Tags: