នាង២នាក់ខឹងណាស់ ប៉ូលិសផាក​ពិន័យ​ម៉ាង​វិក្កយបត្រ​

ខេត្តបាត់ដំបង ៖ ​បើ​គិត​ត្រិ​ម​ថ្ងៃ​ទី​០៦ ​​មិថុនា ​នេះ ជិត​មួ​យស​ប្ដា​ហ៍ហើយ​ ដែល​ប្រជា​ពលរ​ដ្ឋ​មួយ​​ចំនួន​នៅ​តែ​បន្ត​និយាយដើម​មន្ត្រី​ចរាចរ​ណ៍​​មិន​​ឈប់ ដោយសារ​តែ​មន្ត្រី​ច​ចរាចរ​ណ៍​​ប្រចាំ​គោលដៅ​មួយ​​កន្លែង បាន​ធ្វើ​ឱ្យ​​នារី​វ័យក្មេង​២​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ផាក​ពិន័យ​ចំនួន​២​លើក​ផ្ទូ​ន​ៗ ព្រោះតែ​ការ​ផាកពិន័យ​លើក​ទី​១ សមត្ថកិច្ច​មិន​ព្រម​ចេញ​វិ​ក័យ​ប​ត្រ​បង់ប្រាក់​ឱ្យ​​នាង ទើប​គោលដៅ​ទី​២ ចាប់​ផាកពិន័យ​ពួក​នាង​ម្ដងទៀត​ ក្នុង​បទលហុ​មិន​ពាក់​មួយ​សុវត្ថិភាព​ ។

បើ​តាម​ប្រជា​ពលរ​ដ្ឋ​​និយាយ​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៣១​ ឧសភា កន្លង​ទៅ​ មាន​នារី​វ័យក្មេង​២​នាក់​ ជិះ​ម៉ូតូ​មិន​ពាក់​មួយ​សុវត្ថិភាព​ទេ ហើយ​​ក៏​ត្រូវ​មន្ត្រី​ចរាចរ​ណ៍​​ប្រចាំ​គោលដៅ​ខាង​ត្បូងរង្វង់​មូល​ដៃ​ប្រាំបី ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ចាប់​ផាកពិន័យ​ក្នុង​ម្នាក់​១៥.០០០​រៀល តែ​មន្ត្រី​នោះ​ មិន​ព្រម​ចេញ​ប័ណ្ណ​ផាកពិន័យ​​តាម​ការ​ទាមទា​របស់​ពួក​នាង​ទេ ដោយ​និយាយ​ថា ដល់​ម៉ោង​​សម្រាក​​ហើយ ហើយ​ក៏​គ្មាន​សមត្ថកិច្ច​នៅ​តាម​គោលដៅ​ចាំ​ផាកពិន័យ​ទៀត​ដែរ​ ។

ពួក​នាង​​មិន​ប្រកែក​ទេ លុះ​ជិះ​ចេញ​ទៅ​ដល់​ខាង​មុខ​យោធភូមិ​ភាគ​ទី​៥ ស្រាប់តែ​ត្រូវ​មន្ត្រី​ចរាចរ​ណ៍​​មួយ​ក្រុម​ទៀត ​ចាប់​ផាកពិន័យ​ទាំង​២​នាក់​ អស់​៣​ម៉ឺន​រៀល​មួយ​តង់​ទៀត ធ្វើ​ឱ្យ​​ពួក​នាង​ឡាំប៉ា​តែ​ម្ដង ​។ នារី​វ័យ​ក្មេង​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ​ស៊ុត ប្រាថ្នា នៅ​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ​។

បើ​តាម​សម្តី​​របស់​នាង​ដែល​រៀបរាប់​ប្រាប់​សមត្ថកិច្ច​នៅ​គោលដៅ​ទី​២​​នេះ បាន​និយាយ​ថា ពួក​នាង​ត្រូវ​មន្ត្រី​ចរាចរ​ណ៍​​ប្រចាំ​គោល​ដៅ​ខាងត្បូង​រង្វង់​មូល​ដៃ​ប្រាំបី​ (​គោលដៅ​ទី​១) ផាកពិន័យ​៣​ម៉ឺន​រៀល ​ដោយសារ​ជិះ​ម៉ូតូ​មិន​ពាក់​មួយ​សុវត្ថិភាព​ទាំង​២​នាក់ តែ​មន្ត្រី​នោះ​ បង្គាប់​ឲ្យ​បង់​តែ​២​ម៉ឺន​រៀល ដោយ​មិន​ចាំបាច់​ចេញ​វិ​ក័យ​ប​ត្រ​​បង់ប្រាក់ ព្រោះ​ដល់​ម៉ោង​សំរាក​ហើយ​ ។ ប៉ុន្តែ​នាង​បាន​ទាម​ទារ ព្រោះ​ខ្លាច​សមត្ថកិច្ច​នៅ​កន្លែង​ផ្សេង​ចាប់​ផាក​ទៀត តែ​មន្ត្រី​រូប​នោះ​បញ្ជាក់​ថា សមត្ថកិច្ច​ដក​អស់ហើយ​ព្រោះ​ដល់​ម៉ោង​សំរាក ។ លុះ​ពេល​នាង​ជិះ​ឌុ​ប​គ្នា​ទៅ​លេង​ព្រ​លាន​យន្តហោះ​វាល​បែក​ចាន ទៅ​ដល់​ខាង​មុខ​យោធភូមិ​ភាគ​ទី​៥ ស្រាប់តែ​ត្រូវ​មន្ត្រី​ចរាចរណ៍​​មួយ​ក្រុម​ប្រចាំ​នៅ​ទីនោះ ចាប់​ផាកពិន័យ​អស់​៣​ម៉ឺន​រៀល​មួយ​តង់​ទៀត បើ​ទោះជា​ពួក​នាង​បញ្ជាក់​ប្រាប់​ថា បាន​បង់​មុន​នេះ​មួយ​សារ​ហើយ​ក្ដី ប៉ុ​ន្តែ​ការ​ផាកពិន័យ​លើក​ទី​២ សមត្ថកិច្ច​ចេញ​ប័ណ្ណ​បង់ប្រាក់​ស្របច្បាប់​ ។

ពួក​នាង​បាន​ហៅ​ទ​ង្វើ​របស់​មន្ត្រី​ចរាចរ​ណ៏​ប្រចាំ​គោលដៅ​ខាងត្បូង​រង្វង់​មូល​ដៃ​ប្រាំបី ដែល​ផាកពិន័យ​ពួក​នាង​អស់​២​ម៉ឺន​រៀល​ថា ជា​ទ​ង្វើ​បោកប្រាស​ពយ​ក​នាង​។ នាង​និយាយ​ថា នាង​ទ​ទូល​នូវ​កំហុស​ដែល​នាង​ប្រ​ព្រិ​ត្ត​ខុសច្បាប់ តែ​មន្ត្រី​ច​រារ​ច​ណ៏​ដែល​យក​លុយ​ពី​នាង​មិន​ព្រម​ចេញ​វិ​ក័យ​ប​ត្រ​បង់ប្រាក់​មក​ឲ្យ​នាង ក៏​ត្រូវ​ចេញ​មុខ​ទ​ទូល​កំហុស​នេះ​ដែរ ដែល​ធ្វើ​ឲ្យ​នាង​ត្រូវ​សមត្ថកិច្ច​ចាប់​ផាកពិន័យ​មួយ​ភ្លែត​សោះ​​២​លើក​ផ្ទូ​ន​ៗ ​។