មិន​ឈប់​ឲ្យ​ត្រួតពិនិត្យ តាម​ពិតជា​ចោរ​សោះ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​ទូរស័ព្ទ​ដៃ​២​នាក់​ក្នុង​ចំណោម​បក្សពួក​៤​នាក់​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​បាន​ធ្វើ​សកម្ម​ភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក iPhone5 មួយ​គ្រឿង​ពី​បុរស​ម្នាក់​នៅ​ម្តុំ​ផ្សារ​កាប់​គោ ហើយ​នាំ​គ្នា​ប្រុង​យក​ទៅ​បញ្ចាំ ចំណែក​២​នាក់​ទៀត​បាន​រត់​ចោល​ម៉ូតូ ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ខាង​មុខ​ហាង​ប​ញ្ជាំ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៨ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ក្នុង​ចំណោម​បក្សពួក​៤​នាក់​នោះ​មាន​ ១-​ឈ្មោះ នី ផា​និត្យ ហៅ រាជ អាយុ​១៧​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​២៧១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ និង ២-​ឈ្មោះ សាត ភា​រិ​ទ្ធ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​ផ្សារ​ប៉េសេ ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។ ចំណែក​ម៉ូតូ​ចំនួន​២​គ្រឿង​ដែល​ដកហូត​បាន ១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DJ-0062 និង​១​គ្រឿង​ទៀត​ម៉ាក ឡែ​ត Let’s ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-3861 ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ខណៈ​ពេល​ដែល​កម្លាំង​អន្តរាគមន៍​ខណ្ឌដូនពេញ​ធ្វើការ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​នោះ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​នៅ​តាម​ផ្លូវ​ហើយ​ក៏​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។ ពេល​នោះ​ពួក​គេ​ទាំង​៤​នាក់​ក៏​នាំ​គ្នា​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ពី​ការ​ហៅ​ឲ្យ​ឈប់​របស់​កម្លាំង​មាន​សមត្ថកិច្ច ហើយ​ក៏​ធ្វើការ​ដេញ​តាម​ចាប់​បាន​ពួក​គេ​២​នាក់ ចំណែកឯ​២​នាក់​ទៀត​ផ្តួល​ម៉ូតូ​រត់​គេ​ខ្លួន​បាត់​ស្រមោល ។ បន្ទាប់​ពី​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ធ្វើការ​សាកសួរ ទើប​បែកធ្លាយ​រឿង​ពួក​គេ​ទើបតែ​បាន​ធ្វើ​សកម្មភាព​ឆក់យ​កបាន​ទូរស័ព្ទ​ដៃ​ម៉ាក iPhone5 ពណ៌​ស ១​គ្រឿង​ពី​បុរស​ម្នាក់​ពី​ម្តុំ​ផ្សារ​កាប់​គោ ខណ្ឌចំការមន និង​ប្រុង​យក​មក​បញ្ចាំ​នៅ​ក្បែរ​កន្លែង​នោះ ក៏​ត្រូវ​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង ។

ក្រោយ​ពេល​នគរបាល​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​ទូរស័ព្ទ​ដៃ​ទាំង​២​នាក់​ធ្វើការ​សាកសួរ​ដឹង​រឿង​រួច​ហើយ​ក៏​បាន​បញ្ជូន​ខ្លួន​ពួក​គេ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខ​ណ្ដ​ចំការមន ដែល​ជា​កន្លែង​កើតហេតុ​ដើម្បី​ស្រាវជ្រាវ​រក​ជន​រង​គ្រោះ និង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕