ប៉ូលិស​ក្រុង​សំរោង​កោះ​ហៅ​សកម្មជន​៥​នាក់​ករណី​ប្ដឹង​មេ​ភូមិ​ថា​បំផ្លាញ​ស្លាក​សញ្ញា​បក្ស​ប្រឆាំង

ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ក្រុង​សំរោង បាន​កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​សំរោង និង​សង្កាត់​បន្សាយរាក់ ចំនួន ៥​រូប ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ពេញ​មួយ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មិថុនា ជុំវិញ​ករណី​ប្ដឹង​មេ​ភូមិ​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច ២​នាក់ ថា​បាន​ទៅ​ដក​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រឆាំង​កន្លង​មក។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ កំពុង​តាម​ឃ្លាំ​មើល​ការ​ហៅ​សកម្មជន​គណបក្ស​ប្រឆាំង​ទៅ​សាកសួរ​នោះ ខ្លាច​ក្រែង​មាន​ការ​គាប​សង្កត់ និង​គំរាម​កំហែង ជាដើម។

សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​ឧត្តរមានជ័យ ចង់​ឃើញ​មន្ត្រី​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ និង​យុត្តិធម៌ ជុំវិញ​ករណី​ដែល​មេ​ភូមិ​គាំទ្រ​គណបក្ស​កាន់​អំណាច ២​នាក់ បាន​ទៅ​ដក​បំផ្លាញ​ស្លាក​សញ្ញា​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​សង្កាត់​បន្សាយរាក់ អស់​ចំនួន ៣​ផ្ទាំង​នោះ។

ការ​ចង់​ឃើញ​យុត្តិធម៌​នេះ បាន​បង្ហាញ​ឲ្យ​ដឹង​បន្ទាប់​ពី​ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​បន្សាយរាក់ និង​នៅ​ក្រុង​សំរោង ចំនួន ៥​រូប​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​នេះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​សង្កាត់​បន្សាយរាក់ ម្នាក់​ក្នុង​ចំណោម​សកម្មជន​ចំនួន ៤​រូប​ផ្សេង​ទៀត គឺ​លោក ម៉ក់ វ៉ាន់វុទ្ធី។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មិថុនា ថា រូប​លោក និង​សកម្មជន ៤​នាក់​ទៀត ត្រូវ​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង​សំរោង កោះ​ហៅ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ជុំវិញ​បណ្ដឹង​ចោទ​ប្រកាន់​មេ​ភូមិ ២​នាក់ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​ផ្ទាំង​នោះ។ ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ រូប​លោក និង​សកម្មជន ៣​នាក់​ទៀត បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ជា​បន្តបន្ទាប់។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​បញ្ជាក់​ថា បន្ទាប់​ពី​ក្រុម​របស់​គាត់​ឆ្លើយ​បំភ្លឺ​ប្រាប់​ប៉ូលិស​ហើយ​នោះ គឺ​ពួក​គាត់​ចង់​ឃើញ​ប៉ូលិស​ចាត់ការ​សំណុំ​រឿង​នេះ​ឲ្យ​មាន​យុត្តិធម៌៖ «ខ្ញុំ​ចង់​ឲ្យ​មាន​ចំណាត់​ការ​៣ ()។ ទី​១ ឲ្យ​មេ​ភូមិ​ហ្នឹង​គាត់​យក​ស្លាក​មក​ដាំ​ឲ្យ​វិញ។ ទី​២ ស្លាក​ដែល​បាត់ គឺ​រក​មក​សង​វិញ​ដែរ»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​បន្សាយរាក់ និង​នៅ​ក្រុង​សំរោង ចំនួន ៤​នាក់​ឈ្មោះ ម៉ក់ វ៉ាន់វុទ្ធី ឈ្មោះ ធួក ធឿយ ឈ្មោះ ឆម អាង និង​ឈ្មោះ កាត គាន បាន​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មិថុនា។ ចំណែក​ឯ​សកម្មជន​ម្នាក់​ទៀត​ឈ្មោះ កាក នឿន មិន​បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ទេ ដោយសារ​តែ​ប៉ូលិស​ជូន​លិខិត​យឺត​ពេល បណ្ដាល​ឲ្យ​គាត់​ចេញ​ទៅ​ធ្វើ​ចម្ការ​បាត់។

គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​បន្សាយរាក់ បាន​ចោទ​ប្រកាន់​មេ​ភូមិ​អូរបាត់ដាវ ឈ្មោះ ភួង ភឿន និង​មេ​ភូមិ​ត្រពាំងត្រាវ ឈ្មោះ ម៉ោន គឹមយ៉ាន ថា​បាន​ទៅ​ដក​បំផ្លាញ​ស្លាក​សញ្ញា​ចំនួន ២​ផ្ទាំង។ ចំណែក ១​ផ្ទាំង​ផ្សេង​ទៀត បាន​បាត់​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា កន្លង​ទៅ។

អធិការ​នគរបាល​ក្រុង​សំរោង លោក ស៊ុន សាន មាន​ប្រសាសន៍​ថា កម្លាំង​របស់​លោក​បាន​កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥​រូប​ទៅ​សាកសួរ​ជុំវិញ​បណ្ដឹង​ដែល​ចោទ​ប្រកាន់​មេ​ភូមិ​ទាំង​ពីរ​នេះ ដើម្បី​ជា​ការ​ចាប់​ផ្ដើម​ស៊ើប​អង្កេត៖ «រឿង​ដក​ស្លាក​ដក​អី​ហ្នឹង ខ្ញុំ​សួរ​ពួក​គាត់​ហើយ នឹង​ហៅ​អ្នក​ចុង​បណ្ដឹង​មក​សាកសួរ​ម្ដង»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​ប៉ូលិស​ជុំវិញ​រឿង​នេះ ហើយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​តែ​បន្ត​ឃ្លាំ​មើល​ខ្លាច​ក្រែង​មាន​ការ​គាប​សង្កត់ ឬ​ក៏​គំរាម​កំហែង​ទៅ​លើ​សកម្មជន​នៃ​គណបក្ស​ប្រឆាំង​ដោយ​ប្រការ​ណា​មួយ។

ចំណែក​នៅ​ឯ​ខេត្ត​សៀមរាប វិញ នៅ​ថ្ងៃ​ច័ន្ទ ដដែល គឺ​ប៉ូលិស​ឃុំ​ចាន់ស នៃ​ស្រុក​សូទ្រនិគម បាន​ឃាត់​ខ្លួន​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ឈ្មោះ វួន វ៉យ នៅ​ពេល​ដែល​សកម្មជន​រូប​នោះ​កាន់​ក្រដាស​ដើរ​ផ្ដិត​មេដៃ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ដើម្បី​ធ្វើ​ញត្តិ​បញ្ជូន​ទៅ​ថ្នាក់​ជាតិ។ ប៉ូលិស​បាន​សាកសួរ​សកម្មជន​នៃ​គណបក្ស​ប្រឆាំង​រូប​នោះ​រយៈពេល​ខ្លី ហើយ​បាន​ដោះ​លែង​វិញ​បន្ទាប់​ពី​បាន​ដក​ហូត​យក​ក្រដាស​ស្នាម​មេដៃ​ទាំងអស់​រួច​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។