ជនសង្ស័យ​ម្នាក់​ ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន ​ករណី​លួច​កុំព្យូទ័រ​

ជនសង្ស័យ​ម្នាក់​ ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន ​ករណី​លួច​កុំព្យូទ័រ​



បន្ទាយមានជ័យ​ ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​ធ្វើការ​ឃាត់ខ្លួន​​ ​​​ករណី​លួច​យក​កុំព្យូទ័រ​របស់​គេ​យក​ទៅ​លក់​នៅ​វេលា​វេលា​ម៉ោង​៣​ល្ងាច​ថ្ងៃ​ទី​៥ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ ​នៅ​ក្នុង​ចំណុច​ផ្លូវ​ដើម​ពុទ្រា ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ឯក ម៉ែន ​ភិរម្យ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មាន ឈ្មោះ​ ហ៊​ង​ រ៉ាវី ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ ​រស់នៅ​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

លោក ​ម៉ែន​ ភិរម្យ​ បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ ​ជនរងគ្រោះ​បាន​យក​កុំព្យូទ័រ​ ម៉ាក​ ASUS ពណ៌​ខ្មៅ ​ទុក​លើ​តុ​ក្នុង​ផ្ទះ​ ហើយ​បាន​ដើរ​ទៅ​ក្រោយ​បាត់​១០​នាទី។ បន្ទាប់​មក​ត្រឡប់​មកវិញ​ ស្រាប់តែ​បាត់​កុំព្យូទ័រ​នៅ​លើ​តុ​ ពេលនោះ​ជនរងគ្រោះ​បាន​ចេញ​មក​មុខ​ដើរមក​សួរ​អ្នក​រត់​ម៉ូតូឌុប​នៅ​ជិត​នោះ។ ពេលនោះ​អ្នក​ម៉ូតូ​ឌុប​បាន​និយាយ​ថា​ មុន​នេះ​បន្តិច​បានឃើញ​មនុស្ស​ដើរចូល​ក្នុងផ្ទះ​ ហើយ​បាន​កាន់​កុំព្យូទ័រ​ដើរចេញ​សំដៅ​ទៅ​កាស៊ីណូ​ផ្កាយ​៥។ ឮដូច្នេះ​ជនរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​តាម​ដល់​កាស៊ីណូ​ផ្កា​យ​៥ ​ដល់​ចំណុច​ហាង​លក់​ទូរស័ព្ទ​ ​​ស្រាប់​តែ​​ឃើញ​ជនសង្ស័យ​ឈរ​កាន់​កុំព្យូទ័រ​ក្នុង​គោល​បំណង​លក់​ឲ្យ​ម្ចាស់​ហាង ហើយ​​ជនរងគ្រោះ​ក៏​បាន​ស្រែក​ថា​ ចោរ​ៗ ​ស្រប​ពេល​នោះ​​​ប្រជាពលរដ្ឋ​នៅ​ទីនោះ ក៏​បាន​នាំ​គ្នា​ចាប់ចោរ​នោះ​វាយ​ឡើង​ទន់​ខ្លួន​ ​រួច​ចាប់​យក​ទៅ​ឲ្យ​អាវុធហត្ថ​តែម្តង​។

លោក ​ម៉ែន ​ភិរម្យ ​បាន​បញ្ជាក់​ទៀត​ថា ​ជនសង្ស័យ​មាន ឈ្មោះ ​ឯម ​ផ្លា រស់​នៅ​ក្នុង​បន្ទប់​ជួល ក្នុង​ភូ​មិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ នៅ​មុខ​អាវុធហត្ថ​ជន​សង្ស័​យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​លួច​កុំព្យូទ័រ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ​ដោយសារតែ​ខ្លួន​អត់​លុយ​ចាយ​ខ្លាំង​។​

បច្ចុប្បន្ន ​ជនសង្ស័យ ​ត្រូវ​បាន​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់​ការ​ទៅតាម​នីតិ​វិធី​ច្បា​ប់​៕​