ទីបំផុត រ៉េត ស៊ូ​ហ្សា​ណា ច្រៀង​បទ​ខ្មែរ​តាម​ការសន្យា​

ទីបំផុត រ៉េត ស៊ូ​ហ្សា​ណា ច្រៀង​បទ​ខ្មែរ​តាម​ការសន្យា​



ភ្នំពេញ​ ៖​ ដូច​ជា​ការសន្យា​កាលពី​រាត្រី​សប្ដាហ៍​ថ្ងៃអាទិត្យ ទី​០៥ ខែ​មិថុនា ឆ្នាំ​២០១៦​កន្លង​មក​នេះ​បេក្ខនារី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស, The Voice Cambodia រដូវ​កាល​ទី​២​ កញ្ញា រ៉េត ស៊ូ​ហ្សា​ណា បាន​ច្រៀង​ចម្រៀង​បទ​ខ្មែរ​តាម​ការសន្យា និង​ការ​ស្នើ​ពី​សំណាក់​ទស្សនិកជន​អ្នកគាំទ្រ​ពិតមែន​ ពោល​គឺ​នាង​មិនបាន​ធ្វើ​ឲ្យ​មហាជន​អស់សង្ឃឹម​ឡើយ។

ចំពោះ​បទ​ចម្រៀង​ ដែល​បេក្ខនារី​កញ្ញា​រ៉េត ស៊ូ​ហ្សា​ណា ជ្រើសរើស​មក​ច្រៀង​កាលពី​រាត្រី​យប់មិញ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​The Voice Cambodia​នៅ​វគ្គ Live Show សប្តាហ៍​ទី​៤​នេះ ​គឺ​បទ​«នៅ​ទីនេះ​កំពុង​មាន​មនុស្ស​ខូចចិត្ត » ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​ផ្ទាល់ ​ក៏ដូចជា​នៅ​តាម​គេហដ្ឋាន​មានការ​គាំទ្រ​ និង​ពេញ​ចិត្ត​ លើ​ការសន្យា​របស់​នាង​ថា​ នឹង​ជ្រើស​យក​បទ​ខ្មែរ​មក​ច្រៀង​នោះ។

ការសម្រេចចិត្ត​ជ្រើសរើស​យក​បទ​ខ្មែរ​មក​ច្រៀង​ពី​សំណាក់​បេក្ខនារី​កម្មវិធី​The Voice Cambodia​កញ្ញា​រ៉េត ស៊ូ​ហ្សា​ណា​នេះ​ គឺ​ធ្វើឡើង​ក្រោយ​ពី​មានការ​រិះគន់​ជាច្រើន​ បាន​បាញ់​ចាក់​ស្រោច​លើ​នាង​ ខណៈ​កន្លងមក​ទស្សនិកជន​អ្នកគាំទ្រ​ពុំ​ធ្លាប់​​​ឃើញ​បេក្ខនារី​រូបនេះ ​បញ្ចេញ​សមត្ថភាព​ច្រៀង​បទ​ខ្មែរ​ឡើយ​ ពោល​គឺ​ចាប់​តាំងពី​វគ្គ Blind Audition នោះ​មក។

យ៉ាងណាមិញ​អ្វី​ដែល​ប្លែក​ជាង​សប្តាហ៍​មុនៗ​នេះ​គឺ​នៅ​វគ្គ Live Show សប្តាហ៍​ទី​៤ បេ​ក្ខ​នារី​វ័យ​១៧​ឆ្នាំ​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា បាន​លើក​យក​បទ «នៅទីនេះ​កំពុង​មាន​មនុស្ស​ខូចចិត្ត» មក​ច្រៀង​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​កាន់​តែខ្លាំង​ពី​មហាជន​ ស្រប​ពេល​កន្លងមក ​តែង​មាន​ការរិះគន់​ខ្លាំង​លើ​បេ​ក្ខ​នារី​រូបនេះ​ ដែល​តែង​ជ្រើស​យក​បទ​បរទេស​មក​ច្រៀង​រហូត​មាន​អ្នកខ្លះ​លើក​ឡើងថា រ៉េត ស៊ូ​ហ្សា​ណា ប្រហែល​គ្មាន​សមត្ថភាព​ច្រៀង​បទ​ខ្មែរ​ទេ​មើលទៅ ​ទើប​នាង​ជ្រើស​យក​តែ​បទ​បរទេស​មក​ច្រៀង​ដូច្នេះ​។ ប៉ុន្តែ​ក្រោយពី​បាន​ស្តាប់​សំនៀង​របស់​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា បកស្រាយបទ​ខ្មែរ​កាលពី​យប់មិញ​ ហើយ​ ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​ភ្លឺ​ភ្នែក ​និង​លើក​សរសើរ​ស្ទើរ​គ្រប់គ្នា​ថា នាង​ធ្វើ​បាន​ល្អ​មិន​ចាញ់​បទ​បរទេស​ប៉ុន្មាន​ឡើយ​។

បេ​ក្ខ​នារី​អាយុ​១៧​ឆ្នាំ​មកពី​ទីក្រុង​ភ្នំពេញ​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ត្រូវ​បាន​ទស្សនិកជន​និយម​តាមដាន ​និង​គាំទ្រ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ខាងលើ ​កត់សម្គាល់​ឃើញ​ថា ​បន្ទាប់ពី​ឆ្លង​ផុត​ការ​ជម្រុះ​វគ្គ​ដំបូង ​រហូត​មកទល់​ពេលនេះ ​នាង​ហាក់​កាន់តែ​កំពុង​មាន​ព្រៀប​ខ្លាំង​លើ​​គួរ​ប្រកួតប្រជែង​មិនធម្មតា​ទេ​។ ប៉ុន្តែ​ទន្ទឹមគ្នា​នេះ​ដែរ​ ក៏​មាន​ការរិះគន់​ច្រើន​ផង​ដែរ​លើ​បេ​ក្ខ​នារី រ៉េត ស៊ូ​ហ្សា​ណា ខណៈ​ដែល​កន្លងមក​នា​ង​តែង​ជ្រើស​យក​បទ​បរទេស​មក​ច្រៀង​នោះ៕

ទីបំផុត រ៉េត ស៊ូ​ហ្សា​ណា ច្រៀង​បទ​ខ្មែរ​តាម​ការសន្យា​

ទីបំផុត រ៉េត ស៊ូ​ហ្សា​ណា ច្រៀង​បទ​ខ្មែរ​តាម​ការសន្យា​