ចិន​ សន្យា​នឹង​ជំនួយ​អភិវឌ្ឍន៍​កម្ពុជា លើ​គ្រប់​វិស័យ ​ទាំង​ក្របខណ្ឌ​អាស៊ាន​ និង​ក្របខណ្ឌ​ឡាន​ឆាង​មេគង្គ​

ចិន​ សន្យា​នឹង​ជំនួយ​អភិវឌ្ឍន៍​កម្ពុជា លើ​គ្រប់​វិស័យ ​ទាំង​ក្របខណ្ឌ​អាស៊ាន​ និង​ក្របខណ្ឌ​ឡាន​ឆាង​មេគង្គ​



ភ្នំពេញ​ ៖ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ​លោក លូ ស៊ី​មិញ (Liu Zhen min) អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ព្រឹក​ថ្ងៃទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៦ ​នៅ​វិមាន​សន្តិភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ភាគី​ចិន​បាន​សន្យា​នឹង​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​កម្ពុជា លើ​គ្រប់​វិស័យ​មិន​សម្រាប់​តែ​ទ្វេភាគី​កម្ពុជា​-​ចិន​ទេ គឺ​ទាំង​ក្នុង​ក្របខណ្ឌ​អាស៊ាន ​និង​ក្របខណ្ឌ​ឡាន​ឆាង​មេគង្គ​ផង​ដែរ​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា ​នៅក្នុង​នោះ​ យើង​ក៏បាន​ពិភាក្សា​គ្នា​ផង​ដែរ​លើ​ការ​បណ្ដាក់ទុន​វិនិយោគ​ចិន​នៅ​កម្ពុជា លើ​ថាមពល​វារីអគ្គិសនី​ ដែល​មាន​ចំនួន​៦​ហើយ​​បាន​ដាក់​ឲ្យ​ដំណើរការ និង​មួយ​ចំនួន​ទៀត​កំពុងតែ​សាងសង់ និង​ពិភាក្សា​សម្ពន្ធភាព​ទន្លេ​ឡាន​ឆាង​ចិន​(​ទន្លេ​មេគង្គ​ខាងលើ​)​ និង​ទន្លេ​មេគង្គ​ក្រោម ​ដែល​មាន​ប្រទេស​ចំនួន​៥ ​រួម​ទាំង​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បន្ត​ទៀត​ថា​ ចិន​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ លើ​ពិភពលោក ចិន​មានការ​អភិវឌ្ឍ​រីកចម្រើន​ខ្លាំង​ណាស់​មិន​មាន​អ្វី​អាច​ទប់ស្កាត់​ចិន​បានទេ​ ​ហើយ​អ្នកណា​ក៏​ដឹង​ថា​ កម្ពុជា​គឺជា​មិត្ត​ស្និទ្ធស្នាល​របស់​ចិន។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា តើ​យើង​អាច​ទាត់ចោល​អ្នក​វិនិយោគ​ចិន​បានទេ​? ខណៈ​ដែល​ការ​វិនិយោគ​ចិន​នៅ​កម្ពុជា​តិច​ជាង​ការ​វិនិយោគ​ចិន​នៅ​ហ្វីលីពីន ឥណ្ឌូណេស៊ី សាំងហ្គាពួរ ​និង​ប្រទេស​ផ្សេងទៀត​។ ហេតុ​នេះ​ហើយ ​អ្វី​ដែល​ជា​ការ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន ​និង​ប្រទេសជាតិ ​កម្ពុជា​នឹង​ទទួលយក៕

ចិន​ សន្យា​នឹង​ជំនួយ​អភិវឌ្ឍន៍​កម្ពុជា លើ​គ្រប់​វិស័យ ​ទាំង​ក្របខណ្ឌ​អាស៊ាន​ និង​ក្របខណ្ឌ​ឡាន​ឆាង​មេគង្គ​