ACU សម្រេចមិនទទួលយកពាក្យបណ្តឹង របស់ស្រ្តី២នាក់ម្តាយកូន ដែលចោទប្រកាន់ លោក កឹម សុខា លើករណីឆបោក

(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចពិភាក្សា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានសម្រេចមិនចាត់ការ និងមិនទទួលយកពាក្យបណ្តឹងរបស់ស្រ្តី២នាក់ម្តាយកូន ដែលបានមកប្តឹងអង្គភាពប្រឆាំងអំពើពុករលួយ អំពីករណីឆបោក និងរំលោភសេចក្តីទុកចិត្តរបស់ លោក កឹម សុខា។

ACU សម្រេចមិនទទួលយកពាក្យបណ្តឹង របស់ស្រ្តី២នាក់ម្តាយកូន ដែលចោទប្រកាន់ លោក កឹម សុខា លើករណីឆបោក

ស្រ្តី២នាក់ខាងលើបានអះអាងថា ជាប្រពន្ធចុង និងម្តាយក្មេក (ចុង) របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ នៅព្រឹកនេះពួកគេ បានទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីផ្តល់ព័ត៌មានជូនលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក្នុងនាមជាដើមបណ្តឹង។ ស្រ្តី២នាក់ម្តាយ និងកូន (កូនស្រីអះអាងថា ជាប្រពន្ធចុងលោក កឹម សុខា) បានរៀបរាប់ប្រាប់ ACU ថា លោក កឹម សុខា បានលួងលោមពួកគាត់ ឱ្យលក់ផ្ទះសម្បែង ហើយយកលុយឱ្យគាត់ធ្វើការងារបក្សដោយសន្យាផ្តល់សំណងមកវិញឱ្យសមរម ប៉ុន្តែបន្ទាប់ពីលក់ ស្រ្តី២នាក់ខាងលើ អះអាងថា មិនបានទទួលសំណងអ្វីទេពីលោក កឹម សុខា។

ក្រោយពីស្តាប់ការរៀបរាប់របស់ស្ត្រីខាងលើ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានអះអាងថា ការលើកឡើងរបស់ស្រ្តី២នាក់ខាងលើ មិនមានពាក់ព័ន្ធទៅនឹងករណីពុករលួយទេ ប៉ុន្តែជាករណីព្រហ្មទណ្ឌផ្សេងដូចជា រំលោភលើសេចក្តីទុកចិត្ត និងបទល្មើសឆបោកជាដើម។ លោកទេសរដ្ឋមន្រ្តី បានលើកយកច្បាប់អង្គភាពប្រឆាំងអំពើពុករលួយ មកបញ្ជាក់ថា ច្បាប់ប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ មិនអាចចាប់ផ្តើមស៊ើបអង្កេត លើករណីដែលមិនពាក់ព័ន្ធនឹងអំពើពុករលួយបានទេ លុះត្រាតែមានការអនុញ្ញាតពីតុលាការជាមុនសិន។

សូមជំរាបថា អ្នកស្រី កែវ សុផាន់ណារី អាយុ៤៤ឆ្នាំ ដែលអះអាងថាជាប្រពន្ធចុងរបស់ លោក កឹម សុខា រហូតដល់មានកូន២នាក់ និងម្តាយរបស់គាត់ នាពេលកន្លងមក ធ្លាប់បានទៅទាមទារឱ្យ លោក កឹម សុខា ទទួលខុសត្រូវលើរូបគាត់រួចទៅហើយ កាលពីមុនការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត កាលពីឆ្នាំ២០១៣ ហើយថែមទៀតធ្លាប់ទទួលរងការប្រើអំពើហិង្សា ពីសំណាក់អង្គរក្សរបស់លោក កឹម សុខា ផងដែរ។ ប៉ុន្តែចំពោះករណីហិង្សានេះ ស្រ្តី២នាក់ម្តាយកូនបានដាក់ពាក្យបណ្តឹង ទៅតុលាការផងដែរ។

លោក ឱម យ៉ិនទៀង បានអះអាងថា ចំពោះរឿងនេះកាលពីឆ្នាំ២០១៤ តុលាការ បានចេញសេចក្តីសម្រេចមួយ លើកលែងការចោទប្រកាន់លើ លោក កឹម សុខា ក្រោមហេតុផលថា រកអ្នកប្រើហិង្សាលើអ្នកវ៉ៃស្រ្តី២នាក់ខាងលើមិនឃើញ៕

ប្រភពៈ freshnewsasia